ភាគទី97

106 4 0
                                    

រឿង : ចំណងបេះដូងមួយរាត្រី
    ភាគទី97

"ម៉ាខេឡា!ឯងគិតថាបងល្ងង់មែនទេ?" ស្នាមញញឹមនឹងសម្ដីនិយាយចេញពីមាត់ម៉ាខេឡាទាំងអស់ វាសុទ្ធសឹងតែជាការកុហកបោកប្រាស់ ហើយខេនគេក៏អាចមើលឃើញច្បាស់។
"បងខេន"
  "ហេតុអីក៏ឯងក្លាយជាមានៈបែបហ្នឹងដែរម៉ាខេឡា? ពីមុនបងធ្លាប់គិតថាអាចមកពីអាហ្ស៊ីងវាចិត្តក្ដៅ មិនយល់ការ ចុះហេតុអីក៏ពេលនេះឯងក៏..."
  "មកពីខ្ញុំស្រឡាញ់គាត់.."
    ម៉ាខេឡាឆ្លើយផាំងកណ្ដាលមុខរបស់បងប្រុស វាជាចម្លើយមួយដែលនាយមិនស្មានថានឹងលឺចេញពីមាត់របស់នាងទាល់តែសោះ។ នាងស្រឡាញ់លូហ្ស៊ីង.. នាងស្រឡាញ់មិត្តគេហ្នឹងមែនទេ?
"ពេលនេះឯងក៏និយាយថាឯងស្រឡាញ់អាហ្ស៊ីង?"
"មែន! ហើយក៏ស្រឡាញ់យូរមកហើយដែរ" ម៉ាខេឡាឆ្លើយឡើងច្បាស់ៗ
"បើឯងស្រឡាញ់វា ចុះហេតុអីក៏ឯងទៅភ្ជាប់ពាក្យជាមួយនឹងអាល់ហ្វ្រេដូ?" សំនួរសួរបកពីសំណាក់បងប្រុសមកវិញ វាដូចជាសំនួរមួយដែលម៉ាខេឡានាងពិបាកនឹងឆ្លើយតបខ្លាំង ទើបនាងជ្រើសរើសយកការនៅស្ងៀម ឈរមួយកន្លែងមិនទាន់និយាយអ្វីទាំងអស់ចេញមក។
"បើឯងនិយាយថាឯងស្រឡាញ់វា ឯងក៏ត្រូវតែមានហេតុផលបកស្រាយច្បាស់លាស់ថាឯងស្រឡាញ់វាពីពេលណា?" ខេនម្ដងនេះគេមិនអាចឆិនឆៃជាមួយប្អូនស្រីទៀតទេ គេមិនអាចបណ្ដោយនាងឲ្យធ្វើតាមតែចិត្តឯងទៀតឡើយ ហើយគេក៏បានដឹងហើយដែរថាការដែលពួកគេទាំងពីរនាក់នេះមានសម្ពន្ធ័ភាពជាមួយគ្នា វាក៏មិនបានកើតចេញពីពាក្យថាស្នេហាអីដែរ។
"បងដឹងថាឯងនឹងវាមានអីជាមួយគ្នា ក៏ដោយសារតែគម្រោងការរបស់ម៉ាក់ គាត់ធ្លោះថ្លោយទើបធ្វើឲ្យចំណងពួកឯងត្រូវចងតាំងពីថ្ងៃនោះ..."
"អ៊ីចឹងបងគិតថាខ្ញុំកុហកមែនទេ?" ម៉ាខេឡាងើយក្បាលទប់ទឹកភ្នែក មុននឹងបោះសំនួរតែមួយប្រយោគនេះទៅកាន់បងប្រុសវិញ។ នាងសំឡឹងចូលទៅក្នុងភ្នែករបស់ខេន ហាក់ដូចជាព្យាយាមសុំបងប្រុសឲ្យជឿលើអ្វីដែលខ្លួនបាននិយាយទាំងអស់ នាងពិតជាមិនបានកុហកគេទេ។
