ថេយ៉ុងបានយករបស់ដែលហូស៊ុកទិញមកនោះទៅដាក់នៅផ្ទះបាយ ដោយមានវីននីតាមទៅជាមួយដែរ ដោយសារពេលនេះជាពេលថ្ងៃត្រង់ ទើបនាងត្រូវរៀបចំអាហារសម្រាប់ញ៉ាំ ។
"ទុកត្រង់នេះចុះ! ចាំអូនជាអ្នករៀបចំ បងទៅអង្គុយវិញទៅ"
"បាទបាន!"ថេយ៉ុងញញឹមរីកមុខស្រស់ប៉ប្រិម មុននឹងដកខ្លួនចេញពីត្រង់នោះ ទុកតួនាទីឲ្យនាងជាអ្នកធ្វើ ចំណែកគេក៏ត្រឡប់ទៅអង្គុយនៅសាឡុងជុំគ្នាជាមួយនឹងហូស៊ុក ។
"លោកនិងវីននីទាក់ទងគ្នាយូរប៉ុណ្ណាហើយ?"កាត់ភាពស្ងប់ស្ងាត់ ហូស៊ុកជាអ្នកផ្ដើមសំណួរមុន ម្យ៉ាងគេក៏ចង់ដឹងពីមនុស្សប្រុសម្នាក់នេះឲ្យបានកាន់តែច្រើនផងដែរ ដើម្បីគេអាចសម្រេចចិត្តបានងាយស្រួល ថាគួរយល់ព្រមឲ្យប្រុសម្នាក់នេះមើលថែនាងឬមួយក៏អត់?
"ទាក់ទងគ្នាមកទើបតែបានប៉ុន្មានខែនោះទេ"បើនិយាយពីទាក់ទងគ្នា វាអាចនឹងមានរយៈពេលខ្លី ប៉ុន្តែបើនិយាយពីស្គាល់គ្នាវិញ គឺពួកគេស្គាល់គ្នាមកយូរគួរសមដែរ ។
"ទាក់ទងគ្នាយូរឬឆាប់វាជារឿងរបស់អ្នកទាំងពីរ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំមិនទាន់ទុកចិត្តលោកទាំងស្រុងនោះទេ ។ ខ្ញុំមិនស្គាល់លោកច្បាស់ មិនដឹងថាលោកជាមនុស្សបែបណា? ជាមនុស្សល្អឬបោកប្រាស់? អាចផ្ដល់សេចក្ដីសុខឲ្យនាងបានឬមួយក៏អត់? ដូច្នេះខ្ញុំសង្ឃឹមថាលោកនឹងយល់ពីបំណងរបស់ខ្ញុំ" ហូស៊ុកនិយាយប្រាវៗដោយមិនក្រែងចិត្តនរណា ព្រោះសម្រាប់នាយ សេចក្ដីសុខរបស់វីននីគឺសំខាន់ខ្លាំងបំផុត នាយអាចប្រគល់នាងឲ្យទៅគេបាន ដរាបណាគេធ្វើឲ្យនាយជឿជាក់បានមួយរយភាគរយ ថានឹងមិនបោកប្រាស់ទឹកចិត្ត មិនធ្វើឲ្យនាងឈឺចាប់ ឬស្រក់ទឹកភ្នែក ទើបនាយអស់ចិត្ត មិនរារែកនឹងដោះលែងនាងឡើយ ។
ចំណែកឯថេយ៉ុង ក្រោយពីបានស្ដាប់សម្ដីទាំងនោះរួច គេបែរជាស្ងាត់មាត់ មិនហ៊ានស្រដី ទឹកមុខរីករាយប្រែជាញញឹមលែងសម ត្បិតនៅពេលនេះ ជីវិតរបស់គេកំពុងតែជាប់ជំពាក់ជំពិននឹងរឿងរញ៉េរញ៉ៃជាច្រើន គេមិនហ៊ានស្រមៃទេថាតើផ្លូវចិត្តវីននីនឹងប្រែប្រួលទៅជាយ៉ាងណា បើសិននាងបានដឹងការពិត ដែលថាគេនឹងជិតរៀបការជាមួយស្រីផ្សេងនោះ?
YOU ARE READING
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
