លោកគីមនាំថេយ៉ុងនិងគ្រប់គ្នាមកនិយាយតទល់គ្នានៅកន្លែងដាច់ឆ្ងាយពីបន្ទប់ ICU ហើយក៏ដាច់ឆ្ងាយពីអ្នកដ៏ទៃផងដែរ ។ គាត់និងលោកស្រីយ៉ុងហ៊ីអង្គុយនៅសាឡុងមួយ រីឯដានីលនិងលោកស្រីផារីនអង្គុយនៅសាឡុងមួយទៀត ។ ទាំង៤នាក់សុទ្ធតែចោលភ្នែកសម្លឹងទៅកាន់នាយសង្ហាថេយ៉ុងទាំងអស់ ជាហេតុធ្វើឲ្យថេយ៉ុងពិបាកនឹងធ្វើខ្លួន អង្គុយនៅត្រង់នោះ ប្រៀបដូចជាអ្នកទោស ត្រូវគេចាប់សួរចម្លើយអ៊ីចឹង ។
"ឥឡូវបកស្រាយមក ថារឿងវាយ៉ាងម៉េចវិញ?"ភាពស្ងប់ស្ងាត់ត្រូវកាត់ផ្ដាច់បន្ទាប់ពីលោកគីមជាអ្នកផ្ដើមសំណួរមុន អ្នកត្រូវតែឆ្លើយឲ្យបានឯណោះ បានតែដកដង្ហើមធំទាំងស្មុគស្មាញក្នុងខួរ ។
"ខ្ញុំគ្មានអ្វីត្រូវបកស្រាយនោះទេ" ទោះបកស្រាយទៅ គ្រប់គ្នាក៏នៅតែមើលមកគេជាអ្នកខុសដដែល តើគេបកស្រាយបានប្រយោជន៍អី? មិនស្រួលៗ បោះសម្ដីដាក់គេថាជាមនុស្សឆ្លៀតឱកាស ចង់គេងចំណេញលើនាង ទាំងដែលនាងជាអ្នកសុំអង្វរគេឲ្យធ្វើរឿងនោះដោយខ្លួនឯង (បើអ៊ីចឹង កុំជួយតាំងពីដំបូងហ្មងទៅក៏ចប់) ។
"ហេតុអីឯងធ្វើខ្លួនបែបនេះប្រុសថេយ៍? ឯងធ្វើឲ្យម៉ាក់អស់សង្ឃឹមលើឯងខ្លាំងណាស់"ក្នុងនាមជាម្ដាយម្នាក់ គាត់ពិតជាខកចិត្តនិងអស់សង្ឃឹមទៅលើគេរលីងពីខ្លួន នៅពេលដែលកូនប្រុសដែលគាត់ខំបញ្ជូនឲ្យទៅរៀនបានខ្ពង់ខ្ពស់ រៀនដល់សាលាថ្លៃៗ តែបែរជាធ្វើខ្លួនដូចជាមនុស្សខ្វះការអប់រំ មិនដែលទទួលបានការបង្រៀនប្រៀនប្រដៅពីនរណា ធ្វើអ្វីមួយមិនចេះទទួលខុសត្រូវលើទង្វើដែលខ្លួនបានធ្វើបែបនេះ ។ តើគេមានដែលយល់ដល់មុខប៉ាម៉ាក់បន្ដិចដែរទេ?
"កន្លងមក មីងគិតខុស! គិតថាឯងជាមានចរិតក្មេងល្អ ចេះយល់ខុសយល់ត្រូវ ប៉ុន្តែឯងបែរជាធ្វើខ្លួនខ្វះទំនួលខុសត្រូវបែបនេះទៅវិញ ឯងស្ទើរតែធ្វើឲ្យអេរ៉ានបាត់បង់ជីវិតទៅហើយ តើឯងធ្វើបែបហ្នឹងបានដោយរបៀបណាទៅប្រុសថេយ៍?" លោកស្រីផារីនឯណេះក៏ខកបំណងលើគេមិនតិចដែរ ត្បិតរយៈពេលដែលគ្រួសារទាំងពីររាប់អានគ្នា គាត់តែងតែស្ងើចសរសើរពីអត្តចរិតគេនិងបងប្រុសរបស់គេមកជារឿយៗ រហូតមានបំណងចង់ឲ្យគ្រួសារទាំងពីរបានភ្ជាប់សាច់ភ្ជាប់ឈាមនឹងគ្នាទៀត តែមើលឥឡូវទៅ!..មើលទង្វើដែលគេធ្វើមកលើគ្រួសារគាត់ និងកូនស្រីគាត់ទៅ តើគេសាកសមជាកូនប្រុសដែរទេ?
ESTÁS LEYENDO
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
