“ខ្ញុំមិនត្រូវការការបារម្ភពីលោកទេ”
“ប៉ុន្តែខ្ញុំ...” អេរ៉ានបានដើរជៀសគេចេញតែម្ដង មិនចង់នៅជ្រលក់មាត់ជាមួយនោះទេ ព្រោះកាន់តែជ្រលក់ កាន់តែយល់ថាអត់ប្រយោជន៍ មនុស្សបែបនេះ ពិបាកនិយាយគ្នាណាស់ ។
“ថេយ៉ុង??” គ្រាន់តែដើរផុតពីវីលបានប៉ុន្មានជំហាន នាងស្រាប់តែក្រឡេកឃើញថេយ៉ុង ដែលកំពុងតែសម្លឹងមើលមុខនាងដោយក្រសែភ្នែកមាំក្រញូវ បង្ហាញទឹកមុខហាក់មិនពេញចិត្តមិនពេញថ្លើម ។ វត្តមានរបស់គេមិនមែនមានតែអេរ៉ានទេដែលឃើញ វីលក៏បានឃើញ ។ ភ្លាមនោះ នាយក៏ញោចញញឹមបន្ដិច សម្លឹងមុខគូរសត្រូវ ញាក់ចិញ្ចើមម្ខាងបំណងចង់ឌឺដងទៅកាន់គេ ។“ខានជួបគ្នាយូរហើយណា គីម ថេយ៉ុង!...”វីលនិយាយសង្កត់សំឡេងរៀងធ្ងន់បន្ដិចពេលនិយាយឈ្មោះរបស់ថេយ៉ុង ។ អ្នកខាងនោះដើរសម្ដៅមករកពួកគេទាំងរក្សាភាពស្ងប់ស្ងៀមដដែល ។
“ហេតុអីបងចុះមក?”
“បើមិនចុះមក ខ្ញុំក៏មិនបានឃើញនាងនៅជាមួយវា”គេនិយាយដាក់នាងធម្មតាៗ ប៉ុន្តែទឹកមុខមិនធម្មតាជាមួយទេ ។
“មិនមែនដូចអ្វីដែលបងឃើញទេ ខ្ញុំមិនបាន-”
“ជាមិត្តចាស់ ធ្លាប់ស្គាល់គ្នា ឃើញនៅជាមួយគ្នាក៏វាគ្មានអ្វីប្លែកដែរ” វីលស្រាប់តែកាត់ប្រយោគរបស់អេរ៉ានភ្លាមៗ មុននឹងបោះជំហានមកឈរទល់មុខនឹងពួកគេ ។ ទាំងទឹកមុខនិងពាក្យសម្ដីបញ្ឈឺឌឺដងរបស់នាយ ប្រៀបដូចជាសាំងចាក់បន្ថែមពីលើភ្លើងដែលឆេះសន្ធោរសន្ធៅក្នុងចិត្តរបស់ថេយ៉ុងឱ្យកាន់តែពុះកញ្រ្ជោលជាងមុន ក្ដៅងំជាងមុន ដល់ថ្នាក់មុខប្រែជាក្រហមរងៀល ។
“ឯងនេះចំជាមុខក្រាស់ ឥតកេរ្តិ៍ខ្មាសខ្លាំងពិតមែន” ថេយ៉ុងខឹងឡើងក្ដៅស្លឹកត្រចៀកង៉ើង ក្ដាប់ចូលគ្នាម្រាមដៃចូលគ្នាសឹងបាក់ម្រាមទៅហើយ ។
“ចុះមនុស្សឆ្លៀតឱកាសយកផលចំណេញដូចជាឯង វាល្អជាងយើងប៉ុណ្ណាទៅ?”
