កូនគេមកសម្លុត កូនឯងមកជម្រិត អួយ៎អាណិតលោកស្រីណាស់
រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី43៖ ពាក្យសុំទោស"ប្រុសខេន" សម្ដីបែបកាចបន្លឺចេញពីមាត់កូនប្រុស បូកផ្សំជាមួយនឹងទឹកមុខក្រហមរងាលរបស់កូនប្រុសក៏នាំអារម្មណ៍ភ័យព្រួយជាលើកដំបូងចូលមកក្នុងអារម្មណ៍របស់លោកស្រីម័រហ្គេន គេនិយាយហាក់បីដូចជាគេបានដឹងថាមានរឿងអ្វីកើតឡើងកាលពីនៅតុអាហារអ៊ីចឹង។
"វានៅឯណា?!" ម្ដងនេះគេមិននិយាយធម្មតាទេ តែគំហកខ្លាំងបង្ហាញពីអារម្មណ៍ខឹងដែលកំពុងតែពុះកញ្ជ្រោលពេញក្នុងទ្រូងតែម្ដង។ លោកស្រីម័រហ្គេនញ័រទ្រូងភឹបៗប្រញាប់លូកទៅចាប់ក្រៀកដៃកូនប្រុស ព្យាយាមអង្អែលប៉ះស្មាកូនទៅមកៗដើម្បីលួងលោមចិត្តរបស់គេ។
"កុំខឹងសម្បារខ្លាំងពេកកូន ចាំម៉ាក់ហៅវាមកជួបប្រុសខេនឥលូវនេះ ម៉ោះចុះទៅបន្ទប់ទទួលភ្ញៀវខាងក្រោមទៅ" មាត់នឹងទឹកមុខញញឹមហាក់យល់ស្របជាមួយនឹងកូនប្រុសក៏ពិតមែន តែក្នុងទ្រូងក៏ភ័យញ័រផើតពោះ ថែមទាំងលួចបារម្ភ ព្រោះខ្លាចថារឿងវាអាចនឹងពាក់ពន្ធ័ដល់គាត់ទៀត។
(យើងមិនអាចឲ្យគ្រប់យ៉ាងខូចការណ៍ដោយសារតែការប្រហែសមួយពេលរបស់នាងសៃទេ មិនបានជាដាច់ខាត)
"មើលឲ្យស្រួលបួលផងអាខេន ព្រោះពេលខ្លះអំពូលភ្លើងវាមិនអាចធ្វើឲ្យភ្លឺពេញក្នុងបន្ទប់ទេ ពាក្យសារភាពខ្លះក៏មិនអាចយកជាការមួយរយភាគរយដែរ" កំឡុងពេលដែលលោកស្រីម័រហ្គេនព្យាយាមដឹកដៃនាំកូនប្រុសចេញទៅ អ្នកជាភ្ញៀវឯណោះក៏លាន់មាត់ ប្រហើរប្រយោគដាស់តឿនមិត្តសម្លាញ់ក្នុងន័យប្រៀបធៀប តែក៏ចង់ឲ្យខេនគេបានយកទៅគិត។ លោកស្រីម័រហ្គេនងាកសំឡឹងសំឡក់មកលូហ្ស៊ីង មុននឹងទទួលបានការញញឹមញាក់ចិញ្ចើមត្រឡប់ទៅវិញយ៉ាងឌឺដងជាទីបំផុត។
ពីរនាក់ម្ដាយកូនឯណោះក៏ចេញទៅបាត់ បន្សល់ទុកមនុស្សពីរនាក់ឲ្យនៅក្នុងបន្ទប់ធំ ដោយម្នាក់នៅមានស្មារតីពេញមួយរយភាគរយ ម្នាក់ទាំងក៏បាត់បង់ទាំងស្មារតី ទន់ខ្លួនល្អូកដូចជាបបរតែម្ដង។ លូហ្ស៊ីងមិនបង្អង់ប្រញាប់លើកបីក្រសោបរាងកាយម៉ាខេឡា អោបអឹបជាប់នឹងទ្រូងធ្វើឲ្យប្រាកដថាខ្លួនដែលសន្លប់លង់លក់នោះមិនធ្លាក់ មុននឹងបីនាងចេញទៅកាន់បន្ទប់ផ្ទាល់ខ្លួននៅជាន់ខាងក្រោមឯណោះវិញ។
—
បន្ទប់ទទួលភ្ញៀវ!
