ភាគទី35៖ ស្នេហា មិនដែលមានតែពាក្យថារលូន

56 3 0
                                    

ស្នេហា មិនដែលមានតែពាក្យថារលូន

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី35

"កូនខ្ញុំ.."
"កូន? កុំស្មានតែយើងមិនដឹងពីល្បិចចង់ចាប់កូនយើងឲ្យសោះ នាងស្រីលក់ខ្លួន" លោកស្រីម័រហ្គេនឧទានឡើង ស្របនឹងទឹកមុខពេញដោយស្នាមញញឹមហាក់ដូចជាអ្នកដែលមានប្រៀបបំផុតក្នុងរឿងមួយនេះ។ អឺឈីងឯណោះ នាងគាំងអណ្ដាតនិយាយអ្វីមិនចេញ រឹតតែមិនអាចទទួលយកបាន ត្បិតអម្បាញ់មិញ នៅពីមុខខេន គាត់ជាស្ត្រីដែលល្អណាស់ មានស្នាមញញឹមស្រស់ស្អាតបំផុត រហូតដល់ធ្វើឲ្យនាងមានអារម្មណ៍ដូចគាត់ជាអ្នកម៉ាក់ម្នាក់ទៀតរបស់នាងអ៊ីចឹង តែពេលនេះ ពេលនេះនាងគិតខុសហើយ។
"អ្នកមីង.. កូនជូអឺ" អារម្មណ៍នាងក្នុងពេលនេះ នាងមិនបានឈឺចាប់ មិនបានខ្មាសអៀននឹងពាក្យដែលគាត់ហៅនាងថាជាស្រីលក់ខ្លួនទេ តែភាពភ័យខ្លាចរបស់នាងគឺសុវត្ថិភាពកូន កូនស្រីបណ្ដូលចិត្តរបស់នាងដែលនៅក្នុងរង្វង់ដៃគាត់ឯណោះទៅវិញទេ។
"ជូអឺ? កុំបារម្ភអី.." លោកស្រីម័រហ្គេនញញឹម មុននឹងលូកដៃទៅកាន់ប៉ះស្មាក្មេងតូចស្រាលៗ ខណៈនាងកំពុងតែរលីវៗចង់គេងលក់ មិនដឹងថាមកពីនាងងងុយដោយឯកឯងរឺមួយក៏មកពីអ្វីផ្សេងនោះទេ។
"ហ៊ឹម" ដៃមានស្នាមជ្រីវជ្រួញតាមវ័យចំណាស់លូកទៅច្របាច់មាត់ជូអឺតិចៗ អាងតែនាងមិនដឹងស្មារតី អឺឈីងឯណោះនាងក៏ញ័រខ្លួន មានបំណងចង់ចូលទៅរកជូអឺហើយ តែក៏ត្រូវកូនចៅលោកស្រីម័រហ្គេនដែលនៅអង្គុយបាំងទាំងសងខាងចូលខ្លួនមកចាប់ឃាំងជាប់ ហាមឃាត់ប្រៀបបីដូចនាងជាអ្នកទោស។
"ខ្ញុំសុំអង្វរ កុំធ្វើអីកូនខ្ញុំ អ្ហឹកៗ ជូអឺនាងមិនដឹងអីទេ នាងមិនបានដឹងអ្វីទេអ្នកមីង អ្ហា៎ អ្ហឹកៗ" អឺឈីងយំចេញមកកាលបើមុខកូនដែលត្រូវគេច្របាច់កាន់ជាប់នោះ ពេលនេះឡើងក្រហមងាំងខ្លាំងចង់ឡើងទៅជាស្វាយ ហាក់ដូចជានាងពិបាកដកដង្ហើមណាស់។ អ្នកជាម្ដាយភ័យ ភ័យចង់ស្លាប់ខ្លួន តែអ្នកជាជីដូនឯណោះក៏បែរជាញញឹម ញញឹមនឹងសើចរលាក់ខ្លួនអស់សំណើចទៅវិញ។
"យើងប្រាប់នាងហើយថាកុំបារម្ភ.. ព្រោះទោះបីជាវាមានឈាមថោកបន្សល់ពីក្នុងខ្លួននាង តែយ៉ាងណាក៏វាមានឈាមមានតម្លៃរបស់កូនប្រុសយើងខ្លះ បារម្ភតែពីនាងខ្លួនឯងទៅ ហ័រ អឺឈីង" លោកស្រីម័រហ្គេនថារួចក៏ព្រលែងដៃពីមាត់របស់ជូអឺវិញ ទុកនាងដេកលង់លក់តាមទម្លាប់របស់ក្មេង ខណៈភ្នែកសំឡឹងមើលទៅម្ដាយដែលយំអង្វរសុំកូនឡើងហើមមុខហើមមាត់អស់។
