ម៉ោង១រំលងអធ្រាត្រ...
លោកគីមនិងលោកស្រីយ៉ុងហ៊ីបានមកដល់មន្ទីរពេទ្យដែលខាងប៉ូលិសប្រាប់ ។ ពួកគាត់បានសួររកឈ្មោះថេយ៉ុង ខាងមន្ទីរពេទ្យក៏បានប្រាប់ជាន់និងលេខបន្ទប់របស់គេដល់ពួកគាត់ ។
ក្រាក!
ទ្វារបន្ទប់បានបើកព្រមនឹងវត្តមានមនុស្សចំណាស់ទាំងពីរ ។ ពួកគាត់ដើរទៅរកគ្រែអ្នកជម្ងឺដែលមានរាងកាយរបស់ថេយ៉ុងកំពុងគេងស្ដូកស្ដឹងក្រោយទទួលការសង្គ្រោះរួចរាល់ ។ ទឹកភ្នែកអ្នកជាម្ដាយចាប់ផ្តើមស្រក់សារថ្មី ម្រាមដៃញ័រទទ្រើក លើកអង្អែលថ្នមៗលើមុខកូនប្រុសដែលពោពេញទៅដោយស្នាមរបួសដាច់រហែកតូចៗ៣ ៤កន្លែង ត្រង់ក្បាលរបស់គេក៏មានបង់រុំរបួសព័ទ្ធជុំវិញដែរ ។ ដើមទ្រូងគាត់ឈឺពើតផ្សា ហាក់កំពុងតែឈឺជំនួសកូនប្រុសយ៉ាងអ៊ីចឹង ។
តុក!តុក!...
“សុំអនុញ្ញាត”
ទាំងលោកគីមនិងលោកស្រីងាកទៅមាត់ទ្វារព្រមគ្នា ឃើញលោកគ្រូពេទ្យនិងnurseម្នាក់ទៀតដើរចូលមក ។
“លោកគ្រូពេទ្យ! អាការៈកូនខ្ញុំយ៉ាងម៉េចដែរ?”លោកគីមសួរនាំភ្លាម ។
“បាទ! អាការៈអ្នកជម្ងឺគ្មានអ្វីធ្ងន់ធ្ងរប៉ះពាល់ដល់ជីវិតដែលគួរឲ្យបារម្ភទេ គ្រាន់តែជើងរបស់គេទាំងសងខាងគឺមានការប៉ះទង្គិច ។ ដោយសារពេលកើតហេតុ ជើងគេគៀបជាប់នឹងផ្នែកឡានខាងក្រោម ទើបធ្វើឲ្យសរសៃប្រសាទផ្នែកខ្លះនៃជើងរបស់គេផ្អាកដំណើរការមួយរយៈ”
“អ៊ីចឹងមានន័យថា...”
“បាទ! មួយរយៈនេះ គេនឹងមិនអាចដើរបានដូចដើមទេ”
“ពុទ្ធោ!!! កូនម៉ាក់...”លោកស្រីទន់ជើងវីសនឹងដួល តែសំណាងល្អដែលលោកគីមទ្រទាន់ ។
“មួយរយៈដែលលោកគ្រូពេទ្យនិយាយ តើយូរប៉ុណ្ណាដែរទៅ?” លោកគីមបន្តសួរ ខណៈកំពុងទប់ខ្លួនភរិយា ។
“បើអ្នកជម្ងឺមកពិនិត្យនិងធ្វើតាមការណែនាំរបស់គ្រូពេទ្យឲ្យបានទៀងទាត់ ប្រហែល១ខែ គេនឹងអាចដើរវិញបានហើយ”
“ល្អ! ពួកយើងនឹងធ្វើតាមអ្វីដែលលោកគ្រូពេទ្យប្រាប់”
“បើគ្មានចម្ងល់អ្វីទៀតទេ ខ្ញុំសូមត្រឡប់ទៅធ្វើការងារបន្តហើយ...”
“អរគុណលោកគ្រូពេទ្យហើយដែលបានជួយជីវិតកូនប្រុសខ្ញុំ”
“ជាតួនាទីរបស់ពួកយើងស្រាប់ហើយ...អ៊ីចឹងខ្ញុំសុំលាសិនហើយ”
“បាទ”លោកគីមតាមមើលលោកគ្រូពេទ្យនិង nurse រហូតចេញផុត ទើបងាកមករកភរិយាវិញ ។
“លោកស្រី! ចាំបងនាំអូនទៅអង្គុយត្រង់នោះណា”និយាយរួចគាត់ក៏នាំលោកស្រីយ៉ុងហ៊ីទៅអង្គុយនៅសាឡុងជ្រុងម្ខាង ដែលនៅមិនឆ្ងាយពីគ្រែអ្នកជម្ងឺប៉ុន្មាន ដើរតែ២ជំហានគឺដល់តែម្ដង ។
“អូនយ៉ាងម៉េចហើយ? សម្រួលអារម្មណ៍ ដកដង្ហើមមួយៗ”ឃើញទឹកមុខភរិយាស្លេកស្លាំងខ្សោះៗឈាមគាត់អត់បារម្ភមិនបានមែន ។
“កូនពិតជាអាចដើរបានវិញមែនទេបង?” គាត់នៅតែភ័យ នៅតែបារម្ភខ្លាចកូនប្រុសធ្លាក់ខ្លួនពិកា ថ្នាក់គាត់ជាម្ដាយនៅទទួលយករឿងនេះមិនបាន ទម្រាំគេដែលជាសាមីខ្លួន ថាតើត្រូវរងផលប៉ះពាល់ផ្លូវចិត្តខ្លាំងប៉ុណ្ណា ពេលដឹងខ្លួនឃើញខ្លួនឯងស្ថិតក្នុងសភាពនេះ?
ESTÁS LEYENDO
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
