ភាគទី១៨

312 9 0
                                        

ការត្រឡប់មកវិញរបស់ថេយ៉ុង មិនបានពាក់ព័ន្ធនឹងការងារនៅក្រុមហ៊ុន ប៉ុន្តែវាជាការខលហៅពីលោកស្រីយ៉ុងហ៊ី ក្នុងគោលបំណងឲ្យគេមករកគាត់នៅឯមន្ទីរពេទ្យ បើទោះជាគេបដិសេធ តែនៅមិនអាចជម្នះនឹងការដាក់កំហិតយ៉ាងដាច់ខាតពីម្ដាយដដែល ទើបមានតែបង្ខំចិត្តព្រមបើកឡានមកកាន់មន្ទីរពេទ្យទាំងចិត្តមិនចង់ ។

ពេលមកដល់មន្ទីរពេទ្យ ថេយ៉ុងយកឡានចតទុកស្រួលបួល រួចឡើងទៅរកម្ដាយនៅឯបន្ទប់សម្រាករបស់អេរ៉ានទាំងមុខក្រញូវមិនរាប់ញាតិ ត្បិតគ្រាន់តែនឹកដល់គ្រាហ៍ដែលឃើញមុខមនុស្សស្រីសម្អប់ អារម្មណ៍ល្អៗដែលមានក៏ខូចរលាយបាត់អស់រលីង នៅសល់តែភាពមួម៉ៅពេញដើមទ្រូង ក្រញីវក្រញូវទឹកមុខដូចជាមនុស្សដែលត្រូវគេបង្ខំចិត្តឲ្យធ្វើនូវអ្វីដែលមិនចង់ធ្វើ ។

ងាកមកអ្នកខាងណេះវិញ កាលដែលលោកស្រីយ៉ុងហ៊ីខលហៅកូនប្រុសមកភ្លាមៗ ព្រោះថ្ងៃនេះជាថ្ងៃដែលអេរ៉ានចេញពីមន្ទីរពេទ្យ គាត់មានបំណងចង់ឲ្យគេមកទីនេះដើម្បីទទួលអេរ៉ាននិងលោកស្រីផារីន ជូនពួកគេត្រឡប់ទៅផ្ទះវិញ ក្នុងនាមជាមនុស្សដែលជិតក្លាយជាគ្រួសារតែមួយបែបហ្នឹងឯង ។

“ខ្ញុំថាបើឲ្យអ្នកបើកឡានផ្ទះខ្ញុំមកយកតែម្ដង ប្រហែលជាប្រសើរជាងនេះណាលោកស្រី ម្យ៉ាងមិនរំខានដល់ការងាររបស់ប្រុសថេយ៍ផង”លោកស្រីផារីនស្រដីទៅកាន់លោកស្រីយ៉ុងហ៊ីទាំងមិនស្រណុកក្នុងចិត្ត គាត់និងកូនស្រីអង្គុយចាំគេចូលប្រហែលជាង៣០នាទីទៅហើយ ប៉ុន្តែនៅមិនទាន់ឃើញគេមកដល់ទៀត មិនដឹងថាមកឬមួយក៏អត់? បើនៅចាំទៀត នាំតែខាតពេលខាតវេលា ។

“គ្មានអ្វីដែលរំខានទេព្រោះពេលនេះជាម៉ោងសម្រាកការងារហើយ ម្យ៉ាងបន្ដិចទៀត ពួកយើងនឹងក្លាយជាគ្រួសារតែមួយទៅហើយ ដូច្នេះរវាងពួកយើងគួរតែឈប់ប្រើពាក្យថារំខាននេះបានហើយណាលោកស្រី” ទាំងម្ដាយទាំងកូនគូរនេះ ចូលចិត្តនិយាយពាក្យរំខានៗ រហូតដល់គាត់អ្នកស្ដាប់ឮឯណេះ សឹងតែស្រកៀត្រចៀកហើយនៀក ។

“ខ្ញុំក៏គិតដូចអ្នកម៉ាក់ដែលណាអ៊ុំស្រី!...”អេរ៉ានដែលអង្គុយនៅលើគ្រែឯណោះក៏លូកមាត់កាត់សម្ដី យល់ស្របនឹងគំនិតយោបល់របស់ម្ដាយដែលប្ដូរទៅឲ្យអ្នកបើកឡានមកទទួលជំនួសជាជាងនៅអង្គុយចាំអ្នកខាងនោះមកដល់ ត្រឹមតែប៉ុណ្ណឹង នាងក៏ស្មានដឹងទៅហើយ ថាកាលដែលគេពន្យាពេលយូរបែបនេះ ព្រោះតែគេមិនចង់មកឃើញមុខនាងហ្នឹងឯង ។

ចាញ់ស្នេហ៍ភរិយាសម្អប់Donde viven las historias. Descúbrelo ahora