ភាគទី៖៨១

199 9 2
                                        

៥នាទីក្រោយសម្ងំក្នុងបន្ទប់ទឹក អេរ៉ានចេញមកវិញទាំងមុខស្លេកស្លាំង គ្មានកម្លាំងកំហែងបែកញើសឡើងជោគថ្ងាស ដង្ហើមក៏ដកញាប់ៗសឹងមិនដល់គ្នា ។ ដៃស្រឡូនលើកមកជូតញើសលើថ្ងាសតិចៗ សម្រួលដង្ហើមបានស្រួលបន្ដិច ទើបព្យាយាមបោះជំហានមួយៗទៅកាន់ទ្វារក្នុងគោលបំណងចេញទៅខាងក្រៅ ដើម្បីមើលថាតើព្រឹកនេះឡានីធ្វើម្ហូបអ្វី ទើបបានជាមានក្លិនភាយពេញផ្ទះអ៊ីចឹង ។

“ហ្ហឹម!!! ក្លិនឈ្ងុយដល់ហើយអ្នកប្រុស...ថ្វីដៃអ្នកប្រុសកាន់តែប្រសើរឡើងៗហើយ...មើលចុះ! គ្រាន់តែហិតក្លិន ក៏ធ្វើឲ្យកូរពោះគ្រូកៗដែរ” ឡានីលាន់មាត់សរសើរមិនដាច់ពីមាត់ ក្រោយបានស្រង់ក្លិនដ៏ឈ្ងុយនៃស្នាដៃថេយ៉ុង នាំឲ្យអ្នកខាងនោះញោចញញិមក្បួចព្រោះរំភើបចិត្ត ដោយមិនដឹងថា រាល់សកម្មភាពរបស់ពួកគេ កំពុងស្ថិតក្នុងក្រសែភ្នែករបស់អ្នកម្ខាងទៀត ដែលសម្លឹងមកទាំងក្ដៅក្រហាយចិត្ត ។ 

“នេះបើសិនអ្នកនាងបានញ៉ាំ អ្នកនាងប្រាកដជា-”
“ឡានី!”
កំឡុងពេលឡានីកំពុងជាប់មាត់មិនចាប់ភ្លឹក ត្រចៀកទាំងសងខាងស្រាប់តែបានលឺសំឡេងអេរ៉ានបន្លឺឡើង នាំឲ្យនាងត្រូវខ្ចឹបមាត់ អាក់សម្ដី លែងហ៊ាននិយាយអ្វីបន្តទៀត ។ ចំណែកថេយ៉ុង គ្រាន់តែបានលឺសំឡេងអេរ៉ាន គេក៏បែរក្រោយ ធ្វើមុខភ្លឹសៗ ដោយសារនាងលេចមុខមកស្រស់ៗពេក គេផ្ទាល់ក៏ធ្វើខ្លួនមិនត្រូវដូចគ្នា ។ 
“ឡានី! មកតាមខ្ញុំ”
“ចាសអ្នកនាង”ឡានីតបទាំងអោនមុខចុះ លួចពេបមាត់តិចៗ ព្រោះដឹងច្បាស់ អ្នកនាងហៅទៅស្ដីឲ្យប្រាកដណាស់ ។
“ឈប់សិន!...”ឡានីដើរទៅតាមអេរ៉ានមិនបានប៉ុន្មានជំហាន ថេយ៉ុងស្រាប់តែស្រែកឃាត់ដំណើរ មុននឹងដើរបង្ហួសឡានីទៅរកអេរ៉ានជំនួស ។
“ខ្ញុំត្រូវការនិយាយជាមួយមនុស្សរបស់ខ្ញុំ លោកជាអ្នកក្រៅ កុំមករវល់” អេរ៉ានរិតមួម៉ៅ ឆេវឆាវស្ទើរតែគ្រប់គ្រងខ្លួនឯងមិនបាន នៅពេលថេយ៉ុងចូលខ្លួនមកជ្រៀតជ្រែក ទើសទែងរឿងរបស់នាង ។
“ខ្ញុំមិនរវល់មិនបានទេ...បើនាងហៅឡានីទៅព្រោះចង់ស្ដីបន្ទោស អ៊ីចឹងនាងស្ដីបន្ទោសខ្ញុំវិញទៅ ព្រោះខ្ញុំជាអ្នកសុំឲ្យឡានីលាក់រឿងទាំងនេះ”
“មនុស្សមុខក្រាស់ ឥតកេរ្តិ៍ខ្មាស់ដូចលោក ទោះស្ដីថាយ៉ាងម៉េចក៏មិនចេះឈឺ មិនចេះញ៉ិនដែរ... ម្យ៉ាងទៀត ឡានីជាមនុស្សរបស់ខ្ញុំ រឿងអីហេតុអីនាងត្រូវទៅស្ដាប់សម្ដីលោក? ខ្ញុំបន្ទោសនាង វាសមគួរហើយ”
“ហេតុអីមិនអាចស្ដាប់បាន? ខ្ញុំក៏ជាចៅហ្វាយនាងម្នាក់ដែរតើ”
“ចៅហ្វាយស្អី? តាំងអង្គាល់? នរណាអនុញ្ញាតឲ្យលោកមកធ្វើខ្លួនជាចៅហ្វាយកូនចៅខ្ញុំ?”
“ចាំបាច់នរណាអនុញ្ញាតអី ខ្ញុំជាប្ដីនាង ដូច្នេះកូនចៅនាងក៏ដូចជាកូនចៅខ្ញុំ មិនអ៊ីចឹង?”
“មុខក្រាស់”
“ទាល់តែមុខក្រាស់ ទើបនៅជាមួយស្រីចិត្តរឹងដូចនាងកើត”
“លោ-លោកឯង??”
“យ៉ាងម៉េច?”
“បានហើយៗណា អ្នកប្រុស! អ្នកនាង! ឈប់ឈ្លោះគ្នាទៅ...” ដោយសារទ្រាំមើលទៀតលែងបាន ឡានីក៏ប្រញាប់ចូលខ្លួនឈរចន្លោះកណ្ដាលនៃពួកគេដើម្បីឃាត់កុំឲ្យឈ្លោះគ្នាតទៀត មិនដូច្នោះទេ ជម្លោះនេះប្រហែលមិនបញ្ចប់ប្រាកដណាស់។

ចាញ់ស្នេហ៍ភរិយាសម្អប់Место, где живут истории. Откройте их для себя