ភាគទី19៖ ការលាក់បាំង

67 4 1
                                    

បងទៅភ្លាម អូនមានរឿងភ្លាម វាមិនចៃដន្យពេកទេហ្អេស៎?

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី19៖ ការលាក់បាំង

"អ្ហឹក" លឺតែសព្វនាមអ្នកដែលខាងណោះនិយាយ ទឹកភ្នែករាប់សិបតំណក់ក៏ស្រាប់តែហូរស្រក់តក់ៗចេញពីភ្នែកនាងមក ដូចជាដឹងមូលហេតុច្បាស់។ អឺឈីងបិទភ្នែកអោនមុខចុះយំខ្សឹបខ្សួលម្នាក់ឯង ព្រមទទួលនូវលទ្ធផលដូចដែលនាងតែងតែជួបកន្លងមក។ លោកប៉ារបស់នាងជាមនុស្សញៀនស្រា ញៀននឹងល្បែងតាំងតែពីនាងនឹងបងប្រុសនាងនៅក្មេងមកម៉្លេះ នាងនឹងអឺហ្វាន់ធំធាត់ឡើងកណ្ដាលភ្លើងជម្លោះរវាងលោកប៉ានិងអ្នកម៉ាក់មករហូត ពួកគាត់តែងតែឈ្លោះប្រកែក វាយដំគ្នា ព្រោះតែលោកប៉ានាង ចាញ់ល្បែង ផឹកស្រាស្រវឹងជោគ មកវិញក៏បង្កើតរឿងឈ្លោះប្រកែកគ្នាមិនដែលលោះសូម្បីតែមួយថ្ងៃណាសោះ។ អឺហ្វាន់កាលពីគេនៅមិនទាន់មានជម្ងឺ ត្រឹមតែជាក្មេងប្រុសវ័យ14-15ឆ្នាំ គេត្រូវរៀនផង ធ្វើការលាក់លៀមផង ដើម្បីយកប្រាក់ជួយផ្គត់ផ្គង់នឹងទិញអាហារឲ្យអឺឈីងញ៊ាំឲ្យគ្រប់គ្រាន់ សមល្មមអាចឲ្យនាងរួចផុតពីពាក្យថាទៅរៀនទាំងពោះទទេបាន។ តែទោះបីជានាងទទួលបានការស្រឡាញ់ពេញ100ភាគរយពីបងប្រុសក្ដី តែជាក្មេងនឹងជាកូនស្រី នាងក៏ត្រូវការក្ដីស្រឡាញ់និងការយកចិត្តទុកដាក់ពីចាស់ទុំទាំងពីរដែរ។
"ឯងកើតមក ដូចជាជំពាក់កម្មអាហ្វាន់សៀនច្រើនណាស់ នៅពីតូចឪនាងឯងចាប់យកទៅលក់ម្ដងហើយ ពេលនេះនៅទុកបំណុលឲ្យនាងឯងទៀត" ពិតមែន! អ្វីដែលប្រុសម្នាក់នោះនិយាយគឺមិនខុសទេ កាលពីនាងអាយុ7ឆ្នាំ ដោយសារតែខ្លាចម្ចាស់បំណុលសម្លាប់គាត់បោះចូលសមុទ្រ គាត់ក៏លួចយកនាងទៅលក់ កាលណោះបើកុំតែមានប៉ូលីសយាមល្បាតឃើញទាន់ ម៉្លេះពេលនោះជីវិតនាងមិនដឹងទៅជាយ៉ាងណាទេ ទោះបីជាពេលនេះនាងអាចជាលំបាក តែបើកាលនោះប៉ានាងលក់នាងមិនភ្លាត់ស្នៀត ជីវិតនាងក៏ប្រហែលជាអាក្រក់ជាងនេះរាប់សិបពាន់ដងឯណោះ។
