ភាគទី១៤

306 9 1
                                        

យប់ថ្ងៃដដែល...

ងាកមកអ្នកនៅក្នុងមន្ទីរពេទ្យនៅឯខាងណេះ ពេលនេះអេរ៉ានកំពុងតែគេងភ្ជាប់ដោយទឹកមុខស្រងូតស្រងាត់ ក្រោយពីបានដឹងរឿងរវាងនិងថេយ៉ុងពីមាត់គ្រប់គ្នារួច ។ ដោយសារឃើញកូនស្រីមុខមិនរីកចេកមិនទុំ ក្រៀមក្រំមិននិយាយស្ដី ទើបលោកស្រីផារីនដើរមកជិតកូនព្រមនឹងលើកដៃប៉ះអង្អែលលើក្បាលនាងតិចៗ ។

“កូនកុំគិតច្រើនហើយក៏ឆាប់សម្រាកទៅណា! ប្រយ័ត្នប៉ះពាល់ដល់កូនក្នុងផ្ទៃ”
“អ្នកម៉ាក់!...”អេរ៉ានងើយសម្លឹងមុខគាត់ ពោលហៅគាត់បន្ដិច ខណៈកែវភ្នែកបង្ហាញយ៉ាងច្បាស់ថានាងមានអ្វីដែលចង់និយាយ ។

“តើអាចរំសាយមង្គលការបានទេ?”នាងហាមាត់ស្នើរសុំ ទោះគ្មានជំនឿចិត្តថាអាចទៅបាន ប៉ុន្តែនាងក៏ចង់និយាយវាចេញមក ។ ទោះបីជានាងមានចិត្តលើគេ និងគិតចង់រៀបការជាមួយគេក៏ពិតមែន ប៉ុន្តែបើសិនការរៀបការជាចំណងចងរិតជើងគេ ដោយគេមិនបានពេញចិត្ត នាងក៏មិនចង់បានដែរ ។ នាងចង់ឲ្យការរៀបការជាការស្ម័គ្រជាជាងការបង្ខំចិត្ត ។ ម្យ៉ាងទៀត ថេយ៉ុងក៏មានគូរស្នេហ៍ បើសិនត្រូវរៀបការមែន ចុះគូរស្នេហ៍របស់គេនោះ? នាងនឹងឈឺចាប់ខ្លាំងប៉ុណ្ណាពេលដឹងថាខ្លួនត្រូវបាត់បង់មនុស្សជាទីស្រឡាញ់? បើជានាង នាងប្រហែលឈឺចាប់គ្រាំទ្រូងរហូតដល់ស្លាប់ខ្លួនមិនខាន ។

“មិនបានទេណាកូន! ពេលនេះ កូនមានកូនរបស់គេនៅក្នុងផ្ទៃទៅហើយ ដូច្នេះត្រូវតែរៀបការជាមួយគ្នា”លោកស្រីផារីននិយាយដោយសម្លេងស្រាល គាត់ដឹងថានាងគិតខ្វល់ខ្វាយច្រើនពីរឿងនេះ ទើបព្យាយាមប្រាប់នាងកុំឲ្យគិតច្រើន ម្យ៉ាងក៏ដើម្បីសុខភាពនាងដូចគ្នា ។

“ប៉ុន្តែម៉ាក់...គឺគេ..”អេរ៉ានចង់ប្រាប់រឿងគូរស្នេហ៍របស់គេទៅឲ្យអ្នកម៉ាក់ស្ដាប់ ប៉ុន្តែក៏ត្រូវអ្នកម៉ាក់កាត់សម្ដីជាមុន ៖

“ម៉ាក់សុំទៅចុះណា! គិតថារៀបការដើម្បីក្មេងទៅចុះ...ពេលការរួចរស់នៅជាមួយគ្នាយូរៗក៏គង់តែស្រឡាញ់គ្នាទេ” អេរ៉ានបានត្រឹមតែលួចដកដង្ហើមធំតឹងចិត្ត នាងលើកដៃដាក់លើពោះខ្លួនឯង ព្រមទាំងអង្អែលតិចៗ ខណៈខួរក្បាលគិតទៅពេលអនាគត មិនដឹងថាគេអាចស្រឡាញ់នាងដូចដែលអ្នកម៉ាក់និយាយឬក៏អត់? បើនាពេលនេះ ក្នុងខួរក្បាលគេមានតែការស្អប់ចំពោះនាង ថ្នាក់នាងមានកូនរបស់គេហើយ នៅតែគេមិនចាប់អារម្មណ៍ តើនាងត្រូវរំពឹងស្អីក្ដីស្រឡាញ់នោះ?

ចាញ់ស្នេហ៍ភរិយាសម្អប់Where stories live. Discover now