@សណ្ឋាគារ
ជីមីនបានត្រឡប់មកសណ្ឋាគារវិញបន្ទាប់ពីចេញចាកចេញពីផ្សារទំនើប ហើយសណ្ឋាគារដែលគេស្នាក់គឺជាសណ្ឋាគាររបស់គ្រួសារផារ៉ាហ្វីនហ្នឹងឯង ។
ព្រមនឹងការមកដល់របស់នាយកំលោះជីមីន ក៏មានមនុស្សប្រុសម្នាក់កំពុងអង្គុយរង់ចាំការមកដល់របស់គេនៅជាន់ខាងក្រោមដូចគ្នា ត្បិតជីមីនប្រាប់នាយថាទៅផ្សារតែមួយភ្លែត ចុងក្រោយនាយត្រូវរង់ចាំគេដល់ទៅជិត២ម៉ោង ។
"អាហេម!..."ការគ្រហេមរបស់អ្នកខាងនោះ ក៏ឃាត់ដំណើរជីមីនដែលប្រុងនឹងដើរហួសដោយពុំបានចាប់អារម្មណ៍ឃើញវត្តមានរបស់នាយឱ្យបែរទៅរកប្រភពសំឡេង ។ ពេលឃើញថាជាមិត្ត ជីមីនក៏ប្ដូរទិសដៅដើរទៅរកនាយម្នាក់នោះជាមួយអាការៈស្រស់ស្រាយយ៉ាងចម្លែក ។
"ទៅផ្សារទិញបានស្អីខ្លះ បានទៅយូរអស់រាប់ម៉ោង?" ហូស៊ុកចោទសួរទាំងជ្រឹមចិញ្ចើម ។ ជីមីនដែលអង្គុយទល់មុខនោះ ឥតទាន់ស្រដីតបត ត្បិតគ្រាន់តែនិយាយដល់ផ្សារ ខួរក្បាលក៏រ៉េផ្លិច នឹកដល់មនុស្សស្រីដែលគេបានជួបភ្លាម ដែលអាការៈប្លែកៗ គិតតែអង្គុយញញិមញញែមម្នាក់ឯង ដោយមិនព្រមឆ្លើយតបនឹងសំណួរ ធ្វើឱ្យហូស៊ុកកើតការងឿងឆ្ងល់តែម្ដង ។
"ន៎ែ! យើងសួរមិនគិតឆ្លើយទេ មកអង្គុយញញិមញញែមដូចមនុស្សឆ្កួត"
"យើងគិតថា យើងប្រាកដជាកើតឆ្កួតមិនខានទេ បើមិនបានជួបនាងម្ដងទៀតនោះ"ជីមីននៅតែញញិមបិទមាត់មិនជិត ឱ្យតែនឹកដល់នាងកាលណា គេក៏កើតចិត្តអន្ទះសា ហើយនឹកសោកស្តាយដែលពុំបានសុំលេខទូរស័ព្ទនាងទុក ព្រោះពេលនោះគេរវល់តែញាប់ញ័រចិត្តពេក ។
"ស្អីឯង? ទៅជួបនរណាមក?" ហូស៊ុកហាក់ចង់ដឹងខ្លាំងណាស់ ព្រោះមើលទៅអាការៈរបស់មិត្ត ដូចជាមនុស្សត្រូវស្នេហ៍គេ ។
"មុននេះយើងទៅផ្សារទំនើបបានជួបនារីម្នាក់ ទាក់ទាញចិត្តយើងមែនទែន"
"នារីម្នាក់ណាអីក៏មានអស្ចារ្យខ្លាំងម្ល៉េះ? អាចធ្វើឱ្យឯងជាប់ចិត្តគ្រាន់តែឃើញលើកដំបូង?"ហូស៊ុកចង់ផ្ទុះសំណើចបន្ដិច តែខំទប់ ។ លើកទី១ហើយដែលគេឃើញមិត្តចេះចាប់អារម្មណ៍លើមនុស្សស្រីមុន ។ និយាយបែបនេះ គេពិតជាចង់ស្គាល់ដល់ហើយ ថានារីម្នាក់នោះជានរណា ដែលអាចឆក់យកបេះដូងមិត្តរបស់គេបានលឿនថ្នាក់នេះ?
"យើងស្ដាយដែលជួបនាងត្រឹមតែមួយភ្លែត សូម្បីតែលេខទូរស័ព្ទក៏យើងភ្លេចសុំនាងទៀត" នឹកហើយម៉ូវចិត្តនឹងខ្លួនឯងតែម្ដង ។
"ហ៊ឹសៗ! ឱ្យវាអ៊ីចឹងឡើងសម្លាញ់...ចេញញ៉ែស្រីលើកដំបូង ភ្លេចមុខភ្លេចក្រោយ នេះកុំប្រាប់ណាថាមិនបានសួរឈ្មោះគេដែរ"
"អឺ! ភ្លេចមែនហ្នឹង"
"ហ្ហាសហ្ហា...យើងចង់តែសើចឱ្យណាណីទេ" ហូស៊ុកសើចឡើងក្អាកក្អាយ មិនត្រឹមតែបុគ្គលិកនាំគ្នាមើលមកពួកគេទេ សំឡេងសើចរបស់នាយក៏ឮដល់ត្រចៀកនាងតូចវីននីដែលទើបនឹងដើរចូលមកដែរ ។
"មានរឿងអ្វីមែន? សើចឮៗម្ល៉េះ?"
"អូនមកដល់ហើយ?" ហូស៊ុកផ្អាកសើចចំអកឱ្យមិត្ត រួចខិតទៅម្ខាងដើម្បីឱ្យវីននីដែលជាអនាគតភរិយាត្រៀមនឹងចូលរោងការជាមួយគ្នាមិនប៉ុន្មានថ្ងៃទៀតនេះឱ្យចូលមកអង្គុយជាប់ខ្លួន ។ វីននីទម្លាក់ខ្លួនអង្គុយចុះក្បែរហូស៊ុក រួចក៏សម្លឹងមុខគេភ្លឹសៗដូចកំពុងរង់ចាំស្ដាប់ចម្លើយ ។
YOU ARE READING
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