“ឯង...”ទ្រាំលែងបានហើយ លើកនេះគេខឹងដល់ថ្នាក់កញ្ជ្រោលទៅជាប់ក្បួចកអាវវីលយ៉ាងជាប់ណែន កែវភ្នែកក្រហមងាំងពេញទៅដោយកំហឹង ។ ប៉ុន្តែក្រឡេកមើលអ្នកដែលត្រូវគេក្បួចកអាវឯណោះ បែរជានៅស្ងៀម មិនតបត នៅរក្សាស្នាមញញឹមដូចដើម ។ មិនមែនថានាយមិនចង់តដៃទេ ប៉ុន្តែជំនួសឱ្យការតដៃប្រើកម្លាំង នាយជ្រើសយកការតដោយប្រើសម្ដីមកបញ្ឆេះកំហឹងវាបានផលជាង ។ ឃើញទេ? នាយនិយាយដុតតែបន្ដិច ថេយ៉ុងខឹងឡើងចង់ហុយផ្សែងតាមត្រចៀកហើយ ។
“លែងដៃទៅថេយ៉ុង កុំឱ្យមានរឿងនៅទីនេះអី”ដោយសារមានមនុស្សមើលមកពួកគេច្រើនពេក អេរ៉ានយល់ថាមិនសមភ្នែក ទើបចូលទៅឃាត់ និងព្យាយាមប្រាប់ឱ្យថេយ៉ុងលែងដៃចេញពីកអាវរបស់វីល ។ ប៉ុន្តែវាមិនបានធ្វើឱ្យថេយ៉ុងព្រមលែងដៃទេ តែគេបែរជាខឹងនាងលើសដើម ព្រោះគិតថា នាងធ្វើអ៊ីចឹងចង់ការពារវីលទៅវិញ ។
“នេះនាងចង់ការពារវា?”
“មិនមែនទេ ខ្ញុំគ្រាន់តែមិនចង់ឃើញបងមានបញ្ហា”
“ហ្ហឹស!...”ភ្លាមនោះថេយ៉ុងយល់ព្រមលែងដោយរុញខ្លួនប្រាណវីលមួយទំហឹង រហូតដួលព្រូសអុកគូទទៅនឹងដី ។ គេសម្លក់មុខវីលនិងអេរ៉ានឆ្លាស់ រួចក៏ក្ដាប់ដៃដើរចេញទៅយ៉ាងញាប់ជើង ។ អេរ៉ានដកដង្ហើមធំ ល្វីងមុខល្វីងមាត់ ហើយងាកមកមើលវីលបន្ដិច ទើបប្រញាប់ដើរទៅតាមថេយ៉ុង ទុកឱ្យវីលអង្គុយឈឺចិត្តម្នាក់ឯង ។
......
@បន្ទប់អ្នកជម្ងឺ
គ្រាំង!
សំឡេងបិទទ្វារលាន់សូរក្ដាំងស្ទើរតែបាក់ជាពីរដោយសារស្នាដៃរបស់គេទៅហើយ ។ ចំណែកឯគេ គ្រាន់តែចូលមកដល់ក្នុងបន្ទប់ភ្លាម គេក៏មិនបង្អង់ បោះជំហានវែងៗទៅរកសាឡុង ទាញយកអាវក្រៅរបស់ខ្លួនមកកាន់នឹងដៃ គិតចង់ត្រឡប់ត្រូវផ្ទះ ព្រោះគេគ្មានអារម្មណ៍ចង់នៅទីនេះទៀតនោះទេ ។ យកអាវរួចគេក៏បើកទ្វារចេញមកខាងក្រៅវិញ តែគាប់ជួនអេរ៉ានឡើងមកទាន់ល្មម ។
“បងទៅផ្ទះមែន? ខ្ញុំទៅជាមួយដែរ”
“ជិះតាក់ស៊ីទៅៗ”ធ្វើឱ្យគេខឹងហើយ ចង់ជិះឡានទៅវិញជាមួយគេ? កុំសង្ឃឹម! នៅពេលនេះ តែមុខនាងគេមិនចង់ឃើញផង ។
“ថេយ៉ុង”ទោះនាងហៅឃាត់ក៏គេមិនព្រមឈប់ ។ គេដើរចេញទៅទាំងមិនងាកក្រោយមើលមុខនាងសូម្បីតែបន្ដិច ។
“បើបងស្ដាប់ខ្ញុំតែបន្ដិច វាប្រហែលជាល្អខ្លាំងណាស់” នាងនិយាយតិចៗទាំងភ្នែករលីងលោងរកយំ ។ នាងដឹងច្បាស់ថាគេកំពុងខឹង ប៉ុន្តែនាងគ្រាន់តែចង់ឱ្យគេចេះស្ដាប់ហេតុផល ស្ដាប់ការបកស្រាយនាងខ្លះ មិនមែនចូលចិត្តតែយកកំហឹងដាក់មុខ ខឹងច្រឡោតតោតតូង គ្មានហេតុផលអ៊ីចឹងទេ ។
![](https://img.wattpad.com/cover/350038892-288-k217603.jpg)
YOU ARE READING
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...