ភាគទី17៖ ថ្ងៃដែលយើងបែកគ្នា

68 5 0
                                    

ថ្ងៃដែលបែកវាក៏មកដល់ហើយ, គេចេញទៅហើយ!

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី17៖ ថ្ងៃដែលយើងបែកគ្នា

ម៉ោង5ព្រឹក
ពេលវេលានៅក្បែរកាយមួយរាត្រី សព្វដងវាយូរខ្លាំងណាស់សម្រាប់គូស្នេហ៍មួយគូនេះ តែហេតុអី? ហេតុអីក៏យប់មិញកន្លងទៅលឿនម៉្លេះ? មិនអាណិតពួកគេទេមែនទេ?
រាងកាយមាំទាំពើតពើងរាងកាយខ្លួនទាំងចុករោយចង្កេះមិនស្ទើរ ដៃមាំទម្លាក់ចុះ មានបំណងចង់រាវទាញយកខ្លួនតូចមកអោប តែក៏បញ្ឈប់វិញ ត្បិតនឹកឃើញថាបន្តិចទៀតក៏ដល់ពេលដែលគេត្រូវចាកចេញទៅកាន់ព្រលានយន្តហោះ បើសិនជាគេអោបនាង វាដូចជាដាស់នាងឲ្យក្រោកនឹងឃើញគេចាកចេញទៅអ៊ីចឹង ដល់ពេលគេក៏ប្រាកដជាមិនអាចធ្វើចិត្តចាកចេញចោលម្ចាស់កែវភ្នែកមូលក្រឡង់មួយគូនេះដែរ។
តែ..
"ឈីងបាត់ទៅណា?" ចិត្តកំពុងតែគិតថាមិនចង់រំខាននាងឲ្យក្រោក តែពេលប្រាសខ្លួនបែរមក គេក៏ទើបដឹងថានាងមិនបាននៅលើគ្រែគេងជាមួយគេទេ។ ខេនស្ទុះវឹងក្រោកទាំងស្វាងចេស ចំណែកភ្នែកវិញក៏ងាកត្របាញ់មើលសព្វក្នុងបន្ទប់ ក្រែងនាងក្រោកទៅគេងកន្លែងណាផ្សេងក្រៅពីនៅលើគ្រែជាមួយខ្លួន។
"ឈីង! អឺឈីង?" ការងឿងឆ្ងល់មិនមែនជាដំណោះស្រាយ ខេនមិនបង្អង់ប្រញាប់ក្រោកទាញអាវយកមកច្រក សម្រឹបជើងរត់លឺលាន់ផឹបៗក៏បន្លឺឡើងពេញក្នុងសំណាក់ត្រកូលហ័រកាត់ព្រឹកព្រលឹម ថ្ងៃមិនទាន់រះ។ គេចេញមកទាំងទឹកមុខភ័យបារម្ភ ព្រោះធ្លាប់មានប្រវត្តិក្រោកមកបាត់ស្រមោលនាងលែងនៅក្បែរខ្លួនម្ដងទៅហើយ គេមិនអាចបណ្ដោយឲ្យរឿងទាំងអស់នោះកើតឡើងម្ដងទៀតនោះទេ។
"អឺ.."
