ភាគទី81,82

136 9 0
                                    

រឿង : ចំណងបេះដូងមួយរាត្រី
ភាគទី81,82

មួយសប្ដាហ៍កន្លងផុត
ការចាកចេញទៅយ៉ាងស្ងប់ស្ងាត់របស់ម៉ាខេឡា វាមិនបានជួយអ្វីដល់នរណាម្នាក់នោះទេ ផ្ទុយទៅវិញមានតែធ្វើឲ្យអ្នកដែលជាបងប្រុសឯណោះឈឺក្បាល គិតច្រើនថែមរឿងរបស់ប្អូនមួយទៀត ពីក្រោយរឿងជាច្រើនដែលគេបានលាក់ទុកនៅក្នុងចិត្ត។
"ខេន!" រាងកាយខ្ពស់ដែលកំពុងតែឈរនៅក្នុងសំណាក់ហ័រ សំឡឹងមើលទៅខាងក្រៅទាំងជ្រឹមចិញ្ចើមខ្ពស់ ដូចជាចងរាល់បញ្ហាទុកនៅទីនោះទាំងអស់អ៊ីចឹង។ អឺឈីងឧទានហៅបុរសជាទីស្រឡាញ់ មុននឹងចូលឈរជិត កៀកនឹងខ្លួនប្រាណគេបំផុត ដើម្បីឲ្យគេបានដឹងពីវត្តមានរបស់នាងនៅទីនោះ។ ម្ចាស់ខ្លួនតូចងើយក្បាលសំឡឹងមើលទៅផ្ទៃមុខពេញដោយទុក្ខកង្វល់របស់ខេន រួចក៏លាដៃចូលទៅអោបក្រសោបកាយគេ មុននឹងគេអោបនាងត្រឡប់វិញ។
"បងមើលទៅដូចជាស្មុគស្មាញណាស់ខេន"
"ប៉ុន្មានថ្ងៃទៀត បងត្រូវត្រឡប់ទៅវិញ ទៅលើកនេះមិនដឹងថាពេលណាបងបានមកវិញនោះទេ ការប្រជុំនៅកកកុញច្រើនណាស់ បងក៏ត្រូវហោះហើរទៅប្រទេសដល់ទៅ4ទៀត ហ៊ើយ" ការរៀបរាប់ បកស្រាយប្រាប់អឺឈីង វាមិនបានជួយឲ្យគេបានធូរស្រាលចិត្តអីបន្តិចនោះទេ មានតែធ្វើឲ្យគេតឹងទ្រូងផ្អឹះ ថែមទាំងលួចខឹងខ្លួនឯងទៀតដែលគ្មានដំណោះស្រាយណាល្អជាងការបែកគ្នាជាមួយឈីងនេះ។
"បើមកមិនបាន បងក៏មិនចាំបាច់មក អូនយល់ពីបងច្បាស់ជាងនរណាៗទាំងអស់ខេន បងកុំបារម្ភ ព្រោះអូននឹងឧស្សាហ៍ឲ្យកូនខលទៅលេង" ឲ្យតែនិយាយដល់ការបែកគ្នា ខេនតែងតែមានសំនួរមួយជាប់ក្នុងខួរក្បាល សំនួរដែលគេដឹងថាបើគេសួរនាង នាងច្បាស់ជាមានអារម្មណ៍សោកសៅនឹងនឹកឃើញអតីតកាលដ៏ចុកចាប់ដែលម្ដាយគេបានផ្ដល់ឲ្យនាងកន្លងមក។
(បងពិតជាចង់ឲ្យអូននឹងកូនទៅវិញជាមួយបងណាស់)
"បងច្បាស់ជានឹកអូនស្លាប់មិនខានឈីង"
មួយប្រយោគគេអាចនិយាយចេញមកបាន ខណៈមួយប្រយោគទៀតបានត្រឹមតែដង្ហោយសួរនាងដោយប្រយោលនៅក្នុងទ្រូង មិនអាចហាមាត់និយាយចេញរួច ព្រោះគេបារម្ភពីអារម្មណ៍នាង ជាងអារម្មណ៍ខ្លួនឯង។