"អ..អូយ៎ លែង! លែងដៃខ្ញុំទៅ អ្ហឹកៗ" បន្ទប់ទទួលភ្ញៀវធំសមតែបិទភ្លើងអស់ព្រោះវាយប់ណាស់ទៅហើយ តែថ្ងៃនេះក៏ប្លែក ត្បិតថាភ្លើងក្នុងវិមានទាំងមូលក៏បើកភ្លឺចិញ្ចាចតែម្ដង ដូចជាមានរឿងអ្វីបន្ទាន់ទាំងយប់អ៊ីចឹង។ រាងកាយមនុស្សស្រីម្នាក់ក្នុងឯកសណ្ឋានអ្នកបម្រើក៏ត្រូវបានអ្នកយាមវិមានអូសនាំចូលមកខាងក្នុង អូសទីងណាត់ទីងណែង យកមកចោលក្នុងបន្ទប់ទទួលភ្ញៀវ កន្លែងដែលលោកស្រីនឹងកូនប្រុសគាត់អង្គុយចាំជាស្រេចនៅទីនោះ។
"លោកស្រី អ្ហឹក អ្នកប្រុសធំ" នាងសៃដែលជាអ្នកបង្កបញ្ហានឹងទាស់សម្ដីជាមួយម៉ាខេឡាកាលពីថ្ងៃ ពេលនេះនាងក៏ត្រូវមកប្រឈមមុខជាមួយនឹងអ្នកប្រុសធំ ស្វាមីអ្នកដែលនាងបានដាក់ថ្នាំនោះឯង។
"នាងដឹងរឺអត់ថាខ្លួនឯងបានធ្វើស្អី?"
"ខ្ញុំ.. នាងខ្ញុំមិន—"
"នាងបានដាក់ស្អីក្នុងចានអាហារប្រពន្ធយើង?"
ក្ឌាំង!
ខេនដែលធ្លាប់តែចិត្តត្រជាក់ដូចជាទឹក ស្ងប់ដូចជាខ្យល់ពេលព្រឹកព្រលឹម ពេលនេះគេក៏ស្រែកគំហក បូកនឹងការដាល់តុមួយដៃលាន់ក្ឌាំងបង្កជាការភ័យខ្លាចនឹងភាពភ្ញាក់ផ្អើលដល់អ្នកបម្រើផ្សេងៗទៀត ព្រោះតាំងពីដើមមក គ្មាននរណាធ្លាប់បានឃើញខេនកាចបែបហ្នឹងទេ។
"ដាក់អី? ខ្ញុំមិនបានដឹងទេអ្នកប្រុសធំ អ្ហឹកៗ" នាងសៃព្យាយាមបដិសេធញាប់មាត់ ទាំងដែលរាងកាយនឹងទឹកមុខនាងបង្ហាញយ៉ាងច្បាស់ថានាងកំពុងតែមានពិរុទ្ធ។ ការឆ្លើយបដិសេធរបស់នាង វាមិនបានជួយអ្វីដល់ស្ថានការណ៍ក្នុងពេលនេះទេ មានតែបន្ថែមកំហឹងដល់ខេនថែមទៀត។
"សារភាពពេលនេះ រឺមួយក៏ចាប់ឲ្យយើងហៅប៉ូលីសមកអូសក្បាលនាងចេញសិន?"