"ខ្ញុំនៅទីនេះ" កាលបើគ្រាន់តែទម្លាក់ជើងជាន់បន្ទប់ក្បែរផ្ទះបាយភ្លាម សំឡេងផ្អែមស្រទន់របស់អឺឈីងក៏លាន់លឺឡើង ដូចដកបន្លាចេញពីទ្រូងរបស់ខេនភ្លាមៗតែម្ដង។ គេមិនបង្អង់ប្រញាប់រួសរ៉ាន់ដើរសម្ដៅចូលទៅរកអឺឈីងនៅទីនោះ ក្លិនឈ្ងុយនៃម្ហូបអាហារទើបនឹងឆ្អិនទាក់ទាញអារម្មណ៍ បន្ថែមនូវស្នាមញញឹមពាសពេញលើផ្ទៃមុខនាយកម្លោះថែមមួយកម្រិតទៀត។
"អាហារច្រើនណាស់ ចំណាយពេលចម្អិនក៏ប្រហែលជាមិនតិចម៉ោងដែរ នេះឈីងក្រោកតាំងពីថ្មើរណាមក?" ចិត្តមួយត្រេកអរពេលបានឃើញអាហារឆ្ងាញ់នៅចំពោះមុខ តែចិត្តមួយទៀតក៏បារម្ភ ហើយអាណិត ព្រោះការចម្អិនម្ហូបត្រូវចំណាយពេលមិនតិច នេះម៉ោងទើបតែ5ព្រឹក នាងក៏ក្រោកចម្អិនអាហាររួចអស់ មិនជានាងក្រោកតាំងពីថ្មើរណាមកទេ គេមិនបានដឹងទាល់តែសោះ។
"ខ្ញុំចម្អិនតែមួយភ្លែតប៉ុណ្ណោះ ត្រឹមប៉ុណ្ណេះសម្រាប់បុគ្គលិកក្នុងភោជនីយដ្ឋានវាកំបុិកកំប៉ុកខ្លាំងណាស់" អឺឈីងលូកដៃទាញអៀមធ្វើម្ហូបចេញពីចង្កេះ ដៃស្រឡូនកាន់ចានបាយពីរចានមកជាមួយ រួចក៏ដាក់មួយចានពីមុខខេន មុននិងនាងអង្គុយចុះ។
"ម៉ោះឆាប់ញ៊ាំទើប នឹងអាលបានរៀបចំខ្លួន ក្រែងគេនឹងមកទទួលលោកទៅមិនអ៊ីចឹងហេស៎? នេះចាំខ្ញុំដួសសាច់ជូនចុះ" អឺឈីងមិនបង្អង់ប្រញាប់ទាញចង្កឹះចាប់សាច់ជ្រូកបីជាន់ មានបំណងចង់ដាក់ចានរបស់ខេន តែក៏បញ្ឈប់វិញ ពេលគេក្រោកពីកៅអីខ្លួនអង្គុយ រួចចូលមកជិតខ្លួននាងវិញ។ ដៃមាំទាំទាញក្រសោបកាន់ដៃអឺឈីងជាប់ មុននឹងបង្ហាញទឹកមុខដែលលាក់បង្កប់នូវអារម្មណ៍ម៉្យាង ដែលសូម្បីតែអឺឈីងក៏ពិបាកនឹងបរិយាយដែរ។
"ខ្ញុំអាចសុំនាងរឿងមួយបានទេ?"
"អឺម..រឿងអី?" ដោយឃើញថាខេនមើលទៅដូចជាប្រាកដប្រជាជាមួយរឿងដែលខ្លួនចង់និយាយ ទើបអឺឈីងទុកអាហារមួយឡែក រួចងាកមកសំឡឹងចំក្រសែភ្នែករបស់អ្នកកម្លោះវិញ។
"បើអាច នាងឈប់ធ្វើការនៅភោជនីយដ្ឋានបានទេ?" គ្រាន់តែលឺសំណើរគេភ្លាម អឺឈីងក៏ជ្រឹមចិញ្ចើមដូចជាចង់ខឹងគេដែលមកឈឺឆ្អាលនិងជីវិតការងាររបស់នាង តែស្រីតូចក៏មិនតូចដេញដោលអ្វីដែរ ពោលគឺចាំដល់គេនិយាយឲ្យអស់សេចក្ដីសិន ទើបនាងអាចគិតថានឹងត្រូវឆ្លើយតបយ៉ាងម៉េច។