"ខ្ញុំមិនដែលមើលស្រាលការស្រឡាញ់របស់បងទៅលើអឺឈីងទេ ហើយខ្ញុំក៏ដឹងថាបងក៏ដឹងច្បាស់ថាការស្រឡាញ់មនុស្សម្នាក់វាបែបណាខ្លះ ខ្ញុំមិនសុំឲ្យបងជឿខ្ញុំទាំងស្រុងទេ គ្រាន់តែខ្ញុំចង់សុំចិត្តបង កុំមើលស្រាលការស្រឡាញ់ដែលខ្ញុំមានទៅលើបងហ្ស៊ីងអី.." ម៉ាខេឡាព្យាយាមញញឹម តែស្នាមញញឹមវាមិនបានជួយឲ្យអារម្មណ៍នាងល្អប្រសើរអីបន្តិចទេ វាមានតែធ្វើឲ្យនាងមើលទៅកាន់តែទន់ជ្រាយនឹងគួរឲ្យអាណិតថែមទៀត។
"ហើយរឿងខ្ញុំនឹងបងអាល់ហ្វ្រេដូ.. ខ្ញុំធ្វើខុសជាមួយគាត់ ខ្ញុំមិនល្អសម្រាប់គាត់ ដូច្នេះបើសិនជាអាច ពួកយើងកុំយកឈ្មោះគាត់មកប្រឡូកប្រឡាក់ជាមួយរឿងនេះអី"
"ចុះអាហ្ស៊ីង វាស្រឡាញ់ឯងដែរទេ? ចុះរឿងវានិងក្លារ៉ា?"
"ពួកគាត់បានដោះស្រាយគ្នាអស់ហើយ បងមិនបាច់បារម្ភទេ" ម៉ាខេឡាបកស្រាយចេញមកទាំងភ្នែកព្យាយាមមើលបងប្រុសចំមិនងាកចេញ ព្រោះបើនាងងាកចេញ បងប្រុសនាងច្បាស់ជាមានមន្ទិលនឹងគិតថានាងនិយាយកុហក។
"រឿងរៀបការ.. បងមិនទាន់យល់ព្រម! ទាល់តែបងប្រាកដចិត្តថារវាងឯងនឹងអាហ្ស៊ីង មិនមែនជារឿងមួយឆាវៗឆ្កួតៗសិន"
"បងខេន.."
"បើឯងជំទាស់ បងក៏នឹងមិនឲ្យឯងទុកក្មេងដែរ ឯងក៏ដឹងថាបងជាមនុស្សបែបម៉េច!" ម៉ាខេឡានាងមិននិយាយអ្វីបន្តទៀត បានត្រឹមតែអោនមុខចុះ ងក់ក្បាលទទួលយកការសម្រេចចិត្តពីបងប្រុសវិញ រួចបែរដើរចូលទៅក្នុងផ្ទះវិញយ៉ាងស្ងៀមស្ងាត់ជាទីបំផុត។
"បងហ្ស៊ីង..ពួកយើងទៅវិញទៅ"
"អូហ៍.. អូខេ តោះចឹង" លូហ្ស៊ីងគេក៏ភាំងបន្តិចដែរ តែក៏យល់ព្រមធ្វើតាមការសុំរបស់ម៉ាខេឡាវិញ។ ប្រុសស្រីទាំងពីរនាក់បណ្ដើរគ្នាចេញទៅបាត់ យ៉ាងស្ងៀមស្ងាត់ប្លែក ទើបអឺឈីងដែលនៅអង្គុយមួយកន្លែង ពេលនេះក៏នៅលែងសុខ នាងប្រញាប់ក្រោកដើរទៅរកខេននៅខាងក្រៅឯណោះ។
"ខេន..បងនិយាយអីជាមួយនឹងម៉ាខេឡាខ្លះ? នាងចេញទៅបាត់ហើយ..បង-អឹប"
អឺឈីងមកដល់ មិនទាន់ទាំងបានសួរអស់ចិត្តផង ខ្លួននាងក៏ត្រូវបានអ្នកម្ខាងទៀតអោបជាប់ កាន់រឹតណែន រហូតដល់អឺឈីងដឹងដល់ទឹកសន្សើមក្ដៅៗធ្លាក់លើស្មាម្ខាងរបស់នាង។
ខេន គេកំពុងតែយំ...

