២ម៉ោងក្រោយ...
គ្រូក!
មកទល់នឹងពេលនេះ ក្រពះរបស់គេ មិនត្រឹមតែបញ្ចេញសំឡេងមកធម្មតាទេ ថែមទាំងមានចុកខ្មួលៗ រមួលក្នុងពោះស្ទើរទ្រាំលែងបាន ។ បបូរមាត់ឡើងស្លេកប៉ិម ថេយ៉ុងយកដៃម្ខាងលើកមកជូតញើសលើថ្ងាស ស្របពេលភ្នែកទាំងគូរ ងាករេមើលជុំវិញខ្លួនចុះឡើង ក្រែងលោមានម៉ាតឬមានគេលក់អីម្ដុំនោះ គេនឹងបានទៅទិញមកញ៉ាំទ្រាប់ពោះខ្លះ ។ គេបន្តទ្រាំបែបនេះទៀតលែងកើតហើយ គេសុំចាញ់ចិត្តរឹងមានៈរបស់នាងត្រឹមនេះ ស៊ូទៅមុខមិនបានទៀតទេ មិនស្រួលៗ មិនទាន់បានការអភ័យទោសពីនាងផង គេត្រូវដាច់ពោះស្លាប់មុនដោយសារតែឃ្លានមិនខានទេ ។
មើលហើយមើលទៀត មិនឃើញមានអ្វីដែលគេត្រូវការសោះ វិនាទីនោះ កំលោះសង្ហាក៏បោះជំហានយឺតៗទាំងញ័រជើងតិចៗចេញពីត្រង់នោះ គេដើរបណ្ដើរ ងាកឆ្វេងងាកស្ដាំបណ្ដើរ កាន់តែបោះជំហានទៅមុខ គេកាន់តែទៅឆ្ងាយទៅៗពីផ្ទះរបស់អេរ៉ាន ។
ចំណែកអ្នកខាងក្នុងផ្ទះឯណេះ ចង់ដេកក៏ដេកមិនលក់ ចង់អង្គុយក៏អង្គុយមិនជាប់មួយកន្លែង ចិត្តមួយចង់ចេញទៅខាងក្រៅបន្ទប់ មើលថាតើគ្រប់យ៉ាងយ៉ាងម៉េចទៅហើយ? តែចិត្តមួយនៅស្ទាក់ស្ទើរ ។
“ឯងកើតឆ្កួតស្អីហ្នឹង ឆូ អេរ៉ាន? ហេតុអីឯងត្រូវមកខ្វល់ពីរឿងអស់ហ្នឹងដែរ? ឯងកុំភ្លេចឱ្យសោះ ថាពេលនេះឯងនិងគេបានផ្ដាច់ទំនាក់ទំនងជាមួយគ្នាហើយ គ្មានអ្វីជាប់ពាក់ព័ន្ធគ្នាទៀតទេ ហើយឯង...ក្រែងឯងក៏បានកាត់ចិត្តពីគេដែរមិនអ៊ីចឹង? ដូច្នេះចង់គេកើតអីក៏ជារឿងរបស់គេ ឯងខ្វល់អីម៉េះ?”អេរ៉ានអង្គុយរអ៊ូបន្ទោសខ្លួនឯងងូវៗ ។ គ្រាន់តែធ្វើជាមិនរវីរវល់ បន្តប្រងើយកន្តើយដាក់គេ ហេតុអី្វពិបាកម៉្លេះ? តែថា...បើគេមិនលេចមុខមកឱ្យនាងឃើញនឹងភ្នែក នាងក៏មិនបាច់មកពិបាក តានតឹងបែបនេះដែរ ។
តុ!តុ!
“អ្នកនាង...”អមជាមួយនឹងការគោះទ្វារ ក៏មានការបន្លឺហៅពីឡានីនៅឋាងក្រៅ អេរ៉ាន កាលបើបានឮអ្នកខាងនោះហៅ ក៏ប្រញាប់ងើបទៅបើកទ្វារឱ្យ ។
ក្រាក!
“មានអីឡានី?”ក្រមុំតូចសួរ ធ្វើមុខឆ្ងល់ៗ ។
“គឺអ្នកប្រុសថេយ៍...” ឡានីអាក់សម្ដី មុខឡើងស្រពោន ដែលនាំឱ្យអ្នកចាំស្ដាប់នោះ ចាប់ផ្តើមបុកពោះតិចៗ ឬមួយ...ពិតជាកើតរឿងអ្វីឡើងលើគេមែន?
“គេយ៉ាងម៉េច?”
“មុននេះ ខ្ញុំបានចេញទៅខាងក្រៅ ប៉ុន្តែ...ប៉ុន្តែខ្ញុំមិនបានឃើញអ្នកប្រុសថេយ៍ទេ” បានស្ដាប់ឡានីបញ្ចប់ប្រយោគរួច អេរ៉ានក៏ធូរទ្រូងខ្សាកជាងមុនបន្ដិច ។ បើមិនឃើញ ក៏មានន័យថាគេត្រឡប់ទៅវិញហើយ បែបនោះ វាជាការល្អសម្រាប់នាងផងដែរ មនុស្សកំពុងមួម៉ៅមិនចង់ឃើញមុខស្រាប់ផង ។
“ត្រឡប់ទៅវិញក៏ល្អ”
“តែខ្ញុំគិតថាគាត់មិនទាន់ត្រឡប់ទៅវិញទេអ្នកនាង ