ភាគទី73

134 8 1
                                    

រឿង : ចំណងបេះដូងមួយរាត្រី
    ភាគទី73

កែវភ្នែកមុតស្រួចរបស់លូហ្ស៊ីង ពេលនេះក៏ងាកសំឡឹងមើលទៅកម្ទេចកម្ទីទូរសព្ទខ្លួនដែលនៅលើដីឯណោះ ចិត្តខឹងសម្បារពុះកញ្ជ្រោលខ្លាំងជាងចិត្តព្រួយបារម្ភ ដែលមកដល់បានឃើញនឹងដឹងថាម៉ាខេឡានាងបាត់ខ្លួន។
"ពួកឯង! ទៅងាប់ឯណាអស់ហើយ ហ្អាស៎!!!!" គេស្រែកគំហកមួយទំហឹង មុននឹងមានបុគ្គលិកប៉ុន្មាននាក់ចូលមក ក្នុងនោះក៏មានបុគ្គលិកម្នាក់ដែលចូលទៅរកគេនៅឯបារឯណោះដែរ។ លូហ្ស៊ីងបានឃើញមុខ ហើយគេក៏ចងចាំមុខបុគ្គលិកម្នាក់នោះដូចគ្នា។
"ឯង..."
"ឯងជាអ្នកយកអាហារមកឲ្យម៉ាខេឡា នាងនៅរឺមិននៅ ហេតុអីក៏មិនរាយការណ៍?" បុរសដែលដឹងថាដល់ពេលវេលាដែលខ្លួនត្រូវបានបកស្រាយចំមុខ ទើបគេដើរហួសគ្រប់គ្នាមួយជំហាន រួចអោនក្បាលចុះ មិនហ៊ានសំឡឹងភ្នែកចំអ្នកជាចៅហ្វាយ។
"ដោយសារឃើញចៅហ្វាយមានការរវល់ហើយ ទើបខ្ញុំបាទមិនហ៊ានរាយការណ៍ ពេលឃើញអ្នកនាងម្នាក់នោះទៅរកលោក.."
"មករក..យើង?" សម្ដីបុគ្គលិកម្នាក់នោះ នាំឲ្យមាត់រឹងមានៈរបស់លូហ្ស៊ីងគាំងស្ដឹងមួយកន្លែង។
"ខ្ញុំបានដើរបុកគ្នានឹងអ្នកនាងម្នាក់នោះ ពេលចេញពីបារមក ដូច្នេះខ្ញុំក៏គិតថាអ្នកនាងទៅរកលោក"
"ប្រាប់កូនចៅយើងឲ្យតាមរកនាងភ្លាម ទោះជាហែកក្រុងសៀងហៃជាពីរ ក៏ត្រូវតែយកនាងមកវិញឲ្យបានដែរ យល់ទេ!!!"
"បាទទាន៎"
បញ្ជាទាន់ហន់ក៏ត្រូវបានអនុវត្តន៍ភ្លាម បុគ្គលិកក្រោមគំនាបប៉ុន្មាននាក់ក៏ប្រញាប់រត់ចែកជើងគ្នា ផ្សព្វផ្សាយបញ្ជាដែលចៅហ្វាយប្រុសទើបតែប្រាប់កាត់ព្រឹកព្រលឹមថ្ងៃមិនទាន់រះត្រង់ទិសផងនោះ។ ពួកគេនាំគ្នាទៅអស់ ទុកឲ្យបន្ទប់ផេនហោស៍របស់លូហ្ស៊ីងកាន់តែល្ហល្ហេវថែមទៀត។
"ម៉ាខេឡា..ម៉ាខេឡា!"
"ហ៊ឹស! នេះឯងចង់ធ្វើឲ្យបងខឹងដល់ស្លាប់មែនទេ?" រាងខ្ពស់បន្តជំហានដើរចូលហួសទៅខាងក្នុងបន្ទប់ ដៃមាំទម្លាក់ចុះ ក្ដាប់កាន់ថាសអាហារត្រជាក់ស្រេង មុននឹងគ្រវាសវាចោលមួយទំហឹង ខណៈត្រចៀកនៅលើសម្ដីអ្នកខលមកតាមទូរសព្ទនោះមិនដាច់សូម្បីមួយម៉ាត់។
(ហ៊ឹស! កុំឲ្យយើងរកខេឡាឃើញមុនឯងឲ្យសោះ ព្រោះបើយើងរកឃើញនាងមុន នាងជារបស់យើង)
"របស់ឯងហ្អេស៎? ជួយមិនបានទេ ប្រុសនាងឆ្លងកាត់ដំបូងជាយើង យ៉ាងណាក៏យើងនៅតែជាអ្នកឈ្នះ" សម្ដីក្រអើតក្រទម ពេលនេះក៏ធ្លោយចេញពីមាត់របស់លូហ្ស៊ីងភ្លាម គេញ៉ោចស្នាមញញឹមឡើងក្នុងនាមជាអ្នកដែលឈ្នះ តែវិនាទីបន្ទាប់ពីស្នាមញញឹមនោះ ទឹកមុខគេក៏ប្រែក្លាយមកជាក្រញ៉ូវភ្លាម ត្បិតពេលនេះ អ្នកដែលគេម្នាក់នោះអះអាងថាជារបស់ខ្លួន មិនបាននៅក្បែរដៃគេទេ ដូច្នេះឱកាសដែលជាអ្នកឈ្នះក៏មានតិច។
"បងនឹងរកឯងឲ្យទាល់តែឃើញម៉ាខេឡា មិនថាប្រើវិធីស្អីក៏ដោយចុះ បងមិនចាញ់អាអ្នកចាស់ឯងជាដាច់ខាត"

