ភាគទី៖៨៦

91 5 0
                                        

ទម្រាំថេយ៉ុងនិងអេរ៉ានត្រឡប់មកដល់ផ្ទះវិញ វាក៏ចាយពេលរៀងយូរគួរសមដែរ ។ ស្រីតូចបើកទ្វារក្រឹក ក្រឡេកឃើញបងប្រុសខ្លួនកំពុងនៅអង្គុយក្នុងផ្ទះតែម្នាក់ឯងដោយមាន tablet មួយក្នុងដៃដូចជាកំពុងតែមើលអ្វីម្យ៉ាង មុននឹងបោះជំហ៊ានទៅរកនាយ ។ ខណៈពេលជាមួយគ្នានោះដែរ វត្តមានរបស់ដានីលក៏សាងការភ្ញាក់ផ្អើលដល់ថេយ៉ុងដែលយួរអីវ៉ាន់មកតាមក្រោយនោះមិនស្ទើរ ត្បិតគេនឹកស្មានមិនដល់ថានឹងបានជួបដានីលនៅទីនេះ អេរ៉ានមិនប្រាប់គេសូម្បីបន្តិច មិនដូច្នោះគេប្រហែលជាអាចត្រៀមខ្លួនប្រឈមមុខជាមួយដានីលជាមុន ។ ដានីលងើបមុខចេញពី tablet បន្ទាប់ពីឃើញពួកគេដើរចូលមក ។ នាយមានទឹកមុខមាំ ភ្នែកសម្លឹងដំណើរពួកគេមិនដាក់ភ្នែក ជាពិសេសគឺថេយ៉ុងតែម្ដង សម្លឹងមិនដកទាល់តែសោះ តាមសម្លឹងដល់ថ្នាក់អ្នកម្ខាងទៀតធ្វើខ្លួនមិនត្រូវ ។

“បងប្រុស” សំឡេងហៅរបស់អេរ៉ាននាំអារម្មណ៍ដានីលឲ្យដកក្រសែភ្នែកចេញពីថេយ៉ុង ជំនួសដោយការងាកមករកប្អូនស្រី ខណៈដែលនាងកំពុងដាក់បង្គុយចុះក្បែរនាយ ។ ដោយមិនចង់នៅធ្វើជាឆ្អឹងទទឹងកបងប្អូនគេទាំងពីរ ថេយ៉ុងក៏សម្រេចចិត្តដើរហួសទៅផ្ទះបាយ យករបស់ទៅទុកតែម្ដង ។

“តើគេមកដល់តាំងពីពេលណា?”គ្រាន់តែមកដល់ផ្ទះបាយឃើញឡានី គេក៏ប្រញាប់សួរនាំនាងភ្លេត ។ ដានីលមកបែបនេះ ឱកាសដែលអាចនៅជិតៗអេរ៉ាន និងតាមសម្រុះសម្រួលគ្នាជាមួយនាង ប្រហែលលែងមានទៀតហើយមើលទៅ ព្រោះប្រាកដណាស់ថាដានីលនឹងមិនបណ្ដោយឲ្យគេទៅរញ៉េរញ៉ៃប្អូនស្រីគេ ។
 
“អ្នកណា? លោកគ្រូពេទ្យដានីលហ្អ៎?”
“ចុះមាននរណាទៀត?”ថេយ៉ុងក្ដាប់មាត់ ក្នាញ់ឡានីដែលធ្វើជាមិនដឹងគេចង់សម្ដៅពីអ្នកណា ។
“គឺគាត់មកដល់ប្រហែល២ម៉ោងមុន”
“ហើយតើគេមានថាយ៉ាងម៉េចដែរទេ ពេលដែលដឹងថាខ្ញុំនៅទីនេះ?”
“ខ្ញុំដូចមិនឮគាត់និយាយអ្វីផង...”ឡានីគ្រវីក្បាលតិចៗ តាំងតែមកដល់ ក្រៅពីសួរថា “ថេយ៉ុងនៅទីនេះដែរមែន?” នាងដូចជាមិនឮដានីលសួរនាំអីពីថេយ៉ុងទៀតទេ ។

ត្បិតឮនាងឆ្លើយថាគ្មាន តែគេក៏នៅមិនអស់ចិត្ត ភ្នែកទាំងគូរចេះតែលួចដៀងមើលទៅពួកគេជារឿយៗ ត្រចៀកខំផ្ទៀងស្ដាប់ដែរ ប៉ុន្តែក៏គ្រាន់តែឮល្ហៀងៗ ស្ដាប់មិនបានថាពួកគេនិយាយគ្នាពីរឿងអីសោះ ។