"អូនអរគុណបងណាស់ខេន អរគុណដែលបងតែងតែយល់ពីអូន ធ្វើតាមអូនគ្រប់យ៉ាងបែបនេះ" អឺឈីងឈ្លីក្បាលនឹងដើមទ្រូងរបស់ខេន ព្យាយាមទប់អារម្មណ៍កម្សួលទាំងអម្បាល់ម៉ាន ព្រោះមិនចង់ឲ្យគេដឹងថាការចាកចេញរបស់គេ វាប៉ះពាល់ដល់អារម្មណ៍នាងខ្លាំងណាស់។
"ចប់កិច្ចការពេលណា បងនឹងមកលេងអូននឹងកូនឲ្យបានឆាប់ជាទីបំផុត ហើយដល់ពេលនោះ..." ខេនកាត់ប្រយោគខ្លួនឯង ដោយដៃម្ខាងទម្លាក់ចុះតាមប្រឡោះករអាវរបស់អឺឈីង លួចច្បិចចាប់សាច់ទ្រូងនាងតិចៗនាំឲ្យអ្នកម្ខាងទៀតបម្រាស់នឹងទះដៃគេលាន់ផ្លាច់ ទាំងមុខក្រហមងាំង។
"បងធ្វើអីហ្នឹង? អូនខ្មាស.."
"មិនដឹងខ្មាសអីទេ ក្រៅពីសាច់ទ្រូង មានកន្លែងណាដែលបងមិនធ្លាប់ចាប់ពេញៗដៃបែបេនេះនោះ?"
"ចាស់ព្រើល"
"ព្រើលជាមួយតែស្រីក្មេងឈីងហ្នឹងអី"
ទោះបីជាការបែកគ្នាខិតជិតមកដល់ក្ដី ក៏ពួកគេទាំងពីរមិនបណ្ដោយឲ្យពេលវេលារំលងទៅទាំងមិនមានបន្សល់អនុស្សាវរីយ៍ល្អអ្វីជាមួយនឹងគ្នានោះដែរ។
-
រយៈពេលប៉ុន្មានថ្ងៃដែលសេសសល់នេះ ខេន,អឺឈីងនឹងជូអឺបានចំណាយពេលជាមួយគ្នាយ៉ាងច្រើន ពួកគេបានចេញទៅខាងក្រៅ ញ៊ាំស្រ្ទីតហ្វូតជាមួយគ្នា ជិះកន្ត្រកនឹងទៅលេងសួនកំសាន្តដែលជាកន្លែងដែលជូអឺរំអុកចង់មកជុំជាមួយនឹងប៉ាម៉ាក់រហូតមក។
បើសិនជានិយាយដល់ថាតើជូអឺនាងគិតយ៉ាងណាពីការបែកគ្នានៅប្រទេសផ្សេងគ្នាជាមួយឪពុក វាអាចនឹងស្ដាប់ទៅដូចជាគួរឲ្យភ្ញាក់ផ្អើលបន្តិច តែនាងក៏ធ្វើបានល្អបំផុត សម្រាប់ក្មេងអាយុតិចដូចជានាង។
-
"ប៉ា.."
"បាទព្រះនាងតូច" ខេនក៏ឆ្លើយតបភ្លាម គ្រាដែលអ្នកកំពុងតែជិះករហៅរកខ្លួនភ្លាម។ ជូអឺអោនមកអោបកាន់ប៉ះសក់លោកប៉ាតិចៗ មានទាំងលួចថើបថែមទៀត អឺឈីងឯណោះ ដើរក្បែរៗនឹងទប់កូន ព្រោះខ្លាចកូនធ្លាក់។
"ប៉ាទៅទីនោះថែខ្លួនផងណា៎ ទំនេរៗនឹកឃើញកូនហើយនឹងម៉ាក់ កុំភ្លេចពួកយើងណាប៉ាណា៎"
"ពុទ្ធោ! កូនប៉ានឹងម៉ាក់គួរឲ្យស្រឡាញ់ថ្នាក់ហ្នឹង តើឲ្យប៉ាបំភ្លេចបានយ៉ាងម៉េចទៅ?"