    ការប្ដេជ្ញាចិត្តដែលចេញពីមាត់របស់លូហ្ស៊ីង ប្តេជ្ញាបែបចង់ឈ្នះចាញ់នោះ បើសិនជាម៉ាខេឡាបានដឹង.. មិនដឹងជាបេះដូងនាងធ្លុះធ្លាយកម្រិតណាទេ។
    ពន្លឺព្រះអាទិត្យចាប់ចែងចាំងបំភ្លឺផ្ទៃក្រុងទាំងមូល ក្រោយពីត្រូវគ្របដណ្ដប់ដោយភាពងងឹតនឹងភ្លៀងបង្អុរពេញមួយរាត្រីរួចមក។ អ្នកចេញដំណើរទៅធ្វើការ ទៅសាលារៀន ពេលនេះក៏កំពុងតែមមាញឹក ញាប់ដៃញាប់ជើងគ្រប់គ្នា។ ភាពស្វាហាប់នឹងមានថាមពលរបស់ពួកគេ វាហាក់បីដូចជាធ្វើឲ្យមនុស្សស្រីម្នាក់ដែលនៅក្នុងចំណោមនោះ មើលទៅដូចជាមនុស្សគ្មានស្មារតីនឹងទន់ខ្សោយជាទីបំផុត។
"អ្ហឺ" រាងកាយសក្បុសរបស់អ្នកស្លៀកត្រឹមអាវសឺមីមនុស្សប្រុសដៃវែង បិទបាំងត្រឹមតែខោជើងស្ទើរកាលុងខុង មិនសាកសមជាសម្លៀកបំពាក់របស់មនុស្សស្រីសោះ។ ម៉ាខេឡាចេញពីសណ្ឋាគារផារ៉ាដាយ៍តាំងតែពីយប់ ហើយនាងក៏មកសម្ងំអង្គុយតែម្នាក់ឯងនៅឯចំណតឡានក្រុង តាំងតែពីយប់រហូតមកទល់ពេលនេះ ដល់ថ្នាក់បាតដៃនាងឡើងស្ពឹកស្រពន់អស់ក៏នាងមិនព្រមក្រោក។
(បង..បងស្រីមិនអីទេហ្អីបង?)
(បងស្រីម្នាក់នេះមើលទៅភ្លឹកៗ ចម្លែកណាស់ គួរប្ដឹងប៉ូលីសអត់?)
ខណៈពេលដែលនាងអង្គុយ ក៏មានសិស្សស្រីជនជាតិពីរនាក់និយាយគ្នាជាភាសាអង់គ្លេស ទើបអាចឲ្យម៉ាេខឡាស្ដាប់យល់ ប្រញាប់ប្រញាល់ក្រោកចេញពីចំណតដែលខ្លួនបោះទីតាំងអង្គុយតាំងតែពីយប់។
    ដំណើរគ្មានគោលដៅរបស់ម៉ាខេឡាក៏នៅតែបន្តទៅមុខ នាងដើរតាំងតែពីស្បែកជើងនៅស្អាតបាត ប្ដូរផ្លាស់មកជាដាច់រលាត់អស់ តែម្ចាស់ជើងមួយគូនេះក៏មិនបញ្ឈប់ ពោលគឺនាងដើរហួសពីមួយប្លុកទៅមួយប្លុក ដើរពីក្នុងក្រុងបន្តរហូតទាល់តែទៅដល់ផ្លូវមួយដែលមានផ្ទះលក្ខណៈជាភូមិ ពិសេសអ្វីដែលទាក់អារម្មណ៍នាងឲ្យសំឡឹងមើលទម្លាក់ភ្នែកនោះ វាគឺជាហ្វូងដើមឈើរីដែលមានដុះពីមុខផ្ទះនីមួយឯណោះ។
    នាងបន្តដើរ ដើររហូតដល់តែមកដល់ខាងមុខភូមិមួយដែលមើលទៅបាក់បែក តែនៅពីមុខក៏មានក្លោងទ្វារចំណាស់មួយ ដែលមើលទៅអាចទាញបំបិតបាន បើនាងក្លាហាន ហ៊ានប្រថុយចូល ប្រាកដណាស់ នាងអាចយកទីនេះជាកន្លែងស្នាក់អាស្រ័យបានបណ្ដោះអាសន្ន។
"ខ្ញុំ..មិនមានហេតុផលអីត្រូវត្រឡប់ទៅរកបងហ្ស៊ីងវិញទេ បងអាល់ហ្វ្រេដូក៏ដូចគ្នា..." ម៉ាខេឡានៅឈរទ្រឹងសំឡឹងមើលទៅកាន់ផ្ទះបាក់បែក មើលទៅប្រៀបដូចជាសំណាក់ចាស់ដែលរងការខូចខាតហើយត្រូវគេបោះបង់ចោល មិនខុសពីនាងដែលជាមនុស្សខូចចិត្តនឹងត្រូវគេបោះបង់ចោលគ្រប់គ្នាដែរ។
