រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី11"លោកខេន?"
"អឺឈីង?" ការឧទានហៅឈ្មោះគ្នាទៅវិញទៅមកនេះឯងជាសម្ដីដំបូងហើយក៏អាចថាចុងក្រោយដែលពួកគេនិយាយនៅទីនោះ។ ខ្យល់ដង្ហើមក្ដៅងំរបស់អឺឈីងហើរប៉ះផ្ទៃមុខសង្ហារបស់ខេន អុកឡុកដល់ទាំងបេះដូងនាយឲ្យលោតដុកដាក់ៗដូចជាគ្រាប់បម្រុងនឹងផ្ទុះ ដៃមាំដែលកាន់ក្រសោបជួយនាងអម្បាញ់មិញ ដំបូងឡើយគិតថាចង់លែង តែពេលនេះក៏នៅកាន់ជាប់ លើសពីនេះគេនៅទាញរាងកាយអឺឈីងមកកាន់តែកៀកជិតខ្លួនថែមទៀត។
"លោក..លោកលែងខ្ញុំ"
"លែងឲ្យនាងរត់គេចបាត់ទៀតមែនទេ?" ខេនពោលស្របនឹងដៃមាំអោបនាងជាប់ ក្រោកព្រមគ្នា រួចអូសនាំអឺឈីងចេញទៅខាងក្រៅ តាមទ្វារដែលខ្លួនមានបំណងចង់ទៅលំហែខួរក្បាលមុននោះ។
"លែង..លោកខេនចង់នាំខ្ញុំទៅណា?"
"កន្លែងណាដែលនាងគិតថាស្ងប់ស្ងាត់អាចឲ្យពួកយើងនិយាយគ្នាបាន"
"តែខ្ញុំ..ខ្ញុំគ្មានអីនិយាយជាមួយលោកទេ លែង..លោកខេន"
"ខេវីល!!!" ម្ដងនេះអឺឈីងនាងមិនបានហៅត្រឹមឈ្មោះហៅក្រៅរបស់គេទេ ស្រីស្រស់ក្លាហានហៅឈ្មោះពិតប្រាកដរបស់អ្នកកម្លោះចេញមកក្ដែង រហូតទាល់តែអ្នកម្ខាងទៀតឈប់បានសម្រេច។ អឺឈីងមិនបង្អង់ប្រញាប់រើបម្រាស់ខ្លួនចេញពីការអោបណែនផ្អឹសនោះ យករួចខ្លួនទាល់តែបាន។ ខេនគេមិនបានប៉ះរឺអោបនាងបន្តទៀត ដោយប្ដូរមកជាអោបដៃចូលគ្នាសំឡឹងមើលទៅស្រីកំណាន់ដែលគេតាមរកសឹងតែជ្រែកដីនោះពីក្បាលរហូតដល់ចុងជើងតែម្ដង។
"ឈីងធ្វើការនៅទីនេះ?"
"មិនមែនជារឿងរបស់លោកទេ បើគ្មានការអីទេ ខ្ញុំសុំលាសិនហើយ"
"នរណាថាខ្ញុំឲ្យនាងទៅនោះ?" កាលបើអឺឈីងបែរខ្លួនបំណងចង់ដែរចេញ ខេនក៏លើកដៃម្ខាងចាប់ក្បាលនាង បង្វិលឲ្យបែរមករកគេវិញ ដូចជាកូនតុក្កតាអ៊ីចឹង។ អឺឈីងនាងខឹង ខឹងដល់ក្ដាប់មាត់សង្គ្រឺតធ្មេញ នេះនាងមិនគិតទាល់តែសោះ ថានាងនឹងបានជួបគេម្ដងទៀតក្នុងរយៈពេលខ្លីបែបនេះ។
"ហេតុអីក៏រត់ចោលខ្ញុំ?" ខេនបន្ទន់ខ្លួន អោនមុខចុះទៅជិតៗអឺឈីង សួរនាំនាងចំៗមិនអូសបន្លាយពេលវេលាតែម្ដង។ រាងតូចឯណោះក៏ភ័យមិនតិចដែរ តែព្យាយាមធ្វើខ្លួនក្លាហាន ពើងទ្រូងឆ្លើយតបនឹងខេនវិញមិនឲ្យទាស់ចិត្ត។
"ខ្ញុំមិនបានរត់ ខ្ញុំបម្រើលោករួច ផុតម៉ោងខ្ញុំក៏ចេញមកផ្ទះវិញ នេះអីទម្លាប់របស់ស្រីៗរកសុីនោះ"
"នាងកុហក" ខេនស្ដាប់នាងបកស្រាយទាំងគ្មានសម្ដីនាងមួយម៉ាត់ណាដែលគេគិតថានឹងជឿសោះ ស្រីរកសុីហ្អេស៎? ទោះវាយដល់ស្លាប់ក៏គេមិនជឿដែរ។
"នាងនៅមានភាពបរិសុទ្ធ.."
