ភាគទី41៖ នាងមិនមែនជាជនរងគ្រោះដំបូង

43 3 0
                                    

អារម្មណ៍មានសុវត្ថិភាពលើកដំបូង

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី41៖ នាងមិនមែនជាជនរងគ្រោះដំបូង

អ្នកគ្រប់គ្នាចាប់ញ៊ាំអាហារយ៉ាងឆ្ងាញ់មាត់ លើកលែងតែអឺឈីងនឹងម៉ាខេឡាដែលនៅមិនទាន់ស្រស់ស្រូប ត្បិតពួកគេមានមន្ទិលក្នុងចិត្តរៀងៗខ្លួន តែក៏មិនទាន់អាចនិយាយបកស្រាយអ្វីប្រាប់ដល់គ្នាបាន។
"ឈីង! ហេតុអីក៏មិនញ៊ាំអាហាររបស់អូនទៅ?"
"រឺមួយក៏អូនមិនស្រួលខ្លួន? ត្រូវការឲ្យបងហៅពេទ្យទេ?" ខេនដែលនៅអង្គុយកៀកក្បែរជាមួយនឹងអឺឈីង គេសម្គាល់ឃើញថាភរិយាមិនប៉ះពាល់អាហារអីបន្តិចសោះ ទើបកើតចិត្តឆ្ងល់នឹងប្រញាប់សួរនាំភ្លាម។ លោកស្រីម័រហ្គេនងើបមុខឡើងពីការហូបអាហារ សំឡឹងមើលទៅអឺឈីងជាប់ ហាក់បីដូចជាព្យាយាមគម្រាមនាងតាមរយៈក្រសែភ្នែកខ្លួន មាត់វិញជីបអូចចង់តែនិយាយស្ដីថាឲ្យនាង តែអឺឈីងក៏មានសកម្មភាពមុន ដោយនាងទាញស្លាបព្រាមកដួសអាហារញ៊ាំពេញមាត់ ញ៊ាំហើយញ៊ាំទៀតដូចជាឆ្ងាញ់មាត់ខ្លាំងណាស់។ ឃើញនាងញ៊ាំអាហារបានបែបនេះ ខេនឯណោះគេក៏សប្បាយចិត្តជាពន់ពេក ត្បិតមួយរយៈនេះអឺឈីងនាងមិនសូវជាញ៊ាំអាហារអីទេ អាការៈឈឺនាងដូចជាមិនងាយនឹងសះស្បើយសោះ សូម្បីតែពេទ្យដែលអ្នកម៉ាក់គេហៅមកពិនិត្យក៏រកមូលហេតុមិនឃើញឲ្យគេបានស្ងប់ចិត្តដែរ។
"មើលទៅអាហារដូចជាត្រូវមាត់ណាស់ណ៎កូនឈីង" កុំថាតែខេនដែលភ្ញាក់ សូម្បីតែលោកស្រីម័រហ្គេនគាត់ក៏ភ្ញាក់ផ្អើលដែរ មនុស្សខ្សោយសុខៗ បាយទឹកមិនសូវជាហ៊ានហូប តែពេលនេះបែរជាញ៊ាំពេញៗមាត់ គួរឲ្យចម្លែកចិត្តណាស់។
អ្នកដែលអង្គុយចាំមើលបំណាំ វាមិនម៉ត់ប្រៃដូចជាអ្នកធ្វើផ្ទាល់ទេ ខណៈពេលដែលលោកស្រីម័រហ្គេនកំពុងតែសួរនាំអឺឈីង អ្នកបម្រើជំនិតរបស់គាត់ដែលជាអ្នកមានតួនាទីដាក់ថ្នាំឲ្យអឺឈីងជាប្រចាំនោះក៏ចាប់សង្កេតឃើញពីភាពខុសប្លែកនៃចានដែលអឺឈីងកំពុងតែញ៊ាំ។ ប្រហែលមួយសន្ទុះកន្លងផុត មន្ទិលសង្ស័យរបស់គេក៏ហាក់អាចយកជាការបាន ទើបគេប្រញាប់ចូលមករកចៅហ្វាយស្រីខ្លួន រួចអោនមុខទៅមានបំណងចង់ខ្សឹប៖
"សៃ"