"កូនគ្រាន់តែខ្លាច.. ខ្លាចប៉ាទៅវិញ ប៉ាស្រាប់តែមើលឃើញគេផ្សេងពីម៉ាក់ ខ្លាចប៉ាមានកូនមួយទៀត ហើយភ្លេចកូននៅសៀងហៃនេះចោល ដូចជាកាលពី5ឆ្នាំមុន" មាត់នាងតូចហើបឡើងនិយាយពាក្យដែលគ្មានថ្ងៃក្លាយជាការពិត និយាយរួចក៏ពេបមាត់តិចៗ លើកខ្មងដៃជូតទឹកភ្នែកខ្លួនឯងយ៉ាងឆ្លាតជាទីបំផុត។ អឺឈីងឯណោះ ពេលបានលឺសំនួរកូន នាងក៏រលីងរលោងដូចគ្នា ព្រោះវាជារឿងមួយដែលនាងធ្លាប់លួចគិតម្ដងម្កាល ព្រោះគេជាមនុស្សខ្ពង់ខ្ពស់ មានងារដល់ទៅអ្នកការទូត មិនខ្វះទេមនុស្សស្រីដែលតម្រង់ជួរចូលមករកគេ តែនាងក៏តែងតែលែងគិតច្រើនវិញ ព្រោះនាងទុកចិត្តគេ ទុកចិត្តលើបេះដូងស្រស់ស្អាតរបស់គេនឹងទង្វើល្អដែលគេធ្វើចំពោះនាងកន្លងមក ប៉ុណ្ណឹងវាក៏អាចបញ្ជាក់បានហើយ ថាគេជាមនុស្សប្រុសល្អខ្លាំងកម្រិតណា៎។
"ប៉ាគ្មានថ្ងៃមើលនរណាម្នាក់ចូលភ្នែកក្រៅពីម៉ាក់កូន ហើយប៉ាក៏គ្មានថ្ងៃស្រឡាញ់ក្មេងណាច្រើនជាងជូអឺ, សំណព្វបេះដូងរបស់ប៉ាទេ"
"អូហ៍! ចុះបើសិនថ្ងៃណាមួយបងមានកូនម្នាក់ទៀត បងនឹងមិនស្រឡាញ់គេទេហ្អរ៎?"
"បើមាន ទាល់តែចេញពីពោះអូនដូចជាកូនជូ ទើបបងស្រឡាញ់" ខេនងាកបែរទៅអឺឈីង ទម្លាក់បបូរមាត់ថើបនាងតិចៗ ខណៈកូនតូចឯណោះរលាក់ខ្លួន ទះដៃផាច់ៗសប្បាយចិត្តជាខ្លាំង។ ការចួបជុំដ៏សែនមានន័យក្នុងមួយជីវិតរបស់ពួកគេទាំងបីនាក់។
...
1ខែកន្លងផុតទៀត!