យប់យន់ទន់ទេបានចូលមកដល់ សំណាក់ហ័រពេលនេះក៏ស្ងាត់ជ្រងំ សល់ត្រឹមសំឡេងសត្វរៃយំ កំដរដល់ខ្យល់ត្រជាក់ធ្លាក់ចុះមកប៉ះនឹងផែនថ្ពាល់មនុស្សប្រុសស្រីពីរនាក់ដែលដេកនៅលើប៉ៅអ៊ីឈើនៅឯរានហាលបន្ទប់តែពីរនាក់។
ខេនអោបរឹតរាងកាយអឺឈីង ភរិយាជាទីស្រឡាញ់ជាប់មិនព្រលែងដៃទាល់តែសោះ គេមានអារម្មណ៍ហេងហាង មិនចង់នៅម្នាក់ឯង ទើបនាំអឺឈីងបងក្បែរនឹងនិយាយរាល់គ្រប់សម្ដីដែលម៉ាខេឡាបានប្រាប់ដល់នាងទាំងអស់។
"ចំពោះរឿងដែលម៉ាខេឡានិយាយថាស្រឡាញ់លូហ្ស៊ីង អូនដូចជាមិនភ្ញាក់ផ្អើលទេ.."
"អូនមើលដឹង?" កាលបើលឺភរិយាយនិយាយយ៉ាងហ្នឹង ខេនក៏ភ្ញាក់មិនតិចដែរ។ អឺឈីងងាកបែរមើលទៅស្វាមី រួចឈ្លីត្រសុលក្បាលចូលទ្រូងនាយ រួចឈ្លីតិចៗព្យាយាមទទួលយកភាពកក់ក្ដៅនឹងភាពជឿជាក់ពីគេ។
"អូនធ្លាប់តាមសង្កេតមើលសកម្មភាពរបស់ពួកគេ ពិេសសគឺក្រសែភ្នែកនឹងអារម្មណ៍ដែលម៉ាខេឡាតែងតែបង្ហាញពីនៅក្បែរលូហ្ស៊ីង.."
"អាចនិយាយបានថាមកពីម៉ាខេឡានាងរស់នៅជាមួយអារម្មណ៍ភ័យខ្លាចតាំងពីតូច នាងពូកែលាក់អារម្មណ៍ ទើបចំពោះរឿងមួយនេះបងមិនទុកចិត្តឲ្យនាងសម្រេចដោយខ្លួនឯងសោះ.. ចុះបើនាងកុហកបងនោះ?"
ទីង!ទីង..
សុខៗទូរសព្ទ័ខេនក៏រោទ៍ឡើង បង្ហាញសារពីអ្នកជំនិតរបស់គេ នូរ៍អា។ គេផ្ញើជាហ្វាល់មួយមក ព្រមជាមួយនឹងសារបង្ហាញថាការងារដែលខេនបានប្រាប់នាយបានធ្វើរួចរាល់អស់ហើយ។
"នរណាហ្នឹងបង?" អឺឈីងក៏សួរ។ ខេននៅមិនទាន់ឆ្លើយ តែក៏ទាញនាងមកអោប រួចបើកមើលជាមួយនាងតែម្ដង។ គ្រាន់តែបើកហ្វាល់ចូលភ្លាម បេះដូងរបស់ខេនស្ទើរតែជ្រុះដល់ដី សម្ដីដែលម៉ាខេឡានិយាយកាលពីថ្ងៃក៏ស្រាប់តែលោតឡើងមកជាថ្មីឲ្យគេបានលឺទៀត។
(ខ្ញុំមិនសុំឲ្យបងជឿខ្ញុំទាំងស្រុងទេ គ្រាន់តែខ្ញុំចង់សុំចិត្តបង កុំមើលស្រាលការស្រឡាញ់ដែលខ្ញុំមានទៅលើបងហ្ស៊ីងអី..)
"ហេតុអីក៏ក្នុងហ្វាល់នោះមានសុទ្ធតែរូបរបស់លូហ្ស៊ីងចឹង? មើលចុះរូបនោះគេមើលទៅដូចជានៅក្មេងណាស់.."
"វាជារូបក្នុងកាំម៉េរ៉ារបស់ម៉ាខេឡា! នាងមិនដែលឲ្យនរណាប៉ះវាទេ សូម្បីតែបង.. ដូច្នេះហើយទើបបងមិនបានដឹង.."
មិនដឹងថានាងលួចស្រឡាញ់មិត្តចោរម្សៀតរបស់គេ តាំងតែពីក្មេង៕

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now