ភាគទី៖៩៦

40 3 0
                                        

ជាន់ខាងក្រោម...

«មកវិញហើយ?»រ៉ាហ្វែលដែលកំពុងឈរមើលឯកសារជាមួយអ្នកគ្រូពេទ្យម្នាក់នៅខាងមុខតុផ្ដល់ព័ត៌មាន ក្រោយក្រឡេកមិត្តត្រឡប់មកវិញ ក៏មិនភ្លេចងាកមកសួរនាំ ។ ចិញ្ចើមដានីលជ្រួញជាប់ ហាក់ដូចមិនអស់ចិត្តនឹងរឿងអ្វីមួយ រ៉ាហ្វែលឃើញហើយក៏ឆ្ងល់ដែរ ។
«យ៉ាងម៉េច? តាមទាន់ទេ?»
«ហ្ហឹម! ទាន់ប៉ុន្តែ...»
«ប៉ុន្តែអី?»
«អាហ្វែល! ជួយយើងបន្ដិចមក...»
«ឲ្យយើងជួយអី?»
«....» ដានីលអោនខ្សឹបដាក់ត្រចៀករ៉ាហ្វែល ព្រោះឃើញមានអ្នកគ្រូពេទ្យម្នាក់នៅត្រង់នោះដែរ ដានីលមិនចង់ឲ្យនរណាដឹង ។
«រឿងប៉ុណ្ណឹងទេ?» សុទ្ធតែខ្សឹបដាក់ត្រចៀក ធ្វើដូចរឿងធំដុំណាស់ ។
«អឺ! យើងចង់ដឹង»
«ទៅចាំយើងនៅបន្ទប់ទៅ»
«អូខេ» បន្ទាប់ពីព្រមព្រៀងគ្នារួច ដានីលក៏ចាកចេញពីត្រង់នោះ រួចសម្ដៅទៅបន្ទប់ធ្វើការផ្ទាល់ខ្លួនរបស់រ៉ាហ្វែល ។

.....

ក្រាក!
សំឡេងរបើកឡើងនៃទ្វារបន្ទប់ នាំអារម្មណ៍អ្នកដែលអង្គុយនោះឲ្យងាកមករកទ្វារយ៉ាងលឿន ។
«នេះ...របស់ដែលឯងចង់បាន» រ៉ាហ្វែលដាក់សំណុំឯកសារពីមុខដានីល រួចដើរទៅអង្គុយនៅកៅអីធ្វើការរបស់ខ្លួន ។

