ភាគទី៤

316 9 2
                                    

“ចង់ទៅណា?” ហូស៊ុករហ័សលូកចាប់ដៃឃាត់ដំណើរវីននីដែលបម្រុងនឹងដើរគេចពីនាយ ភ្លាមនោះវីននីក៏រហ័សគ្រវៀសដៃនាយកំលោះ ហាក់មិនចូលចិត្តពេលគេប៉ះពាល់ខ្លួននាងយ៉ាងអ៊ីចឹង ។

“តាមដែលបងសង្កេត អូនដូចជាស្អប់ខ្ពើមបង មិនចង់ឃើញមុខបង តើបងបានធ្វើអ្វីខុសចំពោះអូនដែរ?” គេសែនឆ្ងល់ខ្លាំងពិតមែន គេពុំដែលបានស្គាល់នាងពីមុន រិតតែមិនដែលធ្លាប់ធ្វើរឿងប៉ះពាល់ទៅលើនាង ប៉ុន្តែរាល់ពេលជួបមុខគ្នា នាងបង្ហាញអាការៈដូចជាធុញទ្រាន់ និងស្អប់ខ្ពើមនាយ ។ ពេលនេះ នាយគ្រាន់តែចង់ដឹងពីមូលហេតុដែលធ្វើឲ្យនាងស្អប់គេ បើសិនគេមិនល្អត្រង់ចំណុចណា គេក៏នឹងព្យាយាមកែប្រែ ។

“លោកមិនបានធ្វើអីខុស”
“បើអ៊ីចឹង ហេតុអីបានជាចេះតែគេចមុខពីបង? ថែមទាំងនិយាយគំរោះគំរើយជាមួយបងគ្រប់ពេលទៀត?”
“បើលោកចង់ដឹងណាស់ បាន! ខ្ញុំប្រាប់...មូលហេតុព្រោះខ្ញុំមិនចង់រៀបការជាមួយលោក”
“ហេតុអី? ឋានៈប៉ុនបងមានអីមិនត្រូវចិត្តអូន?”

“លោកជាអ្នកមាន ឋានៈគ្រួសារក៏ល្អ តែកាលដែលខ្ញុំមិនចង់រៀបការជាមួយលោក ព្រោះខ្ញុំមានមនុស្សក្នុងចិត្តរួចហើយ” វីននីក៏សម្រេចចិត្តប្រាប់ការពិតដល់នាយ ព្រោះតាមដែលនាងមើលឃើញ គេប្រហែលជាមនុស្សដែលនិយាយឆាប់យល់គ្នា បើនាងប្រាប់ការពិត គេអាចនឹងផ្លាស់ប្តូរចិត្ត បញ្ឈប់រឿងគ្រប់យ៉ាងបាន ។

“បើសិនអូនជាមួយបងយូរទៅ អូនអាចនឹងកែប្រែចិត្តមកស្រឡាញ់បងវិញក៏ថាបាន”ប្រយោគរបស់គេ ធ្វើឲ្យវីននីរលាយអស់នូវសេចក្ដីសង្ឃឹមទាំងអម្បាលម៉ាន ។ នាងខំគិតថាគេជាមនុស្សស្រួលនិយាយ តែចុងក្រោយ ខុសការគិតនាងទាំងស្រុង ។

“ខ្ញុំគ្មានថ្ងៃស្រឡាញ់លោកនោះទេ”បេះដូងនាងមានសម្រាប់តែថេយ៉ុងម្នាក់ ហើយក៏មានតែគេម្នាក់រហូតទៅ គ្មាននរណាអាចចូលខ្លួនមកជំនួសកន្លែងគេបានឡើយ ។ វីននីសម្លឹងមុខគេដោយការអស់សង្ឃឹម រួចក៏បោះជំហានដើរជៀសនាយកំលោះចេញទៅ ទុកឲ្យហូស៊ុកតាមមើលផែខ្នងនាងទាំងក្រសែភ្នែកស្រទន់ប៉ុន្តែស្រងូតស្រងាត់ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Where stories live. Discover now