អឺឈីងលើកដៃម្ខាងជូតទឹកភ្នែក ព្យាយាមងើបមុខសំឡឹងមើលទៅអ្នកដែលចាប់ក្របួចសក់ខ្លួនពីក្រោយជាប់មិនទម្លាក់ភ្នែក។
"ខ្ញុំមិនទទួលសងជំនួសគាត់ទៀតទេ"
"ហ៊ឹស" បុរសដែលជាម្ចាស់បំណុលនោះក៏សើចនឹងដើមករ ហាក់ភ្ញាក់ផ្អើលនិងសម្ដីរបស់នាង ទាំងដែលមុននេះគេក៏លួចរំពឹងគិតខ្លះថានាងនឹងនិយាយបែបនេះ។ បើទោះជាគេចង់បានលុយ ចង់បានការប្រាក់ក៏ពិតមែន តែការដែលមកទារលុយពីក្មេងខ្លួនតូចតែមួយ ទាំងដឹងហើយថានាងកំពុងតែលំបាកនិងគ្មានជំនួយនោះ គេក៏មិនសូវជាសប្បាយទូលាយចិត្តអីដែរ។
"គាត់ជាអ្នកលេង គាត់ជាចាយលុយទាំងនោះ ហេតុអីក៏ខ្ញុំត្រូវហត់ត្រុកៗរកលុយមកសងជំនួសគាត់នោះ? ខ្ញុំមានបងប្រុស មានគ្រួសារជាបន្ទុកប៉ុណ្ណេះខ្ញុំរត់សឹងតែមិនរួចហើយ បើសិនជាគាត់មិនបានផ្ដល់អ្វីឲ្យខ្ញុំក្នុងនាមជាឪពុកទេ សូមកុំឲ្យគាត់នាំទុក្ខមកឲ្យខ្ញុំថែមទៀត" កូនចៅបុរសម្នាក់នោះមើលមុខគ្នាទៅមក រួចក៏សម្ដៅបាញ់ឆ្ពោះមើលមកចៅហ្វាយវិញ មុននិងបានឃើញគេកំពុងតែសើច សើចបែបពេញចិត្ត។
"អ៊ីចឹងបើទោះជាពួកយើងសម្លា-ប់ កាត់ម្រាមឪនាងចោលក៏នាងមិនខ្វល់ដែរត្រូវទេ?"
"ចាស៎" ម្ដងនេះអឺឈីងនិយាយទាក់មិនស្ទាក់ស្ទើរ ត្បិតឆ្អែតចិត្តនឹងរឿងដែលឪពុកបន្សល់ទុកឲ្យខ្លាំងពេក នាងមិនអាចបណ្ដោយជីវិតឲ្យរស់នៅក្នុងភាពភ័យខ្លាចរហូតទេ នាងក៏ចង់ស្រឡះចិត្ត ចង់រស់នៅបានសុខដូចជាគេឯងដែរ។ ជ្រុលជាគាត់បានដើរចេញពីជីវិតនាង សម្រេចបោះបង់នាងនិងបងនាងចោលហើយ សូមឲ្យគាត់ទៅឲ្យបាត់ចុះ បើអាចសូមកុំជួបគ្នាទៀតអី។
"ល្អ! យើងរកតែអាបែបហ្នឹងហ្អេ៎ នាងហាមាត់បដិសេធតែមួយម៉ាត់ បន្ទុកគ្រប់យ៉ាងក៏នឹងធ្លាក់លើអាកញ្ចាស់នោះ" ថារួចគេក៏ដកដៃពីការចាប់ក្របួចសក់ឈីង ថយជំហានដោយមានកូនចៅប៉ុន្មាននាក់នៅជាប់ពីក្រោយមិនឃ្លាត។
