ភាគទី ៣៦

141 2 1
                                    

    ឡានពណ៌ខ្មៅរលើបរលោងបើកក្នុងល្បឿនលឿនសំដៅមកផ្ទះរបស់ខ្លួនវិញហើយប្រញាប់ចុះពីឡានបើកទ្វារឡានម្ខាងទៀតអូសនារីដែលខ្លួននាំមកជាមួយចុះ។ យូលី គ្មានជំរើសណាមួយកំពុងតែថ្លោះកជើងផង ឈឺដៃផងមិនចង់ប្រទាញប្រទុងច្រើនក៏មានតែជ្រើសដើរទៅតាមគេដោយខ្លួន។ យូលី ឱនមុខចុះស្រក់ទឹកភ្នែកមិនដឹងជាប៉ុន្មានសាររឹតតែពេលនេះមានមេការផ្ទះចេញមកបានឃើញទៀតនាងរឹតតែខ្មាសទៀតព្រោះ យ៉ុនហ្គី ទាញនាងមកសូម្បីតែស្បែកជើងមិនបានដោះទុកផងមិនដឹងជាខឹងអីណាស់ណា។

គ្រាំង! ព្រុស!

    យ៉ុនហ្គី បិទទ្វារមួយទំហឹងចាក់គន្លឹះជាប់ហើយរុញ យូលី ឱ្យដួលនឹងឥដ្ឋការ៉ូធ្វើឱ្យនាងឈឺសាច់មិនស្ទើរព្រោះនាងស្លៀកសំពត់ខ្លីផង ឯជើងដែលឈឺស្រាប់ក៏សឹងតែកំរើកលែងរួចក្រោយពីត្រូវ យ៉ុនហ្គី រុញឱ្យបាត់ជំហរម្ដងហើយម្ដងទៀត។

« យើងសួរនាង ព្រមប្រាប់ឬក៏មិនប្រាប់? »

    យ៉ុនហ្គី ទាញស្រីតូចចំពោះមុខខ្លួនឱ្យក្រោកឡើងហើយរុញផ្អឹបនឹងជញ្ជាំងដោយដៃម្ខាងឃាំងកនាងនឹងជញ្ជាំងជាប់មិនឱ្យគេចមុខពីគេបាន។

« យ៉ាងម៉េច? ខ្លាចខ្ញុំយករឿងដែលលោកមានស្រីទៅប្រាប់លោកអ៊ំនឹងបានផ្ដាច់ពាក្យអ្ហេ៎ះ? បើចង់ផ្ដាច់ពាក្យណាស់ខ្លាចអីនឹងខ្ញុំយករឿងនេះធ្វើជាមូលហេតុនោះ? »

    យូលី ស្រែកសួរទៅ យ៉ុនហ្គី ទាំងទឹកភ្នែកទោះជាពេលនេះនាងយំនាងត្រូវគេគៀបជាប់គំរាមក៏សំដីនាងមិនព្រមចាញ់គេដែរ។

« បើកលេខសំងាត់ទូរស័ព្ទនេះឬត្រូវការឱ្យយើងបោកចោល »

    យ៉ុនហ្គី ស្ដាប់នាងស្រែកបកមកវិញរួចចាប់ដៃនាងលាម្រាមជាថ្មីតែដោយ យូលី ក្ដាប់ដៃជាប់មិនព្រមលាម្រាមដៃឱ្យគេស្កេនក្រយៅដៃដោះសោរនោះ យ៉ុនហ្គី ក៏សួរនាងបញ្ជាក់ម្ដងទៀតទើប យូលី គ្រវីក្បាលតប។

« ល្អ! »

« កុំអី!!! អ្ហឹក! ខ្ញុំព្រមបើក »

    យ៉ុនហ្គី រៀបនឹងបោកទូរស័ព្ទនោះទៅហើយស្រាប់តែនឹកឃើញថាក្នុងនោះមានឯកសារសំខាន់ច្រើនណាស់សំរាប់នាងទើបយល់ព្រមបើកលេខសំងាត់ទូរស័ព្ទនោះ។ យ៉ុនហ្គី ហុចទូរស័ព្ទមកឱ្យនាងហើយ យូលី ក៏បើកទូរស័ព្ទនោះរួចចូលទៅលុបរូបថតរបស់ យ៉ុនហ្គី ជាមួយមនុស្សស្រីផ្សេងទាំងប៉ុន្មានឱ្យអស់ចំពោះមុខគេ។

ពិសោធចិត្តTempat cerita menjadi hidup. Temukan sekarang