“បងប្រុសសុខសប្បាយទេ? ការងារមមារញឹកឬអត់?”
“បងសុខទុក្ខធម្មតាទេ រីឯការងារក៏មមារញឹកគួរសម ប៉ុន្តែដោយសារចង់មកមើលសុខទុក្ខឯង ទើបបងឆ្លៀតពេលមក”
“ចុះពេលបងមកទីនេះ តើលោកប៉ាអ្នកម៉ាក់ដឹងដែរអត់?”
“ហ្ហឹម! ពួកគាត់ដឹងតើ...”
“ពួកគាត់សុខសប្បាយដែរតើមែនទេ? ខ្ញុំខានទាក់ទងទៅផ្ទះជាង១ខែហើយ”
“ពួកគាត់សុខសប្បាយហើយក៏បារម្ភពីឯងដូចគ្នា... ឮអ្នកមីងថា ប្រហែល១សប្ដាហ៍អីទៀតគាត់នឹងឡើងមកមើលឯងដែរហើយ”
“ម៉ាក់នឹងមកទីនេះ?”អេរ៉ានរៀងប្រែទឹកមុខ មិនមែនថានាងមិនសប្បាយចិត្តដែលដឹងថាអ្នកម៉ាក់នឹងមករក ប៉ុន្ដែរឿងដែលធ្វើឲ្យនាងស្រ្ដេស នោះគឺវត្តមានថេយ៉ុង ។ បើអ្នកម៉ាក់មកហើយបានឃើញថេយ៉ុងនៅទីនេះដែរ តើគាត់នឹងមានប្រតិកម្មបែបណា?
“ឬឯងមិនចង់ឲ្យគាត់មក?” ដានីលសួរបញ្ជាក់ព្រោះអាចស្មានដឹងពីគំនិតរបស់នាងនាពេលនេះ ។
“គឺ...”
“ដោយសារគេនៅទីនេះ ទើបឯងមិនចង់ឲ្យពួកគាត់មកដឹង?”
“....” អេរ៉ាននៅស្ងៀម ឆ្លើយតបមិនរួច ។
“គេមកនៅទីនេះយូរប៉ុណ្ណាហើយ?”
“ជាង១សប្ដាហ៍ហើយ”
“ឯងយល់ព្រមឲ្យគេរស់នៅទីនេះជាមួយឯងដល់ទៅ១សប្ដាហ៍...ឬមួយឯងទន់ចិត្ត ព្រមទទួលយកគេវិញហើយ?”
“មិនមែនដូចអីដែលបងគិតទេ! ខ្ញុំមិនបានទន់ចិត្ត គ្រាន់តែ...”
“គ្រាន់តែ...?”
“គេមុខក្រាស់ ដេញយ៉ាងម៉េចក៏មិនព្រមទៅ ខ្ញុំទាល់គំនិត ទើបបណ្ដោយៗតាមគេទៅ”

ក្រោយស្ដាប់ហេតុផលរបស់នាងរួច ដានីលក៏ទម្លាក់ខ្នងផ្អែកនឹងសាឡុង ឈប់សួរនាំនាងត ។ អេរ៉ានកើតការងឿងឆ្ងល់ភ្លាម ត្បិតសុខៗបងប្រុសប្រែជាស្ងាត់មាត់ បែរមុខសម្លឹងទៅផ្ទះបាយឯណាណោះវិញ ។

“មិនបានទន់ចិត្តគឺល្អហើយ ព្រោះបងក៏មិនចង់ឲ្យឯងទៅពាក់ព័ន្ធជាមួយអាម្សៀហ្នឹងទៀតដែរ”ដានីលនិយាយប្រយោគនេះឮៗ ល្មមនឹងអាចឮដល់ត្រចៀកថេយ៉ុងដែលខំផ្ទៀងស្ដាប់នៅផ្ទះបាយឯណោះដូចគ្នា ។ ថេយ៉ុងខំទប់កំហឹង ប្រឹងក្ដាប់ម្រាមដៃយ៉ាងណែន ប្រាប់ខ្លួនឯងថាត្រូវតែទ្រាំកុំឲ្យកម្រោលចូល ហក់ទៅដាល់ដានីលឲ្យបែកមាត់ចង្រៃនោះ ត្បិតពេលនេះ គេកំពុងសន្សំពិន្ទុពីអេរ៉ាន បើមានរឿងជាមួយដានីល លែងបានពិន្ទុពីនាងហើយ ។

“បងប្រុស!” អេរ៉ានយល់ភ្លាមពីបំណងដែលបងប្រុសកំពុងតែធ្វើ ។
“កុំបារម្ភអី! ដរាបណាមានបងនៅទីនេះ បងមិនឲ្យវាមករញ៉េរញ៉ៃនឹងឯងជាដាច់ខាត”

ដឹប! គិតអីចេះខុស...
ថេយ៉ុងដាល់ជញ្ជាំងលាន់សូរដឹប តែឮមិនដល់ត្រចៀកអ្នកម្ខាងទៀតខាងនោះទេ ហើយពួកគេក៏មិនដឹងថានៅផ្ទះបាយមានរឿងអីកើតឡើងដែរ មានតែឡានីម្នាក់ប៉ុណ្ណោះដែលឃើញស្ថានភាពរបស់ថេយ៉ុងច្បាស់ ប៉ុន្តែនាងបានត្រឹមឈរមួយកន្លែង ចំហរមាត់ បើកភ្នែកធំៗ មើលមកថេយ៉ុងជាមួយនឹងភាពភ្ញាក់ផ្អើល ។

(ត្រូវតែទ្រាំឲ្យបានថេយ៉ុង! ឯងត្រូវទ្រាំឲ្យបាន ដើម្បីយកឈ្នះចិត្តអេរ៉ាន...)

____
មកស៊ើបៗសិន ចង់ដឹងថាមានអ្នកចាំរឿងប៉ុន្មាននាក់😅

ចាញ់ស្នេហ៍ភរិយាសម្អប់Место, где живут истории. Откройте их для себя