....
    ការស្វែងរកម៉ាខេឡានៅតែបន្តធ្វើឡើង ដោយពេលនេះអ្នកតាមរកក៏បន្ថែមគ្នាកាន់តែច្រើន ព្រោះចៅហ្វាយប្រុសឯណោះដាក់បញ្ជាមកដាច់ខាតគឺត្រូវតែរកមនុស្សស្រីម្នាក់នេះឲ្យឃើញ បើមិនឃើញ កុំលេចមុខឲ្យគេឃើញទៀត។
    រាងខ្ពស់អង្គុយលើសាឡុងក្នុងបន្ទប់ អង្រួនជើងពីតិចៗទៅញាប់ស្អេក អារម្មណ៍គេពេលនេះវាស្មុគស្មាញជាងការស្មានទុកទៅទៀត នៅពីក្រោយភាពមានៈចង់ឈ្នះរបស់គេ អារម្មណ៍ព្រួយគិតក៏មានខ្លះដែរ ព្រោះម៉ាខេឡានាងជាប្អូនរបស់មិត្តសម្លាញ់ខ្លួន គេលួចយកប្អូនមិត្តមក ហើយបាត់នាងទៅបែបនេះ បើសិនជារកមិនឃើញ តើគេមានមុខឯណាទៅប្រាប់មិត្ត?
"លូហ្ស៊ីង.."
"អឺម?" កាលបើគេអង្រួនជើងកាន់តែញាប់ខ្លាំង អ្នកដែលអង្គុយទល់មុខក៏ចាប់ហៅគេភ្លាម។ លូហ្ស៊ីងប្រញាប់បញ្ឈប់សកម្មភាព រួចងាកបន្ទន់ក្រសែភ្នែកមើលទៅអ្នកដែលកំពុងតែប្រើក្រសែភ្នែកឆ្ងល់សំឡឹងមើលមកឯណោះ។
"ខ្ញុំរំខានក្លារ៉ាមែនទេ? សុំទោស"
"មិនរំខានអីទេ ខ្ញុំហៅក៏ព្រោះឃើញលោកស្មារតីដូចជាមិននៅក្នុងខ្លួនសោះ"
"បារម្ភហ្អេស៎?" លូហ្ស៊ីងក៏ឧទានបញ្ចើចបញ្ចើរដាក់ក្លារ៉ា ខណៈអ្នកម្ខាងទៀតនៅរក្សាទឹកមុខរឹងដដែល។
"កុំឲ្យរឿងយប់មិញចូលក្នុងអារម្មណ៍លោកឲ្យសោះលូហ្ស៊ីង ចាត់ទុកថាវាជា one night stand ដ៏ល្អមួយទៅចុះ"
    មួយម៉ាត់ចេញពីមាត់ក្លារ៉ា ដូចជាហែកច្រៀកអារម្មណ៍ត្រេកត្រអាលរបស់អ្នកម្ខាងទៀតចោលអស់។ គេអោនមុខ រួចលូកដៃទៅចាប់ដៃក្លារ៉ាតិចៗ រួចព្យាយាមមើលចូលក្នុងភ្នែកនាង។
"ហេតុអីក៏ទុករឿងនោះក្នុងអារម្មណ៍ខ្ញុំមិនបាន? យ៉ាងណាក៏នាងមិនជាប់ពាក់ពន្ធ័ជាមួយនឹងប្រុសណាទៀត"
"នេះលោក.."
"ក្លារ៉ាប្រហែលមិនដឹងទេ តែខ្ញុំពេញចិត្តនាងមកយូរហើយ ពេញចិត្តស្ងាត់ៗមិនឲ្យនាងដឹង រហូតដល់ពេលនេះ" លូហ្ស៊ីងពោលលួងលោមដែលស្ដាប់លឺហើយ ក្លារ៉ាក៏ចងចិញ្ចើមមើលទៅគេ មុននឹងបោះសំនួរសួរបកស្រេច។
"ពេញចិត្តមកជាយូរ? ប្រាកដរឺអត់ថាលោកមិនដែលគិតបែបនេះលើនរណាផ្សេងទៀត?"
"បើគិតមែន ក៏មិនខ្លាំងក្លានឹងស្មោះត្រង់ដូចជាជាមួយអ្នកនាងក្លារ៉ាដែរ"

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now