"នាងធ្វើការនៅទីនោះគ្រោះថ្នាក់ ហើយក៏បានកម្រៃតិច"
"ចុះការងារអីដែលងាយស្រួលហើយបានកម្រៃច្រើននោះ?" លឺការលើកឡើងរបស់ខេនភ្លាម អឺឈីងក៏ស៊កសម្ដីវិញភ្លែតមិនឲ្យធ្លាក់ដល់ដីទាន់។ អឺឈីងព្រលែងខ្យល់ដង្ហើមស្រាល ប្ដូរពីការដែលខេនចាប់កាន់ដៃនាង មកជានាងកាន់នឹងអង្អែលដៃគេជំនួសវិញដោយស្នាមញញឹមស្រទន់ដូចជាពន្លឺព្រះចន្ទនៅខាងក្រៅផ្ទះ។
"ខ្ញុំដឹងថាលោកគិតបារម្ភ..រឿងដែលកើតឡើងដូចកាលពីថ្ងៃដែលខ្ញុំជួបលោក វាមិនដែលធ្លាប់កើតឡើងទេ ហើយខ្ញុំក៏មិនបណ្ដោយខ្លួនឲ្យវាកើតឡើងទៀតដែរ"
"នាងឈប់ធ្វើការនៅទីនោះទៅ ចាំខ្ញុំបើកហាងតូចមួយឲ្យនាង នាងចង់បានហាងអី? ហាងកាហ្វេ ហាងនំ រឺមួយក៏ហាងផ្កា?" មិនថាអឺឈីងព្យាយាមបកស្រាយប្រាប់ខ្លួនយ៉ាងណា ក៏ខេនគេមិនបានយកវាមកពិចារណាគិតនោះដែរ គេមិនមែនចង់ឲ្យនាងឈប់ព្រោះបារម្ភខ្លាចថានាងនឹងមានគ្រោះថ្នាក់តែមួយមុខទេ គេចង់ឲ្យនាងរស់នៅបានស្រណុក រកចំណូលបានច្រើនអាចជួយខ្លួនឯងបាន ទម្រាំតែគេត្រឡប់មករកនាងវិញ ព្រោះបើតាមស្ដាប់ស្ថានភាពសុខភាពម៉ាក់គេនៅខាងណោះ គេត្រូវទៅមិនឆាប់បានត្រឡប់មកវិញទេ។
"នាងចង់បានអីក៏និយាយមក ខ្ញុំនឹងអោយលូហ្ស៊ីងរកវាឲ្យនាងបានត្រឹមល្ងាចថ្ងៃស្អែកតែម្ដង"
"ខេន" អឺឈីងក្រវីក្បាលញាប់ស្អេក បដិសេធនូវរាល់ការស្នើសុំរបស់ខេនវិញ។
"ខ្ញុំពេញចិត្តជាមួយការងារដែលខ្ញុំកំពុងតែធ្វើនេះ ពួកគាត់ទាំងអស់គ្នា មិនថាបងៗបុគ្គលិកនឹងថៅកែស្រីក្នុងហាងសុទ្ធសឹងតែជាមនុស្សល្អនឹងមានសន្ដានចិត្ត ខ្ញុំធ្វើការនៅទីនោះតាំងពីក្មេងមក ទីនោះហាក់បីដូចជាទីកន្លែងមួយដែលខ្ញុំធំឡើងដែរ" ខេនទទួលស្ដាប់នាងនិយាយ តែចិញ្ចើមក្រាស់ក៏ចងជាប់ដដែលប្រៀបបីដូចជានៅមិនអាចទុកចិត្ត។ អឺឈីងដឹងថាខេនជាមួយមនុស្សមិនងាយប្ដូរចិត្ត បើទោះបីគេជាមនុស្សចិត្តត្រជាក់ ចិត្តសន្ដោស តែទម្លាប់មានៈរបស់គេមួយ វាជាចំណុចដែលរំលងក្រសែភ្នែកនាងមិនបាន។
