ភាគទី៧៣

149 1 0
                                    

(ព្រោះបងចង់បានអូនត្រឡប់មកនៅជាមួយបងវិញ ទើបបងមកតាមរកអូន) វាគ្រាន់តែជាឃ្លាមួយប្រយោគក្នុងចិត្ត ដែលគេមិនអាចនិយាយចេញមកខាងក្រៅបាន ដោយសារមានការរអៀសខ្លួននូវទង្វើដែលធ្លាប់ធ្វើកាលពីមុន។

ភាពគាំងឆ្កឹងមួយកន្លែងរបស់គេ មិនបានធ្វើឱ្យអេរ៉ានចង់សួរនាំបន្តឬទាមទារចង់បានចម្លើយពីគេយ៉ាងដាច់ខាតឡើយ នាងនៅស្ងៀមទ្រឹងមួយកន្លែងស្របពេលក្នុងទ្រូងនាងកំពុងឈឺអួលៗ ភ្នែកនាងទាំងគូរប្រែជារលីងរលោង ស្ទើរតែជ្រាបទឹកភ្នែកចុះមក តែក៏ព្យាយាមទប់ និងបង្ហាញទឹកមុខមាំ ប្រើក្រសែភ្នែករឹងកំព្រឹសទៅកាន់គេដូចដើម ។

រយៈពេលប៉ុន្មានខែដែលនាងមករស់នៅទីនេះ នាងបានព្យាយាមកាត់ចិត្ត ព្យាយាមបំភ្លេចស្ទើរតែរលុបរូបគេចេញពីខួរក្បាលនិងបេះដូងទៅហើយ ប៉ុន្តែនៅសុខៗគេបែរជាមកបង្ហាញខ្លួនចំពោះមុខនាង ។ វត្តមានរបស់គេ ប្រៀបដូចជានាំយកការឈឺចាប់មកឱ្យនាងសារជាថ្មីយ៉ាងអ៊ីចឹង ។ ហេតុអី? ហេតុអីមិនអាចរស់នៅរៀងៗខ្លួនរហូតអស់មួយជីវិត? ហេតុអីបង្ហាញវត្តមានឱ្យនាងឃើញ? តើគេចង់ឃើញនាងឈឺចាប់ រស់គ្រាំចិត្តដូចកាលមុនទៀត ទើបសមចិត្តគេមែន?

ក្រោយឈរស្ងាត់មិននិយាយស្ដីរៀងខ្លួនអស់មួយសន្ទុះ អេរ៉ានក៏ជ្រើសយកការដើរចេញទៅមុន ព្រោះនាងខ្លួនឯងខ្លាចថា បើនៅតទល់នឹងគេបន្ត អាចនឹងទប់មិនឱ្យខ្លួនឯងស្រក់ទឹកភ្នែកចំពោះមុខគេបានតទៅទៀត ។

“អេរ៉ាន...” ក្នុងគ្រាហ៍ដែលនាងបោះជំហានទៅមិនទាន់ផុតឆ្ងាយ ថេយ៉ុងក៏ឃាត់ដំណើរនាង ដោយការស្រវាចាប់កដៃនាងជាប់ជាមុន ។ ពេលនោះអេរ៉ានអាក់ដំណើរព្រោះការចាប់ឃាត់របស់គេ ប៉ុន្តែនាងមិនបានងាកមើលចំមុខអ្នកម្ខាងទៀតឡើយ មិនសូម្បីតែគ្រលៀសកន្ទុយភ្នែកមើល ។

“សូមទោស...”ទីបំផុតគេក៏ដាច់ចិត្តហើបមាត់បន្ទាប់ពីស្ងាត់យ៉ាងយូរ ។ ពាក្យសូមទោសពីរម៉ាត់បន្លឺចេញពីមាត់របស់គេ បានហោះចូលក្នុងត្រចៀកនាងទាំងសងខាង ឮច្បាស់ៗព្រមជាមួយទឹកមុខក្រៀមក្រំ ស្រពាប់ស្រពោន គួរឱ្យអាណិតខ្លាំងបំផុត ។ កាយក្រាស់បង្វែខ្លួន រួចលូកដៃទាំងសងខាង មកចាប់កាន់ដៃតែម្ខាងរបស់អេរ៉ានយ៉ាងណែន ប្រៀបដូចបង្ហាញការដឹងខុស ក៏ដូចជាចង់សុំការលើកលែងទោសពីនាងផងដែរ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Where stories live. Discover now