រឿង : ចំណងបេះដូងមួយរាត្រី
ភាគទី92ក្រោយទទួលបានដំណឹងទាក់ទងនឹងម៉ាខេឡានៅមន្ទីរពេទ្យភ្លាម លូហ្ស៊ីងក៏ប្រញាប់ប្រញាល់ទៅទីនោះយ៉ាងលឿន លឿនជាទីបំផុតតែម្ដង។
"អត់ទោស អ្នកជម្ងឺម៉ាខេឡា..."
"ម៉ា-ខេ-ឡា" អ្នកនៅខាងក្រោមក៏ឆែករកមើលបន្ទប់សម្រាករបស់ម៉ាខេឡា រួចទើបដឹងថានាងស្នាក់នៅបន្ទប់ដែលមានតម្លៃថោកបំផុតនៅទីនោះ ព្រោះអ្នកដែលជួយនាងហើយនឹងនាំនាងមកសុទ្ធសឹងតែជាជនអនាថា ពួកគេមានសមត្ថភាពឯណោះរកបន្ទប់ថ្លៃឲ្យនាងដេកនោះ?
"ជួយប្ដូរបន្ទប់ឲ្យនាងផង យកបន្ទប់វីអាយភី"
"ចាស៎លោក ចាំខាងយើងរៀបចំជូន"
លូហ្ស៊ីងទូទាត់រួចរាល់ គេក៏ប្រញាប់ដើរទៅរកបន្ទប់ដែលម៉ាខេឡាស្នាក់នៅតែម្ដង។ វាស្ថិតនៅជាន់ផ្ទាល់ដី ផ្នែកខាងក្រោយ ហើយវាក៏មើលទៅរញ៉េរញ៉ៃខ្លាំងតែម្ដង លូហ្ស៊ីងចងចិញ្ចើម មិនបានគិតខ្វល់អ្វីទាំងអស់ នាយប្រញាប់ដើរចូលទៅភ្លាម មុននឹងមានអ្វីម៉្យាងហោះមកបុកមុខគេលាន់បឿក។
"ចេញទៅ! កុំមកជិតខ្ញុំ.. ចេញញញញ"
ខ្នើយទន់តែក្រាស់ហោះមកបុកនឹងមុខរបស់លូហ្ស៊ីងសឹងតែបែកអំបិលអំពែកគេអស់ គេងើបភ្នែកសំឡឹងទៅមើលក៏ឃើញថាអ្នកគប់នោះជាម៉ាខេឡា អ្នកដែលនៅអង្គុយលើគ្រែពេទ្យដ៏តូចចង្អៀតមួយហ្នឹងឯង។
"បើអ្នកនាងមិនសម្រាក ពួកយើងមានតែចាក់ថ្នាំ"
"ចេញទៅ! ខ្ញុំមិនដេក អ្ហឹក! កូនខ្ញុំមិនងងុយ កូនខ្ញុំគេនៅចាំប៉ា អ្ហឺ" ម៉ាខេឡាស្រែកតវ៉ា ទាំងភ្នែកសងខាងខ្មៅរ៉ូង ដូចជាមនុស្សគ្មានកម្លាំងកំហែងពេញលេញ មនុស្សដែលមិនបានដេក។ លូហ្ស៊ីងមិនបង្អង់ ប្រញាប់ដើរវែកផ្លូវពេទ្យប៉ុន្មាននាក់នោះចូលទៅរកនាង។
ម៉ាខេឡា កាលបើបានឃើញវត្តមានរបស់នាយចូលមក ភាពកោងកាចនឹងស្លន់ស្លោររបស់នាងក៏ប្រែមកជាស្ងប់ ជាឱកាសអាចឲ្យមាឌមាំចូលទៅរកនាង រួចបន្ទន់ជង្គង់ ចាប់កាន់ថ្ពាល់នាងជាប់ អង្អែលតិចៗទាំងស្នាមញញឹមពេញប្រៀបលើផ្ទៃមុខតែម្ដង។
"បងសប្បាយចិត្តដែលឯងនឹងកូនមិនអីណា៎"
"បង..បងហ្ស៊ីង" សម្ដីគេមួយម៉ាត់នាំឲ្យភ្នែកអ្នកម្ខាងទៀតប្រែមកជារលីងរលោង រកតែសម្រក់ទឹកភ្នែកចុះ។ នាងសំឡឹងមើលមុខគេ ងាកបែរក្បាលទៅមកតិចៗ បង្ហាញថា ម៉ាខេឡាពេលនេះ ស្មារតីនាងមិនប្រក្រតីប៉ុន្មានទេ អាចមកពីនាងភ័យខ្លាចនឹងការចាប់ជម្រិតមួយនោះខ្លាំងពេកក៏ថាបាន លូហ្ស៊ីងគេក៏មិនបានប្រកាន់ដែរ សំខាន់ឲ្យតែនាងនឹងកូនមិនបានកើតអីគឺល្អហើយ។
"លោក..គឺ.."