"ហ្អាយ៎ អត់ទេៗ អ្នកប្រុសធំ អ្នកប្រុសកុំហៅប៉ូលីសអី ខ្ញុំសុំអង្វរអ្នកប្រុស អ្ហឹកៗ" គ្រាន់តែលឺថាប៉ូលីសភ្លាម នាងសៃញ័រខ្លួន ក្រាបក្បាលសុំការយោគយល់ពីខេនភ្លាម បែបនេះក៏បញ្ជាក់កាន់តែច្បាស់ថាការសង្ស័យរបស់គេ វាជាការពិត មានអ្នកមានបំណងមិនល្អទៅលើអឺឈីងពិតមែន។
"នរណាជាអ្នកបញ្ជាឯង? អឺឈីងប្រពន្ធយើងទៅធ្វើស្អីពួកឯងទើបបានជាធ្វើបែបនេះ? ឆាប់ឆ្លើយមក!!!!" ខេនគំហកកាន់តែខ្លាំង គាស់កកាយចង់ដឹងថាតើរឿងទាំងអស់នេះវាយ៉ាងម៉េចខ្លះ ខណៈម្ដាយរបស់គេ អ្នកដែលអង្គុយក្បែរខ្លួនឯណោះ ចាប់ផ្ដើមបែ
កញើសជោគថ្ងាស កាលបើលឺកូនសួររកអ្នកនៅពីក្រោយខ្នងនៃរឿងមួយនោះ។
លោកស្រីម័រហ្គេនងាកបែរក្រសែភ្នែកមើលទៅនាងសៃ គាត់ប្រើក្រសែភ្នែកកាចដាក់នាង រួចក្រវីក្បាលតិចៗមានបំណងឲ្យនាងបិទមាត់ មិនឲ្យសូម្បីតែគាិតថានឹងយកឈ្មោះគាត់មកពាក់ពន្ធ័ជាមួយនឹងរឿងមួយនេះ។ នាងសៃឯណោះខ្លាចជាន់លើខ្លាច នាងខ្លាចការស្រែកគំហករបស់ខេនផង ខ្លាចនឹងក្រសែភ្នែកគម្រាមរបស់លោកស្រីម័រហ្គេនថែមទៀត ដង្ហើមដកស្រាលៗពេលនេះក៏ប្រែមកជាដកញាប់ស្អេកមើលទៅពិបាកបំផុត នាងសៃថយជំហានកិលខ្លួនថយក្រោយទាំងមុខស្លេកស្លាំង រួចក៏បែរសន្លប់តូងទៅលើឥដ្ឋទាំងមាត់មិនទាន់បានហើបនិយាយអ្វីទាំងអស់។
"នាងសៃ..នាងសៃ ហ៊ើយ!" ខេនពេលនេះខឹងកាន់តែខ្លាំង រឿងហេតុក៏មិនបានដឹង ហើយនៅមកឈរសំឡឹងមើលខ្លួនអ្នកដែលសន្លប់ស្ដឹងនោះថែមទៀត។ ខេនគេតប់ប្រមល់ពិបាកចិត្ត ស្របនឹងម្ដាយគេឯណោះលួចសប្បាយចិត្ត ធូរស្រាលអារម្មណ៍មែនទែនដែលនាងសៃសន្លប់ទាំងមិនទាន់បានហើបមាត់និយាយអ្វីសូម្បីតែមួយម៉ាត់នោះ។
"បានហើយកូនខេន នាងសៃវាសន្លប់បាត់ទៅហើយ កូនចង់ចាប់អ្នកគ្មានស្មារតីមកសួរក៏គ្មានបានការដែរ អញ្ចេសចុះ ឲ្យពួកអ្នកបម្រើយកនាងសៃទៅសម្រាកសិន ស្អែកពេលវាដឹងខ្លួន សឹមកូនសួរនាំវាបន្តទៀតទៅ"
"ពួកឯង"
"យកនាងសៃទៅបន្ទប់វា ហើយឃ្លាំមើលឲ្យល្អបំផុត យល់ទេ?" ខេនមិនរង់ចាំឲ្យម្ដាយចេញសកម្មភាពអ្វី ដោយគេបញ្ជាអ្នកបម្រើឲ្យយកនាងសៃទៅបន្ទប់ហើយយាមកាមឲ្យបានល្អបំផុត មិនឲ្យឆ្ងាយពីក្រសែភ្នែក។ គេក្ដាប់ម្រាមដៃណែន រួចដើរចេញពីបន្ទប់ទទួលភ្ញៀវទាំងកំហឹងមិនទាន់សាបរលាបសោះ លោកស្រីម័រហ្គេនវិញក៏តាមសំឡឹងមើលដំណើរចាកចេញរបស់កូន ទាំងញ័រទ្រូងឌឹបៗ នេះគាត់មិនដែលធ្លាប់ឃើញខេនគេកាចបែបហ្នឹងទេតាំងតែពីដើមមក សុខៗគេក៏ទៅជាបែបនេះ ដោយសារតែមនុស្សស្រីម្នាក់។
"ដោយសារតែនាងឯង នាងឯងម្នាក់គត់ ហ័រ អឺឈីង"
..