"ខ្ញុំមិន.."
"នាងកុំព្យាយាមកុហកខ្ញុំឲ្យសោះ ខ្ញុំជាមនុស្សចាស់ នាងជាក្មេងត្រូវតែស្ដាប់" ខេនប្រើកាតអាយុមកគម្រាមអ្នកម្ខាងទៀត ឲ្យនាងស្ងាត់បាត់មាត់ដូចគេចុក។ អឺឈីងនាងមិនមានអ្វីនិយាយ បានត្រឹមតែងាកបែរមុខទៅម្ខាង ហាក់ព្យាយាមសម្រួលអារម្មណ៍ខ្លួនឯងនាពេលនោះ។
"ចុះបើខ្ញុំនៅក្រមុំ វាយ៉ាងម៉េច? ស្រីរកសុីក៏ជាស្រី មុននឹងបម្រើភ្ញៀវជាប់លាប់រាល់ថ្ងៃ ពួកគេក៏ត្រូវឆ្លងកាត់រឿងដំបូងៗអស់ទាំងនេះ"
"តែនាងក៏ជ្រើសរើសខ្ញុំ!" ម្ដងនេះខេនគេញ៉ោចស្នាមញញឹម ព្រោះបើនាងនិយាយបែបហ្នឹង វាហាក់បីដូចជាគេជាមនុស្សដែលនាងជ្រើសរើសកាត់ខ្សែបូរក្រហមដំបូងអ៊ីចឹង។
"ខ្ញុំមិនបានជ្រើសរើសលោកទេ ខ្ញំទៅព្រោះតែលុយតែមួយមុខប៉ុណ្ណោះ"
"តែខ្ញុំជ្រើសរើសយកនាង អឺឈីង" បញ្ចប់ប្រយោគ ខេនក៏លូកដៃទៅចាប់កាន់ករដៃតូចស្រឡូនរបស់អឺឈីង មុននឹងគេចាប់ភ្លឹកឃើញដៃនាងមានស្នាមដាច់រលាតគួរឲ្យបារម្ភបំផុត។
"លោកខេន ខ្ញុំថា—"
"ដៃនាងទៅត្រូវនឹងអី? ហេតុអីក៏មានរបួស? វាបង្កពីការធ្លាក់អម្បាញ់មិញមែនរឺអត់? យើងទ្រនាងមិនល្អមែនទេ?"
"គឺថាមិនមែនទេលោកខេន.."
"អ៊ីចឹងវាបន្សល់ពីយប់នោះមែនទេ? យើងលេងនាងធ្ងន់ដៃពេកទើបនាងមានរបួសមែនទេ? មិនបានទេ នាងត្រូវតែទៅពេទ្យ" រកតែអឺឈីងនិយាយបកស្រាយមិនទាន់ សំនួររាប់សិនសំនួរហោះចេញពីមាត់ខេនមិនដាច់ដូចជាគេអានសំបុត្រ មិនតែប៉ុណ្ណឹង គេនៅទាមទារយកនាងទៅពេទ្យដោយសារតែរបួសតូចមួយនេះទៀត។
"របួសប៉ុណ្ណឹងវាមិនស្លាប់ទេលោក"
"ហេតុអីក៏នាងប្រាកដម៉្លេះ?"
