ភាគទី៥៥

402 15 1
                                        

ស្អែកឡើង ថេយ៉ុងភ្ញាក់មកនៅម៉ោង៩ព្រឹក តែក៏មានការពិបាកក្នុងការងើបខ្លួនឱ្យផុតពីពូកគេង ព្រោះខ្លួនប្រាណទាំងមូលចុករោយស្ទើរគ្រប់កន្លែងថ្នាក់ងើបមិនចង់រួច ។ ថេយ៉ុងលើកដៃដាក់លើក្បាលដែលកំពុងឈឺខ្ទោកៗ ព្យាយាមបើកភ្នែកពមើលជុំវិញខ្លួន ក៏ឃើញថាទីនេះជាបន្ទប់គេងរបស់គេ ។ ដៃដែលលើកទប់ក្បាល ស្រាប់តែអូសមកដល់ចុងចិញ្ចើម បន្ទាប់ពីមានអារម្មណ៍ដឹងដល់បន្ទះបង់របួសបិទលើនោះ ហើយមិនមែនមានតែមួយកន្លែងទេ សូម្បីតែត្រង់ឆ្អឹងថ្ពាល់ និងគែមមាត់ ក៏មានដែរ ។

“អូយ៎យយយ!...”សុខៗគេក៏ស្រែកត្អូញត្អែរឡើង ព្រោះឈឺខ្លួនឈឺប្រាណដែលបណ្ដាលមកពីគេវាយ ប៉ុន្តែទោះជាឈឺយ៉ាងណា គេក៏នៅតែព្យាយាមនាំខ្លួនក្រោកឱ្យបានដែរ ។

“នេះ...វាមានរឿងស្អីកើតឡើង?”សួរខ្លួនឯង ឆ្ងល់ខ្លួនឯង ខួរក្បាលក៏វិលវល់ ស្រពិចស្រពិល ព្យាយាមរកនឹកដល់រឿងកើតឡើងចំពោះខ្លួនកាលពីម្សិលមិញ ។

តុ!តុ...
ការសញ្ជឹងគិតរបស់គេត្រូវបានកាត់ផ្ដាច់បន្ទាប់ពីមានអ្នកគោះទ្វារបន្ទប់ ។
ក្រាក! ថេយ៉ុងមើលទៅមាត់ទ្វារ ដោយដំបូងឡើយគិតថាជានារីសម្អប់ ប៉ុន្តែពេលអ្នកខាងនោះបើកទ្វាររៀងធំបន្ដិច ទើបដឹងថាមិនមែន ។

“ម៉ែដោះ...”ថេយ៉ុងហៅគាត់ដោយសំឡេងខ្សាវៗ ។ គាត់ចូលមកជាមួយអ្នកបម្រើស្រីម្នាក់ដែលកាន់ថាសដាក់ចានបបរនិងទឹកមួយកែវជាប់ដៃ ។
“អ្នកប្រុសតូចយ៉ាងម៉េចហើយ មាននៅឈឺកន្លែងណាខ្លះ?”
“គឺឈឺខ្លួនណាស់ ឈឺគ្រប់កន្លែងទាំងអស់ នេះតើមានអ្វីកើតឡើងលើខ្ញុំ?”
“នេះអ្នកប្រុសតូចចាំមិនបានទេ?”ថេយ៉ុងមិនតប តែគ្រវីក្បាលតិចៗ សារភាពថាពេលនេះ ក្បាលរបស់គេនៅឈឺមិនទាន់បាត់ទេ ទើបរកនឹកគិតអ្វីមិនទាន់ចេញ ។
“យប់មិញអ្នកប្រុសតូចត្រូវគេវាយដល់សន្លប់ សំណាងដែលបានអ្នកប្រុសដានីលជួយ ហើយនាំត្រឡប់មកវិញ មិនអ៊ីចឹងមិនដឹងពេលនេះអ្នកប្រុសតូចនឹងទៅជាយ៉ាងណាទេ” ក្រោយពីបានស្ដាប់នូវអ្វីដែលម៉ែដោះរៀបរាប់រួចមក ខួរក្បាលរបស់គេក៏អាចនឹកឃើញរឿងរ៉ាវខ្លះៗ ប៉ុន្តែនឹកឃើញត្រឹមតែរឿងដែលគេទាស់សម្ដីជាមួយមនុស្សមួយក្រុមនោះប៉ុណ្ណោះ រឿងដែលថាដានីលទៅជួយគឺគេនឹកមិនឃើញទេ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Место, где живут истории. Откройте их для себя