ទីក្រុងឡុងដ៍/ ប្រទេសអង់គ្លេស
គេតែងនិយាយថាក្រោយភ្លៀងមេឃគង់តែស្រឡះ ខុសអីតែជីវិតខេន ស្រឡះមុនរួចក៏ស្រអាប់ក្រោយវិញ។ ការចាកចេញឆ្ងាយពីប្រពន្ធកូន រយៈពេលមួយខែនេះ វាយូរខ្លាំងដូចជា20ឆ្នាំនៃជីវិតរបស់គេអ៊ីចឹង ទោះបីជាគេនឹងកូនតែងតែនិយាយគ្នាតាមការខលអនឡាញមែនពិត តែវាមិនមានអារម្មណ៍ធូរស្រាលដូចជាបាននៅជិតរឺក៏អោបកូនដោយផ្ទាល់ដៃនោះទេ។
"ខឹសៗ" ដៃម្ខាងចុចវាយឯកសារ ខណៈដៃម្ខាងខ្ទប់បបូរមាត់ក្អកខឹសៗលាន់ខ្ទរពេញក្នុងវិមាន ជាហេតុនាំឲ្យស្ត្រីជាម្ដាយដែលនៅជាប់ដៃឯផ្ទះបាយឯណោះប្រញាប់ចេញមក មិនភ្លេចកាន់ទឹកត្រជាក់ៗមួយកែវមកឲ្យកូនផង។
"នេះកូន..ទឹក" លោកស្រីម័រហ្គេនពេលនេះកែប្រែច្រើនគួរសមដែរ ដោយគាត់មិនគិតពីខ្លួនឯង មិនសូវទៅណាឆ្ងាយ ពោលគឺនៅក្បែរនឹងមើលថែកូនប្រុសជាប់រហូត ទាំងដែលកូនប្រុសឯណេះគេមិនបានខ្វាយខ្វល់យកចិត្តទុកដាក់អីសូម្បីតែមួយចុងក្រចក។ ខេនទម្លាក់ដៃចុះមកនាំឲ្យលោកស្រីម័រហ្គេនញញឹម គិតថាទីបំផុតកូនក៏ផឹកទឹកខ្លួនយកមក តែក៏គិតខុស ព្រោះគេឈោងដៃហួសទៅយកតែចិនយកមកផឹកសោះ។ អ្នកជាម្ដាយខាំថ្គាម ព្យាយាមញញឹម រួចសំឡឹងមើលទៅកូនទាំងក្រសែភ្នែកថ្លាឈ្វង់។
"ខេន.. កូនគួរតែថែរក្សាសុខភាព កូនចេញប្រជុំច្រើន ដូច្នេះមិនអាចឲ្យខ្លួនឯងឈឺបានទេ ម៉ាក់បារម្ភពីកូនណាស់"
"អរគុណ" គាត់កាន់តែនិយាយរកកូន ចិត្តកាន់តែឈឺ ព្រោះកូនហាក់ដូចជាមិនសប្បាយចិត្តនឹងទទួលវត្តមានគាត់សោះ។
"ខេន.. កូនកុំសោះកក្រោះដាក់ម៉ាក់ពេកបានទេ? ម៉ាក់..ម៉ាក់ដឹងថាម៉ាក់មិនគប្បីជាមួយឯងនឹងអឺ..ឈីង"
ប្រោក!
វិនាទីបន្ទាប់ពីគាត់និយាយនោះ មាឌមាំទម្លាក់កុំព្យូទ័រលាន់ប្រោកលើភ្លៅ រួចងាកដៅក្រសែភ្នែកមើលទៅកាន់ម្ដាយជាលើកដំបូងតាំងពីមានរឿងថ្ងៃនោះមក។
"កុំយកមាត់របស់ម៉ាក់ទៅរំលឹកឈ្មោះរបស់នាង ព្រោះម៉ាក់គ្មានសិទ្ធិ"
"ខេន.."