"រស់នៅឲ្យបានល្អ យើងសង្ឃឹមថាយើងនឹងមិនជួបមុខឯងទៀត" ម្ចាស់បំណុលនិងកូនចៅរបស់គេក៏នាំគ្នាដើរចាកចេញទៅបាត់ ទុកឲ្យអឺឈីងនៅអង្គុយកណ្ដាលទ្វារសំណាក់ យំខ្សឹបខ្សួលម្នាក់ឯង ឈឺចាប់ហួសថ្លែងរកអ្វីនិយាយប្រៀបផ្ទឹមពុំបាន។
អឺឈីងអស់កម្លាំងកំហែង តែក៏ព្យាយាមយិតយោងខ្លួនឯងឲ្យក្រោកពីដីបាន តែការក្រោកឈររបស់នាងដូចជាផ្ដល់ឱកាសឲ្យមនុស្សថ្មីម្នាក់ចូលមក ចាប់ក្របួចក្បាលនាង បំបោកនិងទ្វារសំណាក់មួយក្ឌាំងដូចជាកម្រោលចូល។ ឈាមហូរតក់ៗកាត់ចុះពីផ្នែកក្បាល ច្រាលសើមប្រឡាក់ម្ខាងផ្ទៃមុខ អឺឈីងងាកបែរភ្នែកមើលទៅអ្នកដែលចាប់បោកក្បាលនាង មុននិងទឹកភ្នែកហូរច្រោកៗមកដូចជាការរំពឹងទុក។
"ប៉ា"
"មីឈាមថោក! នេះគិតចង់រស់ស្រួលតែឯងហើយបោះបង់អញជាឪនាងឯងអ៊ីចឹងហ្អេស៎? យ៉ាងម៉េច ឈប់សង? ទុកឲ្យគេសម្លាប់ កាត់ម្រាមអញ នេះស្មានតែអញទុកនាងឯងឲ្យនៅរស់ស្រួលមែនទេ មីកាឈីង?"
"ប៉ាជេរមក ជេររឺវាយយ៉ាងណាឲ្យអស់ចិត្តក៏ធ្វើចុះ តែពេលធ្វើរួច សូមប៉ាចេញទៅ កុំមកនៅជាបន្ទុកដល់ខ្ញុំនឹងបងអឺហ្វាន់ ហ្អាយ៎"
ផ្លាច់ ព្រូស!
អឺឈីងនិយាយមិនទាន់ចប់ ខ្លួននាងក៏ត្រូវលោកប៉ានាងទះមួយកំផ្លៀងទាំងអស់កម្លាំងដៃគាត់ នាំឲ្យនាងដួលព្រូសនៅលើដីទាំងងងឹតងងល់តែម្ដង។ គាត់បោកដបស្រាចោល ងាកទៅទាញទ្វារសំណាក់បិទ រួចដើរទៅម្ខាង ទាញបន្លាយខ្សែតីដែលដើមឡើយជារបស់លោកតាហ័របង្ហាត់សិស្សក្នុងសាលាគុណទេ តែក្រោយអត់ពីគាត់ទៅ វាក៏ក្លាយជាអាវុធសម្រាប់កូនប្រសារគាត់វាយធ្វើបាបចៅស្រីដែលគាត់ស្រឡាញ់ដូចជាកែវភ្នែក។
"អូយ៎! លែង..ប៉ា លែងខ្ញុំ ឆ្វាប់ អា៎ អ្ហឹកៗ" ជើងអឺឈីងត្រូវលោកឪពុកវ៉ាត់មួយខ្សែតី កើតចេញជាស្នាមដាច់រលាត់ខ្វែងគ្នាពីលើស្នាមដែលមានចាស់។ សក់នាងវិញក៏ត្រូវឪពុកចាប់បោចអូសចូលទៅក្នុងផ្ទះ អូសផង វ៉ាត់ផង ទុកនាងដូចជាសត្វធាតុទាំងគ្មានញញើតដៃអីបន្តិចសោះ។
ឲ្យគាត់ញញើតយ៉ាងម៉េច?
បើវាមិនមែនជាលើកទីមួយដែលគាត់ធ្វើបែបនេះផង...

