ភាគទី៖៧៨

80 4 1
                                    

“លេបថ្នាំរួចក៏ចេញទៅវិញទៅ”
“ហ្ហឹម???” ថេយ៉ុងចងចិញ្ចើម គ្រហឹមតិចៗនៅដើមក ងើយមុខឡើង ចោលភ្នែកសម្លឹងទៅកាន់អ្នកដែលឈរអោបដៃជាប់ទ្រូង ស្រដីដេញគេដោយទឹកមុខស្មើរនោះភ្លឹសៗ ។ អម្បាញ់មិញ គេឡើងខំលួចមានកូនចិត្តរំភើប ក្ដីសង្ឃឹមកើនដល់១០០ភាគរយ នៅពេលដែលនាងបង្ហាញអាការៈបារម្ភចំពោះគេ តែចុងក្រោយក្ដីសង្ឃឹមរលាយរលត់ដូចជាផ្សែងហើររសាត់តាមខ្យល់ បេះដូងថ្លើមប្រមាត់ធ្លាក់ថ្លើមចុះខ្ពោកដល់បាតជើង ។

“កុំមកធ្វើភ្នែកស្លើ! លោកកុំស្មានថាខ្ញុំអនុញ្ញាតឱ្យលោកចូលមកហើយ ព្រមឱ្យលោកមកដេកក្នុងផ្ទះខ្ញុំបាននោះ ខ្ញុំគ្រាន់តែយោគយល់ដល់ភាពបន្ទាន់របស់លោកមួយគ្រាហ៍ប៉ុណ្ណោះ” អេរ៉ាននិយាយផាំងៗ ហាក់គ្មានត្រាប្រណីចិត្តអីបន្ដិច រីឯមុខនៅតែមាំមិនប្ដូរ ។

“ប៉ុន្តែខ្ញុំនៅចុកពោះនៅឡើយ នាងពិតជាចង់ឱ្យខ្ញុំទៅក្រៅឥឡូវនេះមែនហ្ហេស៎?” នាយកំលោះចាប់ផ្ដើមតម្អូញភ្លែត ខ្ចឹបបបូរមាត់ពេបតិចៗ ស្របនឹងដៃសងខាងលូកអោបពោះខ្លួនឯង ឆ្លៀតឈ្លីលើពោះថ្នមៗ ដូចចង់បង្ហាញឱ្យអេរ៉ានបានឃើញថាគេនៅឈឺចុកក្នុងពោះពិតមែន បើចេញទៅក្រៅឥឡូវ ខ្លាចថាដើរមិនទាន់ផុតរបងផង ត្រូវរត់ត្រឡប់មកបន្ទប់ទឹកវិញប្រាកដណាស់ ។

“បើមិនដូច្នោះទេ ខ្ញុំសុំដេកក្នុងផ្ទះផងណា! មិនចង់រត់ចូលរត់ចេញចុះឡើងរំខានពេលវេលាសម្រាករបស់នាង...ឲ្យខ្ញុំដេកលើនៅសាឡុងនេះក៏បាន ខ្ញុំokay”ថេយ៉ុងនិយាយទាំងធ្វើភ្នែកព្រិចៗ លេចទឹកមុខស្មូញៗជូរហួញឡើងមកយ៉ាងគួរឱ្យអាណិត ខណៈអេរ៉ានដែលឈរនៅក្បែរនោះ លួចសង្រ្គឺតជើងធ្មេញ ក្នាញ់នឹងចរិតគេជាខ្លាំង ។ បែកគ្នាតែប៉ុន្មានខែ គេប្រែទៅជាមនុស្សដែលចេះធ្វើអាចរិតតម្អូញតម្អែ និងធ្វើខ្លួនឱ្យអ្នកដទៃអាណិតទាំងអស់នេះហើយ?
“......”
“ណាៗ...ខ្ញុំសុំដេកផង...ណា...” ឃើញនាងស្ងាត់ មិនមាត់មិនកអ្វី គេនៅតែបន្តទទូចសុំអង្វរង៉ូវៗដាក់នាងប្រៀបដូចសំបុកឃ្មុំ ។

“ខ្ញុំស្ទើរតែមិនជឿ ថាលោកក្លាយទៅជាមនុស្សបែបនេះ?”នាងបោះសម្ដីដោយការធុញទ្រាន់ ធុញទ្រាន់នឹងគេពេញទំហឹង ជាពិសេសសំឡេងរំអុកង៉ូវៗ សុំអង្វរមិនដាច់សូររបស់គេនោះ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Where stories live. Discover now