"បើម៉ាក់ឈឺចាប់នឹងបារម្ភក៏លាក់ទុកក្នុងចិត្តតែឯងចុះ ឲ្យដូចកាលដែលម៉ាក់គម្រាមឈីងឲ្យលាក់ទុក្ខសោកតែឯងគ្រានោះ" ខេនគេនៅតែនឹកឃើញ អតីតកាលដែលម៉ាក់គេធ្វើបាបឈីង ឲ្យកូនចៅជំនិតដាក់ថ្នាំក្នុងអាហារនាង យកជូអឺមកគម្រាមដើម្បីបានធ្វើទង្វើមិនគប្បីជាច្រើនលើនាង តែអឺឈីងនាងមិនដែលតម្អូញរឺកីប្រាប់គេសោះ ពោលគឺនាងលាក់ទុកក្នុងទ្រូងតែម្នាក់ឯង ព្យាយាមសម្ដែងមានរស់នៅមានក្ដីសុខណាស់ ទាំងដែលការពិត នាងដូចជាធ្លាក់នរកទាំងរស់ នរកដែលស្ត្រីចិត្តមារម្នាក់នេះបានបង្កើតឡើងសម្រាប់តែនាង ដើម្បីបណ្ដេញនាងចេញពីជីវិតគេឲ្យបាត់ ស្ដាប់មើលទៅវាអាក្រក់នឹងពិបាកទទួលយកខ្លាំងណាស់។
"តែម៉ាក់..ម៉ាក់ធ្វើកាលនោះក៏ព្រោះតែម៉ាក់..ម៉ាក់ស្រឡាញ់នឹងបារម្ភពីកូន កូនក៏ដឹងថានាងជា..ជាក្មួយនរណា" លោកស្រីម័រហ្គេននៅតែបន្តប្រកាន់គោលជំហររឿងដែលថាគាត់មិនបានខុស គាត់ចាត់ការអឺឈីង ក៏ព្រោះតែនាងជាក្មួយរបស់ស៊ុងជី មនុស្សដែលប្ដីគាត់ស្រឡាញ់។ ខេនចងចិញ្ចើម រួចក្រោកចេញពីកន្លែងដែលខ្លួនកំពុងអង្គុយ ហាក់បីដូចជាទ្រាំស្ដាប់សម្ដីម្ដាយនិយាយលែងបាន។
"បារម្ភពីខ្ញុំ? បារម្ភពីខ្លួនឯងច្រើនជាងទេដឹងលោកស្រីម័រហ្គេន?" ម្ដងនេះ សព្វនាមកាន់តែឃ្លាតឆ្ងាយខ្លាំង សម្ដីស្ដាប់មើលទៅក៏ដូចជាបង្ហាញដល់លោកស្រីម័រហ្គេនថាកូនប្រុសគាត់ហាក់ដូចជាលែងមានចិត្តស្រឡាញ់នឹងគោរពគាត់ទៀតហើយ នេះគាត់ធ្វើខុសធ្ងន់ខ្លាំងណាស់មែនទេ?
"ខ្ញុំបានចួបអ្នកមីងស៊ុងជីហើយ រួចក៏បានដឹងដែរថាម៉ាក់ទៅធ្វើស្អីខ្លះដាក់ទំនាក់ទំនងរបស់ពួកគាត់" ខេនបន្តនិយាយវាទាំងទឹកមុខស្មើធេង ដែលវានាំឲ្យអ្នកជាម្ដាយឯណោះលេបទឹកមាត់ក្អឹកបែបពិបាកនឹងបរិយាយបំផុត។
"ម៉ាក់ដាក់ថ្នាំប៉ា ឲ្យប៉ាដេកជាមួយម៉ាក់ រួចពេលមានខ្ញុំ ម៉ាក់ក៏យកកំណើតរបស់ខ្ញុំទៅចងជើងប៉ា បង្ខិតបង្ខំឲ្យប៉ាចោលសង្សារគាត់មកយកម៉ាក់ មិនតែប៉ុណ្ណឹង.. ម៉ាក់នៅព្យាយាមយាយីជីវិតអ្នកមីងស៊ុងជីឲ្យគាត់ទ័លច្រក..."
"ទើបប៉ាបង្ខំចិត្តយកអាខេឡាមកចិញ្ចឹម ព្រោះគិតថាម៉ាក់កែ ហើយបើកូននៅក្បែរគាត់ នាងអាចនឹងមានសុវត្ថិភាពជាង តែនរណាទៅដឹង..ថាពស់ទោះជាដកធ្មេញ ក៏នៅតែអាចរឹតបានដដែលនោះ"
"ប្រុសខេន!"
ផ្លាច់!