ដានីលយកឯកសារមកបើកមើល គេបើកភ្នែកធំ ក្រោយដឹងថាអ្នកជម្ងឺបន្ទប់លេខ៥១៥ជានរណា ។ ភ្លាមនោះដានីលក៏ដកភ្នែកទៅផ្ដោតលើបញ្ហាសុខភាពរបស់អ្នកជម្ងឺម្ដង លើកនេះ គេកាន់តែភ្ញាក់ផ្អើលទ្វេដង ។
«ម៉េចក៏...»
«ឯងស្គាល់អ្នកជម្ងឺម្នាក់នេះដែរហ្ហេស?» ព្រោះឃើញអាការៈប្លែកៗរបស់មិត្ត ទើបរ៉ាហ្វែលអត់នឹងសួរមិនបាន ។
«ហ្ហឺម! ស្គាល់...គេជាអតីតប្អូនថ្លៃយើង»
«ហាស! ថាម៉េច? អតីតប្អូនថ្លៃឯង?» អ៊ីចឹងក៏មានន័យថា គេគឺជាអតីតស្វាមីអេរ៉ាន...ពុទ្ធោ! គេស្ទើរតែមិនគួរឲ្យជឿ...។
«ហេតុអីទៅជាបែបនេះ? នេះតើគេ...» សូម្បីតែនាយផ្ទាល់ ឃើញហើយក៏មានការគាំងនិយាយស្ទើរមិនចេញ មិនហ៊ានស្រម៉ៃទេ បើសិនអេរ៉ានដឹងរឿងនេះ ។
«ដែលគេបាត់ទៅ២ថ្ងៃ ដោយសារតែមូលហេតុនេះទេ?» នាយគិតថា គេប្រហែលជាត្រឡប់ទៅរ៉ូមវិញហើយទេតើ ប៉ុន្តែការពិត...
.....
ងាកមកមើលនៅក្នុងបន្ទប់ឯណេះវិញ ពេលនេះថេយ៉ុងកំពុងតែប្រឈមមុខនឹងសំណួរបងប្រុស ។ ស៊ុកជីនសួរនាំពីគេរឿងអេរ៉ាន ទាំងលោកប៉ាអ្នកម៉ាក់ ទាំងវីននី ក៏នៅទីនោះទាំងអស់គ្នា ។ វីននីជាអ្នកដែលដឹងគ្រប់រឿងនោះ ចង់ហើបមាត់ប្រាប់ពួកគាត់ខ្លាំងណាស់ តែថេយ៉ុងឲ្យសញ្ញាថាកុំ ទើបនាងធ្វើអីមិនបានក្រៅពីអង្គុយនៅស្ងៀមមួយកន្លែងមើលគ្រួសារពួកគេនិយាយគ្នា ។
«ណ្ហើយចុះ! មិនប្រាប់កន្លែងស្នាក់នៅរបស់អេរ៉ានក៏បាន ឲ្យតែលេខទំនាក់ទំនងមកបងមក»
«ខ្ញុំគ្មានទេ...» ថេយ៉ុងគ្រវីក្បាលតិចៗ អ្នកស្ដាប់ឮកាន់តែហួសចិត្ត ។
«ស្អីគេ?» តើនាយគួរជឿដែរទេ ដែលថាគេគ្មានលេខទំនាក់ទំនងប្រពន្ធខ្លួនឯង? ទាំងដែលលេខសង្សារចាស់នៅមាន?
«នាងប្ដូរលេខថ្មី! ខ្ញុំមិនទាន់បានសុំលេខថ្មីនាងនៅឡើយ» គេរវល់តែនឹកវិធីតាមយកចិត្តនាង ម្យ៉ាងក៏នៅក្បែរនាងរាល់ថ្ងៃទៀត ទើបភ្លេចនឹកឃើញទៅ ។
ប៉ុន្តែក៏មិនមែនថាគ្មានវិធីទាំងស្រុងដែរ បើគេមិនបានហាមវីននី គ្រប់គ្នាប្រាកដជាដឹងកន្លែងស្នាក់នៅរបស់អេរ៉ានបាត់ទៅហើយ ។
«ម៉ាក់គិតថា កូនរ៉ានគួរតែដឹងរឿងនេះ... ហើយបើនាងបានដឹងហើយ ទោះនាងមកឬមិនមក អាស្រ័យលើការសម្រេចចិត្តរបស់នាងចុះ»
«....» ស្ងាត់គ្មានការឆ្លើយតប ។ គេខ្លាច... ខ្លាចថានាងនឹងមិនមកមើលគេ នាងស្អប់គេខ្លាំងយ៉ាងនេះ បើនាងមិនមក គេនឹងគ្រាំទ្រូងលើសនេះប្រាកដណាស់ ។