រាងតូចស្ដើងក្រោកពីកៅអី រួចចូលទៅអង្គុយលើភ្លៅខេន អោបក្រសោបរាងកាយមាំទាំជាប់ណែន ដើម្បីលួងចិត្តគេមួយកម្រិត។ អ្នកកម្លោះយើងកាលបើបានគេអោបក៏ប្រញាប់រឹតដៃក្រសោបនាងណែន ទាំងចិត្តហាមផ្ដាច់មិនឲ្យលែងនាងជាដាច់ខាត។
"ខ្ញុំមិនដេញដោលទៀតក៏បាន" ឃើញគេព្រមសម្របខ្លួន អឺឈីងក៏ញញឹមចេញមក។
"តែនាងត្រូវសន្យាថានាងនឹងរស់នៅឲ្យបានល្អបំផុត កំឡុងពេលដែលគ្មានខ្ញុំនៅក្បែរលឺទេ? បើនាងមានបញ្ហាអ្វី ត្រូវប្រញាប់ប្រាប់ដល់ខ្ញុំ រឺក៏ទៅរកលូហ្ស៊ីងជាបន្ទាន់ ស្ដាប់បានទេ?" ខេនបារម្ភពីនាងខ្លាំងណាស់ បារម្ភសឹងតែបើអាចមិនទៅអង់គ្លេសបាន គេនឹងមិនទៅទេ គេចង់នៅក្បែរនាង មើលការខុសត្រូវនាង អម្រែកតែម្ខាងជាស្រីខ្លួនពេញចិត្ត ម្ខាងជាម្ដាយអ្នកដែលមានគុណ ប្រាកដណាស់ទម្ងន់នៃទំនួលខុសត្រូវច្បាស់ជាទោរទន់ទៅខាងម្ដាយឯណោះស្រាប់ហើយ។
"អឺម! លោកក៏ដូចគ្នា ត្រូវថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អ កុំពិសារអាហារមិនទៀងពេល ហើយក៏កុំគិតពីរឿងណាដែលមិនល្អច្រើន"
"យ៉ាងម៉េច? ខ្លាចថាយើងនឹងគិតរឿងផ្សេងច្រើនហើយភ្លេចគិតពីនាងមែនទេអឺឈីង?"
"ក៏ខ្លាចតិចតួចដែរហ្នឹង"
"នាងល្អិត" ខេនអស់សំណើចពេលលឺក្មេងចាក់បណ្ដោយតបមកវិញ តែក៏សប្បាយចិត្តដែរ ដែលនាងមិនលាក់អារម្មណ៍ហើយព្រមនិយាយតាមត្រង់ប្រាប់គេបែបនេះ នេះក៏ជាចំណុចមួយដែលធ្វើឲ្យគេពេញចិត្តនាងបំផុត។

រយៈពេល2ម៉ោងក៏បានកន្លងផុត
ក្រោយពីញ៊ាំអាហារពេលព្រឹកចុងក្រោយជាមួយគ្នារួចមក អឺឈីងនាងក៏ជួយរៀបចំរបស់របរខេន ថែមទាំងជូនគេមកឈរពីមុខសំណាក់ចាំអ្នកដែលមកទទួលគេផងដែរ។ កម្លោះក្រមុំទាំងពីរនាក់ឈរជាមួយគ្នា ដោយម្នាក់កាន់វ៉ាលីសម្លៀកបំពាក់ ម្នាក់ក៏កាន់កាបូបធ្វើការអ្នកខ្លួនជូនដំណើរជាប់ ស្របនឹងដៃម្ខាងរបស់ពួកគេដែលនៅេសសសល់ក៏ស្រាក់កាន់គ្នាជាប់មិនរបេះ។
"ទូរសព្ទ័ត្រូវតែដាក់ជាប់ខ្លួនលឺទេ? ពេលខ្ញុំទៅដល់ទីនោះ ខ្ញុំនឹងខលមករកនាង ខលជាប្រចាំ មិនឲ្យនាងរកលេសគេចបានទេ បើនាងមិនទទួល ខ្ញុំក៏នឹងឲ្យចូវិនមករកនាងដល់ផ្ទះ ហ័រ អឺឈីង"
"ចាស៎ លោកខេវីល!!!" ទោះពេលវេលាសោកសៅការឃ្លាតឆ្ងាយជិតឈៀងចូលមកដល់ក៏ដោយចុះ ក៏ទាំងពីរនាក់នៅតែមានស្នាមញញឹមនិងអារម្មណ៍ល្អផ្ដល់ឲ្យគ្នារហូតដល់ពេលវេលាចុងក្រោយតែម្ដង។