ដោយសារតែទ្រាំនឹងសម្ដីកូននិយាយលែងបាន លោកស្រីម័រហ្គេនក៏លាដៃទះកំផ្លៀងកូនលាន់ផ្លាច់ តែពេលមានស្មារតីវិញ គាត់ក៏ប្រញាប់ចូលទៅរកខេន លូកកាន់ប៉ះថ្ពាល់កូនទាំងភ្នែករលីងរលោង ទ្រូងក៏អួលចុក។
"លោកស្រីមិនបានស្រឡាញ់ខ្ញុំទេ តាំងពីដើមមក លោកស្រីស្រឡាញ់តែខ្លួនឯង ស្រឡាញ់មុខតំណែង ហើយក៏ស្រឡាញ់ទ្រព្យសម្បត្តិ ជីវិតលោកស្រីមិនសមមាននរណាម្នាក់ដែលយល់ចិត្តទេ ព្រោះលោកស្រីជាស្ត្រីអាត្មានិយមណាស់"
ភឹស!
ខេនគ្រវាសដៃម្ដាយចេញ នាំឲ្យកងដៃគាត់បុកប៉ះនឹងតុលាន់ផឹស តែគេមិនបានខ្វល់ មិនងាកក្រោយអីបន្តិច ដោយគេដើរចេញទៅស្រូ បាត់ពីមុខម្ដាយតែម្ដង។ លោកស្រីម័រហ្គេនឯណោះ ឈឺចាប់ ដល់ថ្នាក់ទន់ខ្លួនទម្លាក់អង្គុយចុះរួចយំយ៉ាងស្ងៀមស្ងាត់តែម្នាក់ឯងនៅទីនោះ មួយជីវិតគាត់ គាត់មិនមាននរណានោះទេ សូម្បីតែប្ដីដែលគាត់ស្រឡាញ់ ព្រមធ្វើថោកទាបដើម្បីបានគេមកជាកម្មសិទ្ធ គាត់គ្រាន់តែរំពឹងថាចុងបញ្ចប់ យ៉ាងហោចណាស់ក៏គាត់នៅសល់ខេនម្នាក់ដែលនៅក្បែរគាត់ តែពេលនេះគាត់បាត់បង់អស់រលីង។
-
ក្រឡេកបែរមកមើលខេនឯណេះវិញ ក្រោយនាំខ្លួនចេញពីម្ដាយមក គេក៏ឡើងទៅសម្ងំនៅបន្ទប់ធ្វើការតែម្នាក់ឯង ដូចជាទម្លាប់ដែលគេតែងតែធ្វើកន្លងមក ពេលមានបញ្ហារឺនឹកប្រពន្ធកូនពេក គេក៏ទៅសម្ងំអង្គុយមើលរូបថតពួកគេ មើលវីដេអូអនុស្សាវរីយ៍ ត្បិតមិនចង់រំខានដល់នាងនឹងកូន ដែលកំពុងតែសម្ងំមើលថែរបួសដួងចិត្តខ្លួនឯងនៅឯចិនឯណោះ។
បាតដៃមាំ យារមេដៃប៉ះអង្អែលរូបថតអឺឈីងនឹងកូន ញញឹមស្របនឹងភ្នែករលីងរលោង សម្រក់ទឹកភ្នែកមួយតំណក់ចុះព្រោះនឹករលឹកនឹងចង់អោបពួកនាងខ្លាំងពេក។
"បងនឹកអូននឹងកូនយើងណាស់ឈីង.."
"បងចង់អោបអូននឹងកូនណាស់ អ្ហឹក" ទីបំផុតគេក៏យំចេញមក លែងហាមឃាត់អ្វីបន្តទៀត ខេនទាញរូបថតមនុស្សសំខាន់ទាំងពីរនាក់មកអោប បិទភ្នែកសម្រក់ទឹកភ្នែកតក់ៗយ៉ាងស្ងៀមស្ងាត់ តែពាក្យមួយក៏ស្រាប់តែលោតឡើងក្នុងខួរក្បាលរបស់គេភ្លាម នាំឲ្យខេនប្រញាប់ជូតទឹកភ្នែកចេញនឹងធ្វើការបន្តភ្លែត។
(អូនចង់ឲ្យកូនធំឡើង និយាយដោយមានមោទនភាពថាមានប៉ាជាអ្នកការទូតល្បីឈ្មោះ ជាហេរ៉ូអស្ចារ្យបំផុត)
"បងនឹងស៊ូ! ស៊ូដើម្បីអូននឹងកូន បង..បងស្រឡាញ់អ្នកទាំងពីរណាស់" ខេននិយាយទាំងញញឹម មុននឹងចាប់ផ្ដើមពិនិត្យមើលឯស
កសារម្ដងទៀត ព្យាយាមធ្វើចិត្តឲ្យរឹងមាំ គិតថាប្រពន្ធកូននៅទីនេះ។
ទីង!