ទីក្រុងឡុងដ៍, ចក្រភពអង់គ្លេស
ក្រោយពីដាក់ទូរសព្ទ័ទាក់ទងគ្នាជាមួយអឺឈីងចុះភ្លាម ខេនគេក៏ប្រញាប់ប្រញាល់បញ្ចប់ការងារ អាលឆាប់បានទៅពេទ្យសួរសុខទុក្ខម៉ាក់ ហើយបន្តត្រឡប់ទៅវិមានសម្រាកយកកម្លាំងនិងអាលបានយកលេសខលទៅអឺឈីងម្ដងទៀត។ និយាយរួមទៅពេលមួយថ្ងៃ24ម៉ោងគឺគេព្យាយាមពង្រួមយ៉ាងណាឲ្យខ្លី ដើម្បីឆាប់បានដឹងពីសុខទុក្ខរបស់អឺឈីងឯណោះ អាចនិយាយថាគេទំនេរខ្លាំងក៏ថាបាន អង្គុយតែនឹកស្រីក្មេង តែមានតែគេខ្លួនឯងប៉ុណ្ណោះដឹងថាដើម្បីបានដឹងលឺពីនាង គេត្រូវរវល់ខ្លាំងប៉ុណ្ណាទម្រាំតែបានជួប។
ខេនបើកឯកសារប្រជុំដែលទើបតែផ្ញើចូលមកដោយនូរ៍អា អ្នកជំនិតខ្លួនរបស់គេឯណោះ នៅថ្ងៃដែលខេនត្រឡប់មកអង់គ្លេសវិញ នូរ៍អាឯណោះគេមិនទាន់មកទេ ពោលគឺគេនៅចូលរួមប្រជុំនិងកត់ត្រាទុកនូវរាល់ខ្លឹមសារមិនឲ្យរំលងទាល់តែសោះ បែបហ្នឹងហើយទើបខេនទុកចិត្តនាយមិនខុស។
"ប្រសាសន៍របស់លោកការទូត—"
តុក!តុក
កំពុងតែស្មឹងស្មាថដាក់អារម្មណ៍ធ្វើការសុខៗ ទ្វារបន្ទប់អហ្វហ្វីសគេក៏មានអ្នកគោះលាន់សន្ធឹក បែកអារម្មណ៍អស់តែម្ដង។ ខេនជ្រឹមចិញ្ចើម បង្ហាញពីអារម្មណ៍ខឹង មិនសប្បាយចិត្តដែលអ្នកនៅខាងក្រៅមិនបានមើលស្លាកបម្រាមដែលគេបានដាក់។
"ហាមរំខាន បើគ្មានការចាំបាច់ នេះពួកគេអានមិនដាច់រឺយ៉ាងម៉េច?"
"ចូលមក" ខេនឧទានបញ្ជាអ្នកនៅខាងក្រៅឲ្យចូលមក ស្របនឹងគេនៅខាងក្នុងឯណេះក៏ត្រៀមឥរិយាបថ សម្ដីសម្រាប់ចាំពន្លះមនុស្សម្នាក់នោះរួចជាស្រេច តែថាគ្រាន់តែទ្វាររបើកឡើងភ្លាម ទឹកមុខខឹងរបស់គេក៏ប្រែប្រួលមួយប៉ព្រិច។
"ម៉ាខេឡា? នេះឯង—"
"នៅកន្លែងធ្វើការមាត់មុតឲ្យដូចកន្ត្រៃអ៊ីចឹងតើ ទើបបានជាគ្មានកូនចៅណាគេចូលចិត្តសោះ" ម្ចាស់ខ្លួនខ្ពស់ ដើរចូលមកទាំងដៃកាន់កាបូបឆានែលម៉ាកល្បី សាកសមនឹងឈុតអាវក្រៅធំ សំពត់ស្យែរ៉េខ្លី បញ្ចេញសាច់ភ្លៅសម៉ត់តាមរបៀបកូនកាត់។ នាងតូចចូលមកខាងក្នុងហួសកាត់មុខបងប្រុស រួចទម្លាក់កាបូបអង្គុយគងអន្ទាក់ខ្លាលើសាឡុងធ្វើព្រងើយ តាមបែបរបៀបកូនស្រីពៅសំណព្វចិត្តអ្នកផ្ទះ។