"ទីនេះទុកឲ្យខ្ញុំចុះ លោកជួយទៅរៀបចំលិខិតចេញពីពេទ្យឲ្យផង ខ្ញុំនឹងយកម៉ាខេឡាចេញពីពេទ្យនៅថ្ងៃនេះតែម្ដង.." ពេទ្យងាកសំឡឹងមើលមុខគ្នាបន្តិច ហាក់ដូចជានៅមានអ្វីដែលមិនទាន់បានប្រាប់ តែពួកគេក៏មិនអាចហាមាត់បាន ត្បិតថាឃើញភ្នែករលីងរលោង បូករួមនឹងភាពសោកសៅរបស់អ្នកជម្ងឺនៅលើគ្រែឯណោះ។
គ្រូពេទ្យចេញទៅបាត់អស់ ពេលនេះក៏នៅសល់តែវត្តមានរបស់ម៉ាខេឡានឹងលូហ្ស៊ីងតែពីរនាក់ នាងចោលភ្នែកសំឡឹងមើលទៅគេ ខណៈពេលដែលលូហ្ស៊ីងកំពុងតែទម្លាក់ដៃទៅកាន់អង្អែលប៉ះផ្ទៃពោះនាង ដូចជាសប្បាយចិត្ត មានក្ដីសុខឥតឧបមា ការដែលបានឃើញគេមានអាការៈបែបនេះ វាក៏ធ្វើឲ្យអារម្មណ៍ភ័យខ្លាចនាងបានស្រាកស្រាន្ត ហើយក៏នាំឲ្យនាងក្លាហានហ៊ានហើបមាត់និយាយប្រយោគខ្លះចេញ។
"បងហ្ស៊ីង.."
"ហ៊ឹម?" លូហ្ស៊ីងគ្រហឹមស្រាលតប រួចក៏ងើបមើលមុខម៉ាខេឡាតបវិញ។
"ពួកយើង.. រៀបការទៅ" មាឌមាំ កាលបើបានលឺនាងនិយាយប្រយោគដែលខ្លួនធ្លាប់និយាយម្ដងរួចមក គេក៏រៀងភ្ញាក់បន្តិចដែរ តែភាពភ្ញាក់ផ្អើលមួយភ្លែតក៏ប្ដូរមកជាស្នាមញញឹមបែបយល់ស្របទៅវិញ។
"មែនហើយ! ពួកយើងរៀបការជាមួយនឹងគ្នាទៅ បងមិនចង់ឲ្យពួកយើងហត់នឿយនឹងការគេចវេសទៀតទេ ម៉្យាងបងក៏ចង់ឲ្យអាខេនបានទុកចិត្តមកលើបងវិញដែរ"
"ពិត..ពិតមែនហ្អេស៎?" ម៉ាខេឡាឧទានឡើងទាំងញ័រមាត់ ក្រោយពីទទួលបានការយល់ស្របពីសំណាក់លូហ្ស៊ីងមកវិញ។ នាងបន្ទន់ខ្លួន ចូលទៅអោបខ្លួនគេ មុននឹងទឹកភ្នែករាប់សិបតំណក់ស្រក់ហូរជ្រែកផែនថ្ពាល់ ដូចជាទឹកដែលបាក់ទំនប់។
"រៀបការរួចពួកយើងនឹងនៅជាមួយគ្នារហូតត្រូវទេ? បងហ្ស៊ីង.. បងនឹងមិនចោលខ្ញុំទេត្រូវទេ?"
"អឺម" លឺសំនួរអ្នកដែលកំពុងតែអោបខ្លួនសួរ លូហ្ស៊ីងក៏គ្រហឹមតប ជំនួសដោយការអោបនាងជាប់ណែនវិញ។ គេងាកភ្នែកមើលទៅកាន់ព្រៃព្រឹក្សាដែលនៅខាងក្រៅហាក់ព្យាយាមកម្ចាយអារម្មណ៍ មុខវិញក៏ព្យាយាមញញឹម បង្ខំខ្លួនឯងឲ្យគិតថានេះជាការសម្រេចចិត្តដែលល្អបំផុតសម្រាប់ដំណើរជីវិតរបស់ខ្លួន។
(ជីវិតមនុស្សយើង មិនមែនអង្គុយតែជោគជ័យរហូតទេ)
(បើយើងមិនសម្រេចបែបនេះ យើងនឹងបាត់បង់កូន ដូចជាយើងបាត់បង់ក្លារ៉ាអ៊ីចឹង)
—
សង្ឃឹមថានឹងពេញចិត្តណា៎ 🌸✨
YOU ARE READING
ចំណងបេះដូងមួយរាត្រី
Romanceចំណងស្នេហ៍កើតចេញពីការអាណិតស្រឡាញ់ដែលកម្លោះមន្ត្រីការទូតមានទៅលើស្រីសាមញ្ញម្នាក់ដែលសុខចិត្តលក់ខ្លួន ព្រោះទ័លច្រក។ ខេន x អឺឈីង