"មកពីខ្ញុំទម្លាប់— ហ្អាយ៎!!!!" បបូរមាត់ដែលព្យាយាមបកស្រាយ ពេលនេះក៏ស្រែកចាច៎ កាលបើអ្នកសួរនាំខ្លួនសុខៗបែរជាចាប់បីនាងឡើងយ៉ាងគំហុក មិនឲ្យដំណឹងអីជាមុនសោះ។ អឺឈីងបើកភ្នែកធំៗ រឹងខ្លួនកំព្រឹសដូចជាដុំទឹកកក នេះគេប្រុងបីនាងទៅណា? នាងមិនទៅជាមួយគេដាច់ខាត។
"លោក..លោកខេនដាក់ខ្ញុំចុះ"
"ក្មេងបញ្ជាចាស់មិនបានទេ" ខេនគេមិនខ្មាសអៀន ដោយគេបីអឺឈីងចេញមកកាត់ចំណោមអ្នកគ្រប់គ្នា រួចបន្តឆ្ពោះទៅកាន់កន្លែងចតឡាន ដែលជាការសំណាងមានចូវិននៅចតចាំទីនោះមិនទាន់ចេញទៅបាត់។
ប្រឹប!
"អ្នកប្រុស នេះ.. អូហ៍!" កាលបើឃើញអ្នកប្រុសខ្លួនចេញមកទាំងប្រញាប់ ចូវិនដែលនៅអង្គុយបាញ់ហ្គេមក្នុងឡានឯណោះក៏ប្រញាប់បោះទូរសព្ទ័ រួចបើកទ្វារចេញមកសួរនាំ ហើយក៏ភ្ញាក់កាលបើឃើញវត្តមានស្រីម្នាក់នៅក្នុងរង្វង់ដៃខេនឯណោះ។
"នេះគឺ..."
"ឲ្យសោរឡានមក" ខេនគេមិននិយាយច្រើន លូកដៃទាញយកសោរឡានពីចូវិន រួចបីអឺឈីងទៅដាក់ផ្នែកម្ខាងក្បែរតៃកុង មុននឹងគេខ្លួនឯងរត់មកកន្លែងបញ្ជាចង្កូតវិញ។
"ប្រាប់ចៅហ្វាយឯងផង ថាយើងខ្ចីឡានវាមួយសិន"
"យកតែម្ដងក៏បានដែរទាន៎ ព្រោះរាល់ថ្ងៃការ៉ាស់ចង្អៀតណាស់"
"ល្អ!" ខេនញញឹមបង្ហាញភាពស្រស់ស្រាយទៅកាន់ចូវិន មុននឹងចូលឡាន បើកចេញនាំស្រីក្មេងទៅយ៉ាងលឿន ហាក់ដូចជាខ្លាចថាបើគេយឺតមួយនាទី ក្មេងស្រីនោះនឹងត្រូវធរណីស្រូបបាត់។
"នេះអីឥទ្ធិពលស្រីក្មេង សេដចុះសេដឡើងបានជួបគ្នាវិញយ៉ាងអំភើយ"
"ហ៊ើយ! អាចូវិនអើយអាចូវិន..តែប៉ុណ្ណេះបានដើរទៅផ្ទះទៀតហើយហ្អែង" មាត់រអ៊ូរទាំអ៊ីចឹងមែន តែក្នុងចិត្តគេក៏រីករាយមិនតិចដែលខេនគេបានជួបនឹងមនុស្សដែលគេប៉ងចង់ជួបសឹងតែស្លាប់ ចាត់ទុកថាស្រាយបន្ទុកគេមួយចុះ ព្រោះបើនៅតែរកក្មេងនោះមិនឃើញ ប្រាកដណាស់ ចូវិន ច្បាស់ជាក្លាយជាផេះជាក់ជាមិនខាន៕
—
អាណិតបងណាស់ ចូវិនសង្សារអូនអើយ ហ៊ឹកហ៊ឹក៕
YOU ARE READING
ចំណងបេះដូងមួយរាត្រី
Romanceចំណងស្នេហ៍កើតចេញពីការអាណិតស្រឡាញ់ដែលកម្លោះមន្ត្រីការទូតមានទៅលើស្រីសាមញ្ញម្នាក់ដែលសុខចិត្តលក់ខ្លួន ព្រោះទ័លច្រក។ ខេន x អឺឈីង