ឡានតាក់ស៊ីដែលដឹកអេរ៉ានពីមន្ទីរពេទ្យមកនោះ ក៏បានមកបញ្ឈប់នៅពីមុខរបងវីឡា ។ អេរ៉ានហុចលុយទៅឱ្យអ្នករត់តាក់ស៊ីរួច ក៏កិលខ្លួនចុះចេញពីឡាន ។ នាងដើរទៅក្បែរទ្វារ ដៃម្ខាងរុញកូនទ្វារតូចនៅជ្រុងម្ខាងបើក ខណៈម្ខាងទៀតកាន់ថង់ក្រដាសពណ៌សសម្រាប់ដាក់ថ្នាំមកជាមួយ ។ តូចច្រឡឹងបោះជំហានមួយៗដើម្បីចូលទៅក្នុងផ្ទះ ប៉ុន្តែដើរមិនទាន់ប៉ុន្មាន នាងក៏ស្រាប់តែបង្អាក់ដំណើរ បន្ទាប់ពីក្រឡេកឃើញឡានរបស់ថេយ៉ុងកំពុងតែបើកចេញពីមុខផ្ទះ ឆ្ពោះមកកាន់កន្លែងដែលនាងកំពុងឈរ ។
តែទោះជាបានឃើញនាងហើយ គេក៏នៅតែបើកឡានបង្ហួស ដោយមិនព្រមនៅជួបមុខ មិនព្រមនៅនិយាយគ្នាជាមួយនាងឱ្យដឹងរឿងសិន ទាំងដែលនាងខំខ្នះខ្នែង ប្រញាប់ប្រញាល់ចេញមកតាម ដើម្បីបានបកស្រាយរឿងដែលគេយល់ច្រឡំ ។
អេរ៉ានតាមមើលឡានដែលបើកចេញទៅទាំងដកដង្ហេីមធំបន្ដិច មើលទៅមានតែរង់ចាំឱ្យគេត្រឡប់មកវិញទេ ទើបអាចនិយាយគ្នាបាន ។ នាងឈរត្រង់នោះមិនប៉ុន្មាននាទីប៉ុណ្ណោះ តូចច្រឡឹងក៏សម្រេចចិត្តចូលទៅក្នុងផ្ទះ ព្រោះវាក្ដៅបើនាងបន្តនៅឈរកណ្ដាលថ្ងៃបែបនេះ ។
“អ្នកនាង” ម៉ែដោះស្ទើរតែមិនជឿនឹងភ្នែក កាលបើឃើញអេរ៉ានត្រឡប់មកវិញ ដោយមិនផ្តល់ដំណឹងជាមុន ហើយមុននេះ អ្នកប្រុសតូចក៏មិនបានប្រាប់គាត់ទៀត ។
“នេះសុខភាពបានគ្រាន់បើហើយមែនទេ? ទើបចេញពីពេទ្យឆាប់រហ័សអ៊ីចឹង?”
“ខ្ញុំអស់អីហើយម៉ែដោះ” មិនថាជួបរឿងអ្វីមក ឱ្យតែនៅចំពោះមុខម៉ែដោះ នាងតែងតែញញឹមស្រទន់ដាក់គាត់ជានិច្ច ។
“ម្សិលមិញម៉ែដោះពិតជាបារម្ភខ្លាំងណាស់ដឹងទេ?”
“សូមទោសណាដែលធ្វើឱ្យម៉ែដោះបារម្ភ”ម៉ែដោះងក់ក្បាលតិចៗទាំងញញឹម ស្របពេលដៃជ្រៀវជ្រួញលូកចាប់ដៃនាងតូចឡើងព្រមទាំងអង្អែលពីលើស្រាលៗដោយក្ដីស្រឡាញ់ ។
“មុននេះ...បងថេយ៍មានប្រាប់ម៉ែដោះអត់ថាគាត់ទៅណា?” ថ្ងៃនេះគឺជាថ្ងៃសម្រាក នៅក្រុមហ៊ុនមិនធ្វើការទេ ទើបនាងឆ្ងល់ចង់ដឹងថាថេយ៉ុងចេញទៅណា ។
“គ្មានទេ! ពេលអ្នកប្រុសតូចមកដល់ក៏ឡើងទៅបន្ទប់ រួចក៏ចុះមកវិញជាមួយឈុតថ្មី ហើយក៏ចាកចេញទៅ រកតែម៉ែដោះសួរនាំពីអ្នកនាងមិនបាន”
“មិនដឹងក៏មិនអីដែរ អ៊ីចឹង! ខ្ញុំសុំឡើងទៅខាងលើសិនហើយម៉ែដោះ” ម៉ែដោះងក់ក្បាលជាការឆ្លើយតប ។ គាត់តាមមើលផែនខ្នងអ្នកដែលដើរឡើងទៅខាងលើទាំងគ្រវីក្បាល ជាមួយការបង្ហើរកំណកដង្ហើមមួយខ្យល់វែងចេញមក ។
“ខ្ញុំពិតជាអាណិតអ្នកនាងណាស់! តើអាចទ្រាំបានប៉ុន្មានទៀតទៅ? អ្នកនាងរបស់ខ្ញុំអើយ!...”
......
@ក្លឹប snooker
![](https://img.wattpad.com/cover/350038892-288-k217603.jpg)
VOUS LISEZ
ចាញ់ស្នេហ៍ភរិយាសម្អប់
Roman d'amourព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...