«តាមចិត្តឯងទៅ! បងឈប់លូកដៃហើយ» ស៊ុកជីនដើរទៅទម្លាក់ខ្លួនអង្គុយលើកៅអីនៅម្ខាងគ្រែទាំងក្ដៅក្នុងទ្រូង ។ នាយទាល់តម្រិះត្រឹមហ្នឹងហើយ ចង់ធ្វើជាជួយសម្របសម្រួល តែបើគេមិនសហការ បណ្ដោយតាមយថាកម្មរបស់គេទៅ ។
......
@ផ្ទះលំហែ
ដានីលមកដល់ផ្ទះវិញម៉ោងប្រហែល១១ថ្ងៃត្រង់ មកដល់ក៏ឃើញឡានីកំពុងតែរៀបចំតុអាហារល្មម ដោយមានអេរ៉ានអង្គុយនៅតុស្រាប់ ។
«បងប្រុស! បងវិញហើយ? បងញ៉ាំអីឲ្យហើយនៅ? បើនៅមកអង្គុយញ៉ាំជាមួយគ្នាមក» ដានីលស្ងាត់ ប៉ុន្តែក៏ព្រមទៅអង្គុយរួមតុជាមួយនាង ។
«ឡានី! យកចានមកបន្ថែមមក»
«ចាសអ្នកនាង» ឡានីក៏ដើរទៅយកចានតាមសម្ដីអ្នកនាង ។ ក្រោយយកចានមកដាក់លើតុមុខដានីលរួច នាងក៏ចេញពីត្រង់នោះ ។
«ខ្ញុំគិតថាបងនឹងញ៉ាំនៅខាងក្រៅទេតើ» ដោយសារបងប្រុសប្រាប់ថាទៅរកមិត្ត ទើបនាងមិនគិតថាគាត់ត្រឡប់មកវិញលឿន ។
«.....» ដានីលនៅតែស្ងាត់ ហាក់ដូចមិនបានឮសម្ដីរបស់នាង ។ គេអង្គុយធ្មឹងៗ ខណៈភ្នែកសម្លឹងជាប់ទៅនឹងម្ហូបលើតុ ។
«បងប្រុស? បងប្រុស?» ឃើញគេភ្លឹកៗ នាងហៅម្ដងជាពីរដង ប៉ុន្តែគេដូចមិនឮក៏មិនកម្រើក គិតតែពីអង្គុយឆ្កឹង ។
«បងប្រុស!»
«ហ្ហឺស?» លើកនេះ ទើបគេភ្ញាក់ចេញពីការភ្លឹក ព្រោះអេរ៉ានហៅគេឮជាងមុន និងលើកដៃរាចុះឡើងដាក់មុខគេជាការដាស់ស្មារតីបន្ថែម ។
«បងកើតអីហ្នឹង?» នាងសួរទាំងធ្វើមុខឆ្ងល់ៗ ។ ព្រឹកមិញគាត់ប្រាប់ថាទៅមន្ទីរពេទ្យជួបមិត្ត ដល់តែត្រឡប់មកវិញក៏មានអាការៈប្លែកៗ អង្គុយធ្មឹងៗដូចមនុស្សគ្មានវិញ្ញាណបែបនេះ ។
«....» ដានីលមិនទាន់ឆ្លើយតប តែក៏សម្លឹងមុខនាងភ្លឹសៗ នាងសង្កេតឃើញថាគេហាក់មានអីចង់និយាយជាមួយនាង ប៉ុន្តែមិនព្រមហើបសម្ដី ។
«បងមានអីចង់និយាយជាមួយខ្ញុំដែរទេ?» បើមានអីចង់និយាយក៏និយាយ មិនចាំបាច់រារែក នាងកំពុងតែចាំស្ដាប់ហើយ។
«គឺថា...» ខ្លួនគេផ្ទាល់ក៏មិនដឹងគួរប្រាប់ថានាងយ៉ាងម៉េច ទើបនាងមិនតក់ស្លុតបើសិនណានាងបានដឹងរឿងនោះ ។ អេរ៉ានឯណោះ ក៏រិតតែអន្ទះសារចង់ដឹងខ្លាំងឡើង បងប្រុសកំពុងតែធ្វើឲ្យនាងមិនស្រួលចិត្តហើយ ។
«ថ្ងៃនេះ...ពេលបងទៅមន្ទីរពេទ្យ គឺបងបានជួប...» និយាយដល់ត្រឹមនេះ ដានីលក៏អាក់សម្ដីមួយខណៈ សាងមន្ទិលសង្ស័យដល់អេរ៉ាន បងប្រុសជួបនរណា? ឬមួយគាត់បានជួបគេ? បងប្រុសបានជួបគេមែនឬ?
«បងប្រុសបានជួបនរណា?»
«ថេយ៉ុងមែនទេ?»

_____
កូនស្រីស្លន់ហើយ

ចាញ់ស្នេហ៍ភរិយាសម្អប់Où les histoires vivent. Découvrez maintenant