ងឺត!
ឡានប្រចាំគ្រួសារគីម បានឈប់សំចតពីមុខភូមិគ្រឹះ ខណៈនោះ តៃកុងឡានក៏ចុះពីលើឡាន ងាកមកបើកទ្វារជូនចៅហ្វាយនាយ ។ លោកស្រីយ៉ុងហ៊ីឈានជើងចុះពីឡានមកមុន ព្រោះគាត់អង្គុយនៅក្បែរស្រាប់ បន្ទាប់មកទើបជៀសខ្លួនទៅម្ខាងដើម្បឱ្យនាងតូចអេរ៉ានចុះម្ដង ។
“យកវ៉ាលីនៅគូទឡានទៅទុកនៅបន្ទប់អ្នកប្រុសតូចទាំងអស់ទៅ” លោកស្រីងាកទៅបញ្ជាអ្នកបម្រើស្រីៗហើយ ក៏បណ្ដើរកូនប្រសាស្រីចូលទៅក្នុងផ្ទះព្រមគ្នា ។
“ទៅអង្គុយនៅសាឡុងសិនទៅកូន”
“ចាសម៉ាក់”អេរ៉ានញញឹមយល់ព្រមតាមលោកស្រីទៅអង្គុយនៅសាឡុងទទួលភ្ញៀវជាមួយគាត់ ។ សម្រាប់នាង មកទល់នឹងឥឡូវ នៅតែមានការប្លែកចិត្តមិនទាន់បាត់ ត្បិតនៅសុខៗអ្នកម៉ាក់ក្មេករបស់នាង ស្រាប់តែទៅដល់ផ្ទះ និងប្រាប់ឱ្យអ្នកបម្រើរៀបចំសម្លៀកបំពាក់ របស់របរប្រើប្រាស់ដាក់វ៉ាលីទាំងអស់ រួចក៏នាំនាងឡើងឡានត្រឡប់មកទីនេះភ្លាមៗ រកតែនាងសួររកមូលហេតុមិនទាន់ ។
“បើម៉ាក់ដឹងថាកាលដែលឱ្យកូនទៅរស់នៅទីនោះ ធ្វើឱ្យកូនរងទុក្ខផ្លូវចិត្តថ្នាក់នេះ ម៉ាក់មិនព្រមឱ្យកូនទៅទេ”ដាក់ខ្លួនអង្គុយចុះបានបន្ដិច លោកស្រីក៏និយាយប្រយោគមួយនេះចេញមក នាំឱ្យអេរ៉ានកាន់តែមានអារម្មណ៍ថាចម្លែក ។
“ខ្ញុំមិនបានរងទុក្ខអីទេម៉ាក់ ខ្ញុំរស់នៅសុខសប្បាយទេតើ” ប៉ុន្តែដោយសារមិនចង់ឱ្យអ្នកម៉ាក់បារម្ភ ទើបអេរ៉ានគ្រវីក្បាលប្រកែកទាំងរក្សាស្នាមញញឹមលើផ្ទៃមុខដដែល ។ តែក្នុងភ្នែកអ្នកជាមនុស្សចាស់ ដែលមានបទពិសោធន៍មើលទឹកមុខមនុស្សមកច្រើនដូចជាគាត់ ស្នាមញញឹមដែលនាងកំពុងមាននៅពេលនេះ គ្រាន់តែសាងឡើងជាការបន្លំភ្នែក ដើម្បីលាក់បាំងទុក្ខលំបាកក្នុងចិត្តប៉ុណ្ណោះ ។
“កូនឈប់លាក់បាំងទៀតទៅអេរ៉ាន! ម៉ាក់បានដឹងរឿងរវាងកូននិងប្រុសថេយ៍អស់ហើយ”
“......”គ្រាន់តែឮលោកស្រីនិយាយដូច្នោះ អេរ៉ានក៏ស្ងាត់ រៀងទម្លាក់មុខចុះបន្ដិច ។ ប្រហែលដោយសារមូលហេតុនេះហើយទើបបានជាគាត់ទៅនាំនាងត្រឡប់មកនៅភូមិគ្រឹះវិញយ៉ាងតក់ក្រហល់ដូច្នេះ ។
“តើពេលនេះកូនមិនអីទេមែនទេ? មានអ្វីចង់និយាយប្រាប់ម៉ាក់ដែរទេ?”
“គឺ...” អេរ៉ានងើបមុខសម្លឹងទៅគាត់ដោយការស្ទាក់ស្ទើរ ។ សារភាពត្រង់ចុះ នៅពេលនេះ ខួរក្បាលរបស់នាងគឺវីលវល់អស់ហើយ ។ ទទួលស្គាល់ថានាងហត់នឿយចិត្ត ពិបាកទ្រាំនឹងរស់នៅជាមួយរឿងរ៉ាវដែលជួបដូចរាល់ថ្ងៃនេះ ប៉ុន្តែដោយសារចិត្តស្រឡាញ់ ទើបនាងនៅស្ទាក់ស្ទើរ នៅតែមិនដាច់ស្រេច ។ បើទោះបីជានៅសល់ក្ដីសង្ឃឹមមិនច្រើន ប៉ុន្តែនាងក៏នៅតែចង់ជម្នះចិត្តគេបន្ត ជម្នះរហូតទាល់តែដល់ពេលណាមួយដែលនាងទៅមុខលែងរួច សុំចុះចាញ់ ពេលនោះហើយជាពេលដែលនាងបដិសេធការពិតលែងបានតទៅទៀត ។ ការពិតដែលថា គេមិនអាចសូម្បីតែបើកចិត្តស្រឡាញ់នាងវិញ ។
YOU ARE READING
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
