ភាគទី៤៧

209 9 2
                                    

ឈានចូលដល់វេលាម៉ោង១១យប់ អេរ៉ានបានភ្ញាក់ពីគេងម្ដងទៀត បន្ទាប់ពីយំរហូតដល់លង់លក់កាលពីល្ងាច ។ តូចច្រឡឹងបើកភ្នែកសម្លឹងមើលទៅលើពិដាន ទាំងមានអារម្មណ៍ថាក្បាលរបស់ខ្លួនហាក់ដូចជាធ្ងន់ត្រដុក ឈឺចាប់ខ្ទោកៗដូចមានម្ជុលរាប់រយដើមចាក់ពីលើ ។  នាងព្យាយាមនាំខ្លួនក្រោក ព្រោះចង់ចូលបន្ទប់ទឹក តែខណៈនោះ ភ្នែកទាំងគូរក៏បែរក្រឡេកឃើញកាយមាំរបស់អ្នកជាស្វាមី កំពុងគេងអោបដៃលង់លក់នៅឯសាឡុងដែលនៅមិនឆ្ងាយពីគ្រែនាងប៉ុន្មាន ។

ភ្លាមៗ គ្រាន់តែបានឃើញគេ រាល់ពាក្យសម្ដីដែលគេបាននិយាយទាំងអម្បាលម៉ានកាលពីល្ងាច ក៏ស្រាប់តែលោតចូលក្នុងខួរក្បាលនាងដោយស្វ័យប្រវត្តិ នាំឱ្យចិត្តនាងក្រៀមក្រំ ស្រពាប់ស្រពោនជាថ្មីម្ដងទៀត ប៉ុន្តែនាងក៏ព្យាយាមបណ្ដេញវាចេញពីខួរក្បាល បិទភ្នែកសង្រួមចិត្ត បន្ធូរអារម្មណ៍ខ្លួនឯងឱ្យឈប់គិតពីវាទៀត រួចជំនួសដោយការចុះពីលើគ្រែ ទាញដងដែកសម្រាប់ព្យួរស៊ឺរ៉ូម អូសតិចៗបំផុតទៅបន្ទប់ទឹក មិនចង់បង្ករជាសំឡេងរំខានដល់អ្នកខាងនោះ ។

១០នាទីក្រោយចេញពីបន្ទប់ទឹកមកវិញ អេរ៉ានបម្រុងនឹងដើរត្រឡប់ទៅគ្រែរបស់ខ្លួន ប៉ុន្តែពេលងាកឃើញអ្នកម្ខាងទៀតបម្រាស់ចុះបម្រាស់ឡើង ទាំងយកដៃអោបខ្លួនដូចជាទទួលអារម្មណ៍ត្រជាក់ ព្រោះគ្មានអ្វីដណ្ដប់លើខ្លួនសោះ នាងក៏សម្រេចចិត្តប្ដូរទិសដៅ ដើរទៅក្បែរសាឡុងដែលគេគេង រួចយកអាវក្រៅរបស់គេដែលដោះទុកជិតនោះទៅដណ្តប់ឱ្យគេយ៉ាងស្រាលដៃខ្លាំងបំផុត ព្រោះខ្លាចថាធ្វើឱ្យគេភ្ញាក់ ។ អេរ៉ានបន្ទាបខ្លួនយឺតៗអង្គុយក្បែរសាឡុង សម្លឹងមុខគេដោយទឹកមុខក្រៀមស្រពោន តែមានបង្កប់ទៅក្ដីស្រឡាញ់ក្នុងនោះ ។

(ទោះជាភរិយាដែលរៀបការព្រោះទំនួលខុសត្រូវ ប៉ុន្តែខ្ញុំពេញចិត្តដែលបានរៀបការជាមួយបង និងមានឈ្មោះជាប្រពន្ធបង ។ ខ្ញុំមិនដឹងទេថាភាពអត់ធ្មត់របស់ខ្ញុំវាអស់នៅពេលណា ប៉ុន្តែមុនពេលនោះមកដល់ ខ្ញុំនៅតែសង្ឃឹមថា ថ្ងៃណាមួយបងនឹងអាចស្រឡាញ់ខ្ញុំវិញ) អេរ៉ានឧទានក្នុងចិត្ត សម្លឹងគេមិនដកភ្នែក ស្របនឹងដៃម្ខាងដែលពុំមានជាប់បន្តោងស៊ឺរ៉ូម លើកយឺតៗបំណងចង់ប៉ះមុខរបស់គេ ប៉ុន្តែចុងក្រោយ នាងបែរជារារែក ស្ទាក់ស្ទើរ មិនហ៊ានប៉ះ ក៏សម្រេចចិត្តដកដៃចេញវិញ ។ មានឈ្មោះជាភរិយាក៏ពិតមែន ប៉ុន្តែនាងគ្មានភាពក្លាហានសូម្បីតែចង់ប៉ះមុខរបស់គេទេ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Where stories live. Discover now