"ពិការភ្នែក? មានកូន? នេះយើងមិនដឹងគួរនិយាយបែបម៉េចឲ្យសាកសមទេ ព្រោះថាដើម្បីតែចាប់កូនប្រុសយើង នាងឯងក៏ពុះពារ ចុះទុនខ្លាំងណាស់ ហ័រ អឺឈីង យើងខំតែគិតថានាងឯងងាប់បានតាំងពីពេលដែលបងនាងឯងងាប់ហើយទេតើ" អឺឈីងក៏ភាំងកាន់តែខ្លាំង កាលបើលឺគាត់លើកហេតុការណ៍ដែលកើតឡើងតាំងពី4-5ឆ្នាំមុនមក ទាំងដែលនាងគិតថា គាត់នឹងនាងទើបតែបានស្គាល់គ្នាថ្ងៃនេះប៉ុណ្ណោះ។ នេះគាត់ស្គាល់នាងដល់កម្រិតណា? ពីពេលណា?
"ហេតុ..ហេតុអីក៏លោកស្រីដឹង?"
"ឯងគិតថាយើងមានកូនប្រុសល្អនឹងឆ្លាតកម្រិតនេះ យើងជាម្ដាយដែលល្ងង់រឺយ៉ាងម៉េចនាងអឺឈីង? កូនប្រុសយើងទម្លាក់ជើងដល់ទីណា យើងក៏ដឹងដែរ សូម្បីតែពេលដែលនាងដឹកដៃកូនយើងទៅគ្នាដល់សំណាក់យ៉ាងថោកទាបនោះ យើងលើសពីដឹងទៅទៀត មីស្រីអត់កេរ្តិ៍ខ្មាស" មួយម៉ាត់ណាក៏មានតែពាក្យជេរស្ដី មួយម៉ាត់ណាក៏មានតែពាក្យមាក់ងាយ អឺឈីងចុកស្ពឹកស្រពន់ពេកទ្រូងនឹងរាងកាយអស់ទៅហើយ ត្រចៀកចាប់ផ្ដើមហឹង ស្ដាប់អ្វីលែងចង់បានហើយ តែស្មារតីដែលនាងមានក្នុងវិនាទីនោះគឺគ្មានអ្វីឡើយក្រៅពីកូន។
"ឲ្យ..ឲ្យខ្ញុំសុំកូនវិញបាន..អ្ហឹក បានទេ?"
"មិនបាន" អឺឈីងលូកដៃទៅបំណងចង់បានកូនមកវិញ តែលោកស្រីម័រហ្គេនក៏បែរទាញកញ្ឆក់ក្មេងដែលដេកលក់ចេញ រួចបែរថយឆ្ងាយទាំងស្នាមញញឹមរីកសុះសាយពេញលើផ្ទៃមុខ។
"ហ៊ឹស..ហ៊ឺៗ"
"នាងចង់ចាប់កូនប្រុស យើងក៏នឹងធ្វើឲ្យប្រាកដថានាងឯងបាត់បង់គ្រប់យ៉ាងដូចគ្នា" អឺឈីងចាប់ផ្ដើមចុះខ្សោយកម្លាំងខ្លាំង តែដៃនាងនៅតែឈោង ឈោងបំណងចង់យកកូនពីដៃលោកស្រីម័រហ្គេនមកវិញ។
ងឹក!
ស្របពេលនោះឡានក៏ឈប់ចំពេលល្មម លោកស្រីម័រហ្គេនមិនបង្អង់ក៏ប្រញាប់បើកទ្វារពរជូអឺចេញ មានបំណងចង់ឲ្យអឺឈីងសន្លប់ទៅដោយខ្លួនឯង តែជារឿងចៃដន្យ ឡានរបស់ម៉ាខេឡាមកដល់ល្មម ហើយខេនឯណោះគ្រាន់តែចុះពីឡានភ្លាម គេក៏ដើរតម្រង់មករកឡានម្ដាយភ្លែត។
ព្រូស!
"អឺឈីង!!!" រាងកាយតូចស្រឡូនរបស់ឈីងក៏ស្រាប់តែដួលព្រូស ក្រោយទម្លាក់ជើងចុះពីឡានភ្លាម ខេនឯណោះមិនបង្អង់ក៏ប្រញាប់ចូលទៅបីត្រកងភរិយា មុននឹងបានឃើញស្នាមទឹកភ្នែកពោរពាសលើថ្ពាល់នាង។
(ចង្រៃមែន..)
លោកស្រីម័រហ្គេនខាំសង្គ្រឺតធ្មេញ ខ្លាចបែកការណ៍រឿងគាត់គម្រាមអឺឈីង ទើបគាត់ប្រញាប់បីជូអឺចូលទៅ រួចធ្វើជាយំគ្រឺតគ្រតចេញមកដែរ។
"ម៉ាក់..អ្ហឹក ម៉ាក់អាណិតអាឈីងណាស់កូន អាឈីងកំសត់ណាស់ អ្ហឹក អាឈីង អាឈីងដឹងខ្លួនឡើងកូន" គាត់ធ្វើជាចូលទៅជួយរីតដៃជើងឲ្យអឺឈីង សម្ដែងតួកំសត់បង្វែងខេនមិនឲ្យសង្ស័យ។ រាងខ្ពស់ដែលកំពុងតែបារម្ភពីប្រពន្ធក៏មិនបានខ្វល់អ្វី ប្រញាប់ញាប់ដៃ ញាប់ជើងបីនាងចូលទៅក្នុងវិមានធំស្កឹមស្កៃភ្លាមៗនឹងអាលបានហៅពេទ្យមកពិនិត្យ៕

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now