ដំណើរបោះជំហានធ្ងន់ៗនាំរាងកាយមាំទាំដើរសម្ដៅទៅកាន់បន្ទប់។ ខេនទម្លាក់ដៃកាន់ដៃទ្វារ តែក៏នៅមិនទាន់ហ៊ានចូលទៅទីនោះ រភងនៅថ្ងៃនេះហាក់ដូចជាធ្វើឲ្យទ្រូងគេធ្ងន់ត្រដុក ចិត្តវិញក៏នឹកឃើញដល់រឿងកាលពីយប់មួយដែលនាងអោបខ្លួនគេ អោបហើយប្រាប់ឲ្យគេអោបនាងឲ្យណែន ហាក់ដូចជាមានរឿងអ្វីលាក់កប់នៅក្នុងចិត្ត តែគេបែរជាមិនចាប់អារម្មណ៍និងមិនយល់ទៅវិញ។
ក្រាក!
ក្រោយពីធ្វើចិត្តអស់មួយសន្ទុះ ទើបខេនគេសម្រេចចិត្តបើកទ្វារចូលទៅខាងក្នុង។ បន្ទប់មានកម្ដៅសមល្មម ហាក់ប្រាប់គេថាយប់នេះគេមិនបាននៅគេងតែពីរនាក់អឺឈីងនោះទេ ព្រោះអ្នកដែលចូលចិត្តគេងបន្ទប់សីតុណ្ហភាពប៉ុណ្ណេះ គ្មាននរណាឡើយក្រៅពីកូនជាទីស្រឡាញ់របស់គេ, ជូអឺ។
"អូនឈីង?!" ខេនឧទានហៅនាងតែមួយដង មិនលឺនាងឆ្លើយតបក៏ដើរចូលមករកនាងតែម្ដង មិនហៅទៀតនាំឲ្យរំខានដល់នាងនឹងកូន។ មកដល់គេក៏បានឃើញថាអឺឈីងនឹងជូអឺគឺគេងលង់លក់នៅលើគ្រែធំទូលាយហើយអោបគ្នាណែនសឹងតែទាញមិនរបេះ។
ខេនញញឹម មុននឹងចូលមកទម្លាក់ខ្លួនគេងពីក្រោយអឺឈីង ដៃមាំអោបក្រសោបខ្លួនភរិយាពីក្រោយជាប់ណែន មុននឹងទម្លាក់បបូរមាត់ថើបកញ្ចឹងករសក្បុសពីក្រោយពេញដោយក្ដីស្រឡាញ់ពេញអារម្មណ៍។
"អ្ហឹក" កាលបើខ្លួនត្រូវគេអោប រាងតូចដែលដេកអោបកូនសុខៗក៏បែរដកដៃ ប្រែខ្លួនមកម្ខាងរួចយំខ្សឹបខ្សួលតិចៗដោយគ្មានមូលហេតុ។ ខេនភ្ញាក់ព្រើត ប្រញាប់លូកដៃចាប់ចង្ការ ផ្ងើយមុខអឺឈីងឡើង រួចក៏ឃើញថាថ្ពាល់នាងសើមជោគដោយទឹកភ្នែក ដូចជាមិនមែនទើបតែយំអម្បាញ់មិញនេះទេ។
"ឈីង? អូនមានរឿងអីឈីង? ឈីង—" ឃើញប្រពន្ធយំ ទ្រូងគេសឹងតែបែកប្រេះ នាយប្រញាប់ទាញអឺឈីងមកអោបជាប់ទ្រូង ខណៈទាំងមាត់នឹងអារម្មណ៍ព្យាយាមនិយាយសុំទោសទៅកាន់នាងមិនឈប់។
"បងសុំទោស បងគួរតែនៅជិតអូន យកចិត្តទុកដាក់លើអូនជាងនេះ ឈីង! បងសុំទោស"
YOU ARE READING
ចំណងបេះដូងមួយរាត្រី
Romanceចំណងស្នេហ៍កើតចេញពីការអាណិតស្រឡាញ់ដែលកម្លោះមន្ត្រីការទូតមានទៅលើស្រីសាមញ្ញម្នាក់ដែលសុខចិត្តលក់ខ្លួន ព្រោះទ័លច្រក។ ខេន x អឺឈីង