"ចា..ចាស៎អ្នកនាងម៉ាខេឡា" អ្នកដែលមកកាត់សង្វាក់របស់គេ ក៏គ្មាននរណាក្រៅពីអ្នកដែលនាងសង្ស័យថាកំពុងតែមានចានរបស់អឺឈីងនៅពីមុខនោះដែរ។ ម៉ាខេឡាទម្លាក់ស្លាបព្រាពីដៃ ដាក់ទុកក្នុងចានយ៉ាងមានរបៀប មុននឹងលើកចាននោះឡើង ហុចតម្រង់ទៅរកជំនិតរបស់ម្ដាយ។
"អ្នកនាងម៉ាខេឡាមិនពេញចិត្តនឹងអាហារទេរឺ? ម៉ោះចាំនាងខ្ញុំប្ដូរចានថ្មីជូន"
"អាហារឆ្ងាញ់រឺអត់ វាទាក់ទងអីជាមួយនឹងចានទៅ? នេះតើចាននេះមានអីខុសប្លែកមែនដែរទេ?" មួយសំនួររបស់ម៉ាខេឡាក៏ធ្វើឲ្យស្ថានភាពក្នុងបន្ទប់អាហារស្ងាត់ជ្រាបតែម្ដង សូម្បីតែលោកស្រីម័រហ្គេនក៏មិនលូកមាត់និយាយដែរ។
"គឺ..មិនមានអីខុសប្លែកទេអ្នកនាង" អ្នកម្ខាងព្យាយាមបដិសេធ ខណៈអ្នកម្ខាងទៀតកាន់តែប្រាកដចិត្តថាអ្វីដែលនាងសង្ស័យអាចជាការពិត។
"បើមិនមានអ្វីប្លែក អ៊ីចឹងនាងញ៊ាំទៅ" ម៉ាខេឡាហុចចានកាន់តែខ្ពស់ ខណៈទឹកមុខស្មើធេងនិយាយទៅកាន់អ្នកបម្រើជំនិតម្នាក់នោះ។ នាងសៃ កាលបើត្រូវចៅហ្វាយស្រីតូចបញ្ជាបែបនេះ នាងក៏ភ័យខ្លួនស្រឺតៗដល់ញ័រដៃអស់។ ទោះបីជាចង់រឺមិនចង់ នាងក៏ត្រូវតែលាដៃទទួលយកចានអាហារនោះ។
"បម្រុងទៅណា? អង្គុយហូបត្រង់នោះហើយ" ម៉ាខេឡានាងដេញជើងអ្នកបម្រើម្នាក់នោះកាន់តែខ្លាំងទៀត អ្នកគ្រប់គ្នាក៏ចាប់ផ្ដើមឆ្ងល់នឹងងាកមើលទៅម៉ាខេឡាគ្រប់ៗគ្នា លើកលែងតែលោកស្រីម័រហ្គេន។ ស្ត្រីចំណាស់ងាកចោលភ្នែកមើលទៅកូនចៅជំនិតដែលកំពុងតែស្ទាក់ស្ទើរ ធ្វើខ្លួនភ័យព្រួយ ដូចជាមនុស្សកំពុងមានពិរុទ្ធ។ ដោយសារតែគាត់ខ្លាចថាភាពភិតភ័យរបស់កូនចៅអាចធ្វើឲ្យបែកការណ៍អស់ ទើបគាត់ប្រញាប់បញ្ចេញសកម្មភាពភ្លាម។
"គេជាអ្នកបម្រើឲ្យហូបត្រង់ហ្នឹងម៉េចនឹងសម? ទៅ យកអាហារទៅហូបនៅផ្ទះបាយទៅ កុំបដិសេធបំណងល្អកូនស្រីយើង"
"ចា..ចាស៎លោកស្រី" គ្រាន់តែទទួលបានបញ្ជាភ្លាម នាងសៃក៏ប្រញាប់ប្រញាល់កាន់ចានអាហារនោះទៅខាងក្រោយបាត់ ម៉ាខេឡាឯណោះក៏តាមសំឡឹងមើលដំណើរបោះជំហានចេញទៅរបស់អ្នកបម្រើនោះ ទាំងនាងក៏ដឹងប្រាកដនៅក្នុងចិត្តថាសៃច្បាស់ជាមិនហូបបបរមានថ្នាំនោះទេ។ ម៉ាខេឡាដកក្រសែភ្នែកពីការសំឡឹងមើលអ្នកបម្រើ មកជាសំឡឹងមើលទៅម្ដាយដែលអង្គុយហូបអាហារធ្វើដូចគ្មានអ្វីកើតឡើងឯណោះវិញ។

