ភាគទី៥៦

383 9 1
                                        

ល្ងាចនៅតុអាហារ...

គ្រប់គ្នាកំពុងតែញ៉ាំបាយរៀងខ្លួនយ៉ាងស្ងៀមស្ងាត់ មិនមាននរណាម្នាក់និយាយអ្វីឡើយ ។ លោកគីម និងលោកស្រីក៏ស្ងាត់ រីឯថេយ៉ុងនិងអេរ៉ានដែលអង្គុយជាប់តុគ្នានោះក៏ស្ងាត់ ។

កឹប! ចង្កឹះពីរគូរលូកចាប់ម្ហូបស្របពេលជាមួយគ្នាក្នុងចានតែមួយ ហើយក៏ចំដុំសាច់តែមួយ ធ្វើឱ្យលោកគីមនិងលោកស្រីងើបមើលទៅពួកគេព្រមគ្នាទាំងពីរនាក់ ។ ឃើញដូច្នោះ អេរ៉ានក៏ដកចង្កឹះរបស់ខ្លួនចេញ ទុកសាច់មួយនោះឱ្យគេ ចំណែកនាងក៏លូកទៅចាប់ម្ហូបផ្សេងមកញ៉ាំត ។

ថេយ៉ុងចាប់សាច់មួយដុំនោះលើកយឺតៗមកដាក់ក្នុងចានខ្លួន បម្រុងនឹងយកវាមកញ៉ាំ តែក៏ក្រឡេកឃើញអ្នកម៉ាក់ញាក់មុខញាក់ភ្នែកដាក់ ដូចជាចង់បង្ហាញប្រាប់គេថា ឱ្យចាប់សាច់មួយដុំផ្សេងទៀតទៅឱ្យអេរ៉ានដែរ ។

ពេលនោះគេស្ទាក់ស្ទើរ ចង់ចាប់បន្ដិចអត់បន្ដិច តែពេលឃើញភ្នែកអ្នកម៉ាក់សម្លឹងមកដូចចង់ស៊ីសាច់គេទាំងរស់ គេក៏ដាច់ចិត្តលូកចាប់ម្ហូបក្នុងចានដដែលនោះទៅឱ្យនាង ។

“បងមិនចាំបាច់ចាប់ឱ្យខ្ញុំទេ”អេរ៉ានបដិសេធមិនព្រមទទួលភ្លាមៗ ពេលគេប្រុងនឹងដាក់សាច់នោះក្នុងចាននាង ។ ការបដិសេធរបស់នាង ធ្វើឱ្យថេយ៉ុងមូវចិត្តឡើងភ្លាម ហើយក៏រអៀសដៃយ៉ាងគួរឱ្យអាម៉ាស ។ គិតថាគេចង់ចាប់ឱ្យនាងណាស់មែន? ញ៉ាំខ្លួនឯងក៏បានដែរ ។

ផ្លុប! ជំនួសដោយការដាក់ក្នុងចាន គេក៏យកវាមកដាក់ចូលក្នុងមាត់យកតែម្ដង មុននឹងបន្តញ៉ាំបាយទាំងមិនខ្ជីខ្វល់ពីនរណាទៀត ។ លោកស្រីយ៉ុងហ៊ីឯណោះ ក៏គ្រវីក្បាលតិចៗ ងាកធ្វើមុខស្មូញៗដាក់លោកគីម ។
........

អាហារពេលល្ងាចដ៏សែនរអាក់រអួលត្រូវបានបញ្ចប់រួចរាល់ បន្ទាប់មកគ្រប់គ្នាក៏បំបែកគ្នាទៅបន្ទប់រៀងខ្លួន ។
ក្រឹប!...
អេរ៉ានទើបនឹងឡើងមកដល់បន្ទប់ ក៏ឃើញថេយ៉ុងអង្គុយនៅសាឡុង ទាំងមុខក្រញូវដូចគេយកទៅចងបាញ់ ។
“ចង់មកក្បាច់ស្អីទៀតហើយ?”ឃើញនាងដើរគេច ទាំងមិនសូម្បីតែចោលភ្នែកសម្លឹងមុខគេបន្ដិចសោះ ទើបគេចោទជាសំណួរបែបនោះឡើង ។
“.....” អេរ៉ានក៏ស្ងាត់មាត់ដដែល ។ នាងបន្តដើរទៅរកទូរសម្លៀកបំពាក់ បើកយកឈុតគេងយប់និងកន្សែងមកកាន់នឹងដៃ ។ ហើយប្រាកដណាស់ ភាពប្រងើយកន្តើយរបស់នាង កាន់តែធ្វើឱ្យអ្នកម្ខាងទៀតក្ដៅស្លឹកត្រចៀកយកតែមែនទែន ។
“នាងចង់ផ្គើនខ្ញុំមែនទេអេរ៉ាន?” នាងធ្វើនេះ ប្រាកដជាចង់ផ្គើនគេច្បាស់ណាស់ ព្រោះម្សិលមិញគេថាឱ្យនាងច្រើនដែរ ទើបថ្ងៃនេះ នាងធ្វើដូចជាមិនចាប់អារម្មណ៍ ធ្វើដូចជាគេគ្មានវត្តមាននៅត្រង់នេះ ។
“បើលោកគិតថាខ្ញុំផ្គើន ខ្ញុំក៏គ្មានអីដោះសារ”
“???” គ្រាន់តែឮសព្វនាមដែលនាងប្រើនិយាយជាមួយគេ ថេយ៉ុងគាំងខួរដល់ថ្នាក់និយាយលែងចេញទៅហើយ ។ លោក? សូម្បីតែសព្វនាមក៏នាងប្ដូរដែរ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Where stories live. Discover now