ម៉ាខេឡានូអា ឡូផេស៍! ស្រីស្រស់វ័យ23ឆ្នាំ ជាកូនស្រីពៅនិងជាសំណព្វចិត្ត សំណព្វបេះដូងលោកប៉ាអ្នកម៉ាក់ ថែមទាំងបងប្រុសមុខកាចដែលកំពុងតែអង្គុយកាច់ករសំឡឹងសំឡក់នាងពីកៅអីធ្វើការសឹងតែជ្រុះគ្រាប់ភ្នែក។
"ខ្យល់ស្អីបក់ឯងមកដល់ទីនេះ? មិនមែនសុខៗឯងមករកបងទេ បើសិនជាគ្មានការនោះ" ខេនគេស្គាល់នឹងដឹងពីប្អូនស្រីច្បាស់ទើបគេនិយាយត្រង់ៗឲ្យឆាប់ចប់សេចក្ដីនឹងអាលបានបន្តធ្វើការងារទៀត។ ម៉ាខេឡាដែលអង្គុយងរខ្ទើតលើសាឡុង ពេលនេះក៏ងាកបែរមកសើចស្ញេញដាក់បងប្រុស កាលបើគាត់ចាប់ជំនួសនាងបានបែបនេះ។ រាងតូចល្វត់ល្វន់ក្រោកឡើងដើរទៅរកកន្លែងបងប្រុសអង្គុយ ដោយនាងប្រើដៃសងខាងចាប់ច្របាច់ស្មាគេតិចៗហើយក៏គក់ធ្វើសរសៃបែបយកចិត្ត តែថាបងប្រុសនាងគេដូចជាមិនបានចូលស៊ងតាមការល្បួងរបស់នាងអីបន្តិចនោះទេ។
"ចង់បានស្អីក៏និយាយមក បងនឹងអាលបានធ្វើការ"
"កុំអន្ទះសារមើស៎ ខេឡាគ្រាន់តែចង់ឲ្យបងប្រុសជួយធានាអូនទៅដើរលេងនៅស្វីសបន្តិចហ្នឹងណា៎ ហើយបូកផ្សំពីលើនោះបើបងបងប្រុសមានចិត្តមេត្តាឲ្យលុយអូនចាយខ្លួន ខេឡាក៏អត់ខឹង ហិហិ"
"ចុះបើបងថាអត់?"
"អ៊ីចឹងបងចាំបកស្រាយប្រាប់ម៉ាក់រឿងបងទៅធ្វើការនៅចិនហើយមានស្រីទៅ" ខេនបើកភ្នែកធំៗរួចងាកបែរមើលមកប្អូនស្រីដែលច្បូញមាត់សើចយ៉ាងខិលខូច សប្បាយនឹងការគម្រាមបងប្រុសបែបនេះ។
"នេះវាស្អីឯង?ទៅដឹងរឿងមកពីណា?"
"អាចនិយាយបានថាមិត្តបងនៅចិន មាត់រៀងវែងបន្តិចអីចឹងណា៎ ហិហិ"
"អាលូហ្ស៊ីង"
"ម៉ាយអាទិទេព" ខណៈខេនឧទានឈ្មោះលូហ្ស៊ីងទាំងខឹង ម៉ាខេឡាឯណោះក៏មើលឃើញគេជាអ្នកមានគុណ ព្រោះបើគាត់មិនធ្លោយមាត់ប្រាប់នាងរឿងហ្នឹង ច្បាស់ណាស់រឿងសុំទៅស្វីសរបស់នាង ច្បាស់ជាអំបិលជាក់ជាមិនខានទេ។

បងលូហ្ស៊ីងមានមុខឆ្លងប្រទេស មិត្តល្អផង មាត់ឆ្កែផង បានមួយចប់ ខិខិ

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now