ខណៈខេនកំពុងតែមើលឯកសារ ទូរសព្ទ័គេក៏លោតសារមួយ សារដែលផ្ញើចូលមកតាមអ៊ីម៊ែលរបស់គេ នាយទាញវាមកមើល មុននឹងញញឹម ទម្លាក់ការងារចុះ ព្រោះវាជាសារផ្ញើមកពីប្អូនស្រីគេ ម៉ាខេឡា។
-
"ខ្ញុំនៅទីនេះ សប្បាយខ្លាំងណាស់បងប្រុស... បន្តិចទៀតខ្ញុំនឹងទៅសារមន្ទីរ ហើយក៏ទិញនំក្រូសង់ញ៊ាំដែរ បងចង់ញ៊ាំអត់?" សម្ដីនិយាយ វាចេញពីមាត់បុរសម្នាក់ក្នុងចំណោមបុរសបួនប្រាំនាក់ អង្គុយមុខកុំព្យូទ័រឯណោះ។ គេបើកមើលសារដែលម៉ាខេឡាបានផ្ញើចូលឲ្យទៅបងប្រុសនាង ដោយធ្វើការហេកចូលយ៉ាងខុសច្បាប់ តាមបញ្ជារបស់អ្នកប្រុសដែលកំពុងតែអង្គុយគងអន្ទាក់ខ្លា រលាក់ជើងចាំចម្លើយមកជិត30ថ្ងៃនោះ។
"រកឃើញហើយ?"
"បាទ៎ អ្នកប្រុសលូហ្ស៊ីង ពេលនេះអ្នកនាងម៉ាខេឡាកំពុងតែនៅបារាំងទាន៎"
"ហ៊ឹស" ដើមករគ្រហឹមលាន់ឃឹស កាលបើលឺពីទីតាំងដែលម៉ាខេឡាបោះគោលដៅរត់ចោលគេនោះ។ តាំងពីថ្ងៃនាងបាត់ខ្លួនចេញពីសៀងហៃ លូហ្ស៊ីងបញ្ជាគេឲ្យតាមស៊ើបនាងគ្រប់កន្លែង ហេកគ្រប់បណ្ដាញសង្គមបងប្រុសនាងនឹងអ្នកគ្រប់គ្នា តែនរណាទៅដឹងថាម៉ាខេឡាក៏ខូច ផ្ញើសារមកលេងបងនៅតាមអុីម៊ែលបែបនេះសោះ។
"មាត់និយាយថាមិនចង់ត្រូវជាមួយអាអាល់ហ្វ្រេដូ តែក៏រត់ទៅពួននៅបារាំង ទឹកដីកំណើតវា.. ម៉ាខេឡាអើយម៉ាខេឡា! ឯងដុតកម្លោចចិត្តបងណាស់ ប្អូនសម្លាញ់"
-
សង្ឃឹមថានឹងពេញចិត្តណា៎ 🌸✨ ឡាយ៎ ខមិនម្នាក់មួយផង ទុកជាកម្លាំងចិត្តអ្នកឆរឆេរណ៎។

បើផុសនេះអាចបាន1K មុនម៉ោងផុសស្អែក អេតមីននឹងផុសជូនដល់ចប់តែម្ដង។ ព្រមអត់? ហុហុ បើព្រមឆ្លើយអូខេ ហើយស៊ូៗ

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now