ម៉ោង១១ថ្ងៃត្រង់
ក្រាក!
ទ្វារបន្ទប់ត្រូវបើកឡើង បង្ហាញឱ្យឃើញដល់អេរ៉ានដែលហៀបនឹងចេញមក ។ ឡានីក្រឡេកឃើញអ្នកនាងភ្លាម ក៏សម្គាល់ឃើញភ្នែកទាំងគូររបស់អេរ៉ានឡើងហើម ព្រមនឹងកែវភ្នែកក្នុងក្រឡង់ក៏ក្រហមខុសរាល់ដង តែឡានីឥតចម្លែកចិត្តនោះទេ សភាពរបស់អ្នកនាងទៅជាបែបនេះ នាងដឹងពីមូលហេតុច្បាស់ណាស់ ។អេរ៉ានបោះជំហានយឺតៗ សំដៅទៅតុអាហារដែលមានឡានីរៀបអាហារថ្ងៃត្រង់រួចស្រេច ។ មកដល់ក៏ដាក់ខ្លួនអង្គុយចុះ ដោយពុំបានសួរនាំអ្វីពីប្រុសម្នាក់នោះ ព្រោះគិតថាម៉ោងស្មើរ គេប្រហែលជាត្រឡប់ទៅវិញបាត់ហើយ ។
“អ្នកនាងokayដែរទេ?” នាងឃើញហើយអត់បារម្ភមិនបាន ទើបដាច់ចិត្តសួរ ។
“ហ្ហឹម! ខ្ញុំokay! មិនអីទេ...”អេរ៉ានឆ្លើយតបទាំងងើយមុខទៅកាន់ឡានីភ្ជាប់ដោយស្នាមញញិម តែគ្រាន់ជាស្នាមញញិមដែលខ្លួនសាងឡើងជាការបំភាន់ភ្នែកឱ្យឡានីស្ងប់ចិត្ត ឈប់បារម្ភ ឈប់ខ្វល់ខ្វាយពីនាងច្រើនពេក ។
“ប៉ុន្តែខ្ញុំមើលទៅអ្នកនាងដូចមិន...”
“ខ្ញុំឃ្លានហើយ...”
“ចាស៎”សម្ដីកាត់របស់អេរ៉ាន នាំឱ្យឡានីលែងហ៊ាននិយាយបន្តទៀត តែក៏ប្ដូរលូកយកបាយមកដួសដាក់ក្នុងចានឱ្យនាង ។ ក្រោយឡានីដួសដាក់ចានរួច អេរ៉ានក៏ទាញស្លាបព្រាមកដួសបាយញ៉ាំធម្មតា ខណៈឡានីដែលឈរក្បែរនោះ រេរាចុះឡើងដូចជាមានអ្វីម្យ៉ាងចង់និយាយ ប៉ុន្តែក៏ទាក់ទើរមិនហ៊ាន ត្បិតមិនចង់កាត់ពេលវេលាបរិភោគអាហាររបស់អ្នកនាងខ្លួន ។ប្រហែលជា១០នាទីក្រោយ អេរ៉ានទម្លាក់ស្លាបព្រាចុះ ចាប់ទាញកែវទឹកមកផឹកជំនួស អស់ពាក់កណ្ដាលកែវក៏ដាក់ចុះ ។
“អឺ...គឺអ្នកនាង...”ដល់ពេលវេលាសមស្របក្នុងការនិយាយ តែឡានីបែរជារដាក់រដុប ជាប់មាត់រដឹកស្ទើរហើបមាត់មិនចង់រួច ក្នុងចិត្តស្ទាក់ស្ទើ ហាក់ដូចជាចង់និយាយប្រាប់អ្នកនាងបន្ដិចអត់បន្ដិច ។
“មានអីមែន?”អេរ៉ានជ្រឹមចិញ្ចើមងឿងឆ្ងល់ ក្រោយឃើញឡានីធ្វើឫកពារប្លែកៗ ។
“គឺ...”ដោយសារពិបាកនិយាយពេក ឡានីប្ដូរពីការឆ្លើយតប បែរមុខទៅរកទ្វារផ្ទះ អេរ៉ានងាកទៅតាមទាំងងេមងានមិនទាន់យល់ បន្ដិចក្រោយ ទើបនាងអាចគិតយល់ពីន័យដែលឡានី ចង់ប្រាប់ ។
“មានន័យថា...គេនៅខាងក្រៅនៅឡើយ?” ឮសំណួររបស់អេរ៉ាន ឡានីងក់ក្បាលផ្ងក់ៗជាការបញ្ជាក់ ។ ស្រីតូចដែលខំរំពឹងថាគេទៅវិញបាត់នោះ ក៏ទម្លាក់ដាក់ខ្នងផ្អឹបនឹងកៅអីទាំងទឹកមុខរាបស្មើរ។

YOU ARE READING
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...