ភាគទី៧៦

560 16 0
                                        

“នៅទីនេះមិនត្រឹមតែមានខ្យល់អាកាសល្អបរិសុទ្ធ បរិយាកាសជុំវិញខ្លួនក៏ស្រស់ស្អាត ត្រជាក់ភ្នែក មានផលប្រយោជន៍ល្អច្រើនសម្រាប់ស្រ្ដីមានផ្ទៃពោះដូចជាអេរ៉ាន...យ៉ាងណាម៉ិញ! ក៏អរគុណនាងដូចគ្នា មួយរយៈនេះ មើលថែអេរ៉ាននិងកូនរបស់ខ្ញុំបានយ៉ាងល្អ” ថេយ៉ុងដើរបណ្ដើរ និយាយបណ្ដើរ មើលគ្រប់យ៉ាងជុំវិញខ្លួនជាមួយទឹកមុខស្រស់ស្រាយ មិនតែប៉ុណ្ណោះ គេថែមទាំងពោលពាក្យអរគុណទៅកាន់ឡានីដែលដើរអមៗពីក្រោយ ជាហេតុធ្វើឱ្យនាងមានការភ្ញាក់ផ្អើលក្នុងចិត្ត ស្ទើរមិនជឿនឹងត្រចៀកខ្លួនឯង ។ គេអរគុណនាង?

“គាត់ជាអ្នកនាងរបស់ខ្ញុំ ដូច្នេះការមកតាមបម្រើនិងមើលថែគាត់គ្រប់សព្វយ៉ាង វាជាតួនាទីរបស់ខ្ញុំស្រាប់ទៅហើយ អ្នកប្រុសមិនចាំបាច់អរគុណខ្ញុំទេ”

“យ៉ាងណាក៏ខ្ញុំចង់អរគុណនាងដដែល បើគ្មាននាងមកនៅជាមួយ អេរ៉ានមិនដឹងជាពិបាកយ៉ាងម៉េចខ្លះទេ”
“អ្នកប្រុសថេយ៍បារម្ភពីអ្នកនាងពិតមែនឬ?”ថេយ៉ុងបង្អាក់ដំណើររបស់ខ្លួន បន្ទាប់ពីទទួលបានសំណួរពីឡានី ។ នាយសង្ហាបង្វែរខ្លួនបែរមុខទៅរកសមុទ្រ ចោលក្រសែភ្នែកសម្លឹងទៅសែនឆ្ងាយទាំងដៃនៅលូកជ្រែងក្នុងហោប៉ាវដដែល ។
“ខ្ញុំមកបារម្ភនាងនៅពេលនេះ វាយឺតពេលពេកហើយ តើត្រូវទេ?”
“....”
“រយៈពេលដែលអេរ៉ានគេចមកនៅទីនេះ ខ្ញុំតែងបារម្ភនិងគិតពីនាងរាល់ថ្ងៃ ចង់ដឹងថានាងទៅរស់នៅទីណា? សុខទុក្ខយ៉ាងម៉េចខ្លះ? ញ៉ាំបានគ្រប់គ្រាន់អត់? គេងបានលក់ស្រួលទេ? កូនដែលធ្វើទុក្ខខ្លាំងឬអត់? កន្លងមក ខ្ញុំបន្ទោសខ្លួនឯងមករហូត ព្រោះខ្ញុំជាដើមហេតុធ្វើឱ្យនាងចាកចេញ...ប៉ុន្តែពេលខ្ញុំបានមកឃើញនាងមានសុខភាពល្អ នាងរឹងមាំ ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត គេងបាន ញ៉ាំបាន ថែមទាំងរស់នៅយ៉ាងសប្បាយចិត្ត វាធ្វើឱ្យខ្ញុំធូរស្រាលក្នុងចិត្តបានខ្លះ ទោះមានអារម្មណ៍ខ្មាសនិងរអៀសខ្លួនពេលប្រឈមមុខគ្នា ប៉ុន្តែខ្ញុំនៅតែសប្បាយចិត្ត ពេលបានមកជួបនាងវិញ” ថេយ៉ុងបញ្ចប់ប្រយោគ ទាំងមានស្នាមញញិមលេចលើបបូរមាត់ កែវភ្នែកដ៏ស្រទន់មានពន្លឺ បង្កប់ដោយក្ដីនឹករលឹកនិងស្រឡាញ់ពេលដែលគេរំលឹកដល់អេរ៉ាន នាំឱ្យឡានីដែលនៅជិតនោះញញិម រំជួលចិត្តជំនួសអ្នកនាងខ្លួន ។ ស្ដាយណាស់ដែលអ្នកនាងមិនបានឮ បើមិនដូច្នោះទេ អ្នកនាងក៏ប្រហែលជ្រួតជ្រាបក្នុងចិត្តមិនខុសពីនាងដែរ ។
......

ចាញ់ស្នេហ៍ភរិយាសម្អប់Место, где живут истории. Откройте их для себя