ក្រោយចប់អាហារពេលល្ងាចភ្លាម លោកស្រីម័រហ្គេនដែលអង្គុយស្ងៀមធ្វើដូចជាគ្មានអីកើតឡើងនោះ ពេលនេះក៏ដល់ពេលត្រូវឆ្លេឆ្លាម្ដង។ គាត់ដើរចេញពីបន្ទប់អាហារក្រោយនរណាៗទាំងអស់ ដោយប្រញាប់ទៅរកកូនចៅជំនិតដែលធ្វើការគ្រោងការណ៍ត្រូវរលាយអស់ឯណោះ។
"នាងសៃ"
"លោកស្រី" ដៃគូសាងបាបកម្មទាំងពីរនាក់ក៏ជួបគ្នា ដោយម្នាក់មានទឹកមុខភ័យបារម្ភ ខណៈម្នាក់ទៀតមានទឹកមុខខឹងសម្បារ ត្បិតផែនការពួកគេបរាជ័យជាលើកដំបូងបង្អស់។
"លោកស្រី..ខ្ញុំ"
"ឯងគ្មានបានការបំផុត គ្រាន់តែរឿងប៉ុណ្ណឹងក៏ធ្វើមិនបានសម្រេច អាហារតែម្នាក់ ចានមួយក៏ចំណាំមិនបានដែរ ហ៊ឹស" លោកស្រីម័រហ្គេនឧទានទាំងខឹង គាត់មិនគិតថាផែនការណ៍វាក្លាយមកជាផែនស្ករបែបហ្នឹងទេ មួយសប្ដាហ៍មកនេះកូនចៅគាត់ធ្វើការមិនដែលធ្លាប់ថ្លោះថ្លោយម្ដងណានោះឡើយ។
(ខ្ញុំក៏មិនដឹងដែរថាចាននាងម្នាក់នោះទៅនៅពីមុខអ្នកនាងម៉ាខេឡាបានយ៉ាងម៉េច ខ្ញុំចាំច្បាស់ណាស់ថាខ្ញុំលើកវាដាក់ពីមុខនាងម្នាក់នោះ មិនបានច្រឡំទេ)
(ចង្រៃយ៎ ហ៊ឹស)
ការសន្ទនាគ្នារវាងលោកស្រីម័រហ្គេននឹងកូនចៅ ក៏ត្រូវមនុស្សពីរនាក់ដែលនៅជាន់ខាងលើលបលួចស្ដាប់នៅរានហាលបន្ទប់។ ម៉ាខេឡានឹងអឺឈីងនៅជាមួយគ្នានៅក្នុងបន្ទប់របស់អឺឈីងហ្នឹងឯង ព្រោះគ្រាន់តែបែកផ្លូវគ្នាភ្លាម ម៉ាខេឡាក៏ដឹងដៃអឺឈីងឡើងមកជាន់បន្ទប់តែម្ដង ពេលនេះក៏មកចាំពេលល្អទៀត។
ម៉ាខេឡាព្រលែងខ្យល់ដង្ហើមស្រាល ងាកបែរក្រសែភ្នែកចេញនឹងបង្វែរខ្លួនផ្អែកខ្នងនឹងចម្រឹងដែកបន្តិច ដូចជាតឹងចិត្ត។
"ខ្ញុំខំតែគិតថាខ្ញុំជាជនរងគ្រោះចុងក្រោយដែលកើតចេញពីចិត្តរបស់ម៉ាក់"
"ម៉ា..ម៉ាខេឡា" អឺឈីងជ្រឹមចិញ្ចើម រួចចូលទៅលូកចាប់ក្រសោបដៃម៉ាខេឡាតិចៗទាំងចិត្តរំភើបនឹងស្រឡាញ់នារីម្នាក់នេះបំផុត។ តែអ្វីដែលនាងទទួលដឹងនឹងឃើញពេលកាន់ដៃម៉ាខេឡា នោះវាជាស្នាមផ្លែ ស្នាមដែលកើតចេញពីរឿងមិនល្អអ្វីម៉្យាង។
"នេះ..."
"កាលពី12ឆ្នាំមុន រឿងដូចជាបងក៏ធ្លាប់កើតលើខ្ញុំដែរ ម៉ាក់គាត់ជាមនុស្សមានៈនឹងអាត្មានិយមណាស់ គាត់សាងកំហុសមិនតិចទេ"ម៉ាខេឡាបញ្ចប់ប្រយោគបង្ហាញស្នាមរបួសដែលគេមានឲ្យអឺឈីងបានឃើញទាំងអស់។ ស្រីតូចលើកដៃខ្ទប់មាត់ ហាក់ភ្ញាក់ផ្អើលនឹងស្នាមអស់ទាំងនោះដល់ស្រក់ទឹកភ្នែក។ អឺឈីងកាន់ដៃម៉ាខេឡាជាប់ តែវិនាទីបន្ទាប់ម៉ាខេឡាក៏កាន់ដៃអឺឈីងវិញ កាន់ជាប់ណែនទាំងទឹកមុខញញឹមស្រស់។
"ខ្ញុំដឹងថាបងពិបាក តែត្រូវចាំថាបងមិនបានប្រយុទ្ធតែឯងទេ បងនៅមានខ្ញុំ.. ខ្ញុំនឹងនៅជាមួយបង ជួយបងជានិច្ចណា៎" អឺឈីងញញឹមទាំងទឹកភ្នែកស្រក់ចុះ នាងស្រវ៉ាអោបម៉ាខេឡា រួចយំខ្សឹបខ្សួលចេញមក ព្រោះតឹងចិត្តមកជាយូរនាងទើបតែមានឱកាសបានបញ្ចេញវាមក។
"បងថ្លៃ.. មនុស្សល្អរបស់ខ្ញំ"

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now