ភាគទី៣

545 9 0
                                        

ក្រោយគ្រប់យ៉ាងបានព្រមព្រៀង ដានីលសម្រេចចិត្តត្រឡប់ទៅមន្ទីរពេទ្យវិញ ព្រោះនៅមានការងារជាច្រើនជាងទៀតនៅទីនោះ នាយពុំអាចនៅភូមិគ្រឹះនេះបានទេ ទាល់តែល្ងាចទើបត្រឡប់មកម្ដងទៀត ដើម្បីជួយនិយាយជាមួយលោកឆូ ។ ចំណែកឯលោកស្រីផារីន បន្ទាប់ពីដានីលត្រឡប់ទៅវិញ គាត់ក៏ចុះមកខាងក្រោមដោយទុកឲ្យអេរ៉ាន សម្រាកនៅខាងលើម្នាក់ឯង ។
.....

@ពេលថ្ងៃត្រង់

ពេលជាតិថ្នាំបានសាបរលាប អេរ៉ានក៏ដឹងខ្លួន ស្រីតូប្រឹងងើបខ្លួនអង្គុយទាំងធីងធោង វិលវល់ស្ទើរក្រោកមិនរួច ខណៈក្បាលក៏ឈឺខ្ទោកៗដូចគេដុំបំបែកជាចំណែកៗ ។

ក្រាក! ដូចដឹងមុនអ៊ីចឹង គ្រាន់តែអេរ៉ានដឹងខ្លួន លោកស្រីផារីនក៏រុញទ្វារបើកល្មម ។ គាត់និងឡានីចូលមកជាមួយ ដោយឡានីជាអ្នកកាន់យកបបរដែលកម្ដៅរួចមកជាមួយដែរ នៅមានបន្ថែមទឹក និងថ្នាំដែលពេទ្យដានីលទុកឲ្យថែមទៀត ។

“កូនដឹងខ្លួនល្អហើយ មកញ៉ាំបបរសិនទៅនឹងអាលបានលេបថ្នាំ”លោកស្រីពោលសម្ដីផ្អែមល្ហែម ព្យាយាមល្បួងកូនឲ្យញ៉ាំបបរ ដើម្បីលេបថ្នាំប៉ូវកម្លាំងបន្ថែម ព្រោះតាមវេជ្ជបញ្ជារបស់ដានីល អេរ៉ានត្រូវញ៉ាំអាហារនិងញ៉ាំថ្នាំឲ្យខានតែបាន ត្បិតសុខភាពនាងខ្សោយដែលនាំឲ្យកូនក្នុងផ្ទៃសុខភាពខ្សោយទៅតាមហ្នឹងដែរ ហើយបើសិននាងនៅតែបន្តមិនញ៉ាំអ្វីសោះ វាអាចនឹងប៉ះពាល់ខ្លាំងដល់អាយុជីវិតកូននិងនាងទៀត ។

“ខ្ញុំមិនឃ្លាន”អេរ៉ានតបទាំងគ្មានកម្លាំងកំហែង ។ នាងតែងតែនិយាយថាមិនឃ្លាន ទោះពេលខ្លះក្រពះនាងចុករមួល ក៏មិនព្រមញ៉ាំអី ។

“ទោះមិនឃ្លានក៏ត្រូវតែញ៉ាំដែរកូន”ម្ដងនេះ លោកស្រីមិនអាចបណ្ដោយនាងទៀតឡើយ គាត់ទ្រាំមើលនាងក្នុងសភាពយ៉ាប់យ៉ឺនបែបនេះទៀតមិនបានទេ ។

“ឡានី! យកចានបបរមក”លោកស្រីងាកទៅប្រាប់ស្រីបម្រើ ពេលដាក់ខ្លួនអង្គុយចុងពូកក្បែរខ្លួនកូនរួច ។ ឡានីធ្វើតាមបញ្ជាលោកស្រីមិនបង្អង់ ឃើញទឹកមុខស្លេកស្លាំងរបស់អ្នកនាងហើយ នាងក៏អត់ទ្រាំមើលមិនបានដូចគ្នា ។

ចាញ់ស្នេហ៍ភរិយាសម្អប់Tahanan ng mga kuwento. Tumuklas ngayon