ខេនប្ដូរពីការកាន់ដៃឈីង មកជាលូកដៃទៅអោបទាញចង្កេះនាងឲ្យចូលមកជិត មិនភ្លេចទាំងទម្លាក់បបូរមាត់ថើបសក់នាងថើរៗទាំងចិត្តចាប់នឹករលឹក។
"ខ្ញុំមិននិយាយលេងទេណាឈីង ពេលខ្ញុំទាក់ទងមក ទោះជារវល់ប៉ុណ្ណាក៏សូមឆ្លើយតប ព្រោះចាប់ពីពេលនេះនាងមិនមែនតែឯងទៀតទេ នាងមានអ្នកបារម្ភ មានអ្នកផ្ញើបេះដូងនិងក្ដីសង្ឃឹមទុកនៅទីនេះ ដូច្នេះហើយ—ហ៊ឹម" អឺឈីងជ្រួតជ្រាបនូវបំណងនិងពាក្យសម្ដីគេទាំងស្រុង ទើបនាងក្លាហានជំទើតជើងថើបមាត់ខេនមួយខ្សឺតទុកជាការលាគ្នាចុងក្រោយ តែដឹងស្រាប់ហើយ តែមាត់ប៉ះមាត់ហើយ វាមិនងាយនឹងរបេះចេញមកវិញទេ។ ខេនដកដៃពីវ៉ាលី រួចអោបចង្កេះអឺឈីងជាប់ កម្លោះក្រមុំថើបគ្នាក្រោមទឹកសន្សើមពេលព្រឹកស្រក់ ស្របនឹងឡានខ្មៅក្រឹបដែលមានចូវិនជាអ្នកបញ្ជាចង្កូតក៏ចូលមកដល់ល្មម។
អឺឈីងគោះស្មាខេនថ្នមៗ ឲ្យគេដកបបូរមាត់ពីការថើបវិញ។ ខេនគេធ្វើតាមបំណងនាង គេដកបបូរមាត់រួចយកថ្ងាសគេទល់គ្នានឹងថ្ងាសនាង បិទភ្នែកហាក់សង្រួមចិត្តនិងអារម្មណ៍ទទួលយកការលាគ្នាមួយនេះ។
"ថែរក្សាខ្លួនណា៎លោកខេន"
"ឈីងក៏ដូចគ្នា" អឺឈីងញញឹម រួចក៏ដកខ្លួនចេញមុន ទុកឲ្យខេនឈរសំឡឹងមើលនាងមួយសន្ទុះ ទើបគេអូសវ៉ាលីនិងកាន់កាតាបដើរចូលឡានបាត់។ ខេនងាកបែរមើលមកនាង មុននិងទទួលបានស្នាមញញឹមស្រស់បំព្រងតបពីសំណាក់ម្ចាស់ខ្លួនតូចអមដំណើរឡានបើកសន្សឹមៗចេញទៅនោះ។ ទឹកមុខញញឹមរបស់អឺឈីងក៏ប្រែទម្លាក់ចុះបន្តិចម្ដងៗ ភ្នែកថ្លាយ៉ង់ដែលព្យាយាមលាក់ទប់អម្បាញ់មិញ ពេលនេះក៏ឡើងក្រហមតាមអារម្មណ៍កម្សួលដែលនាងបានព្រលែងចេញមក។ នាងលូកដៃចូលក្នុងហៅប៉ៅអាវរងា រួចទាញយកកូនកន្សែងដៃដែលខេនបានបន្សល់ទុកឲ្យ រួចញញឹមបន្តិច។
"លោកទើបតែស្គាល់ខ្ញុំ លោកមិនដឹងថាជីវិតខ្ញុំយ៉ាងម៉េចខ្លះនោះទេ តែអរគុណ..អរគុណដែលលោកផ្ដល់ឱកាសឲ្យមនុស្សដូចជាខ្ញុំ.. បានស្គាល់ពាក្យថាសុភមង្គលខ្លះ ទោះបីជារយៈពេលខ្លីក៏ដោយ ក៏ខ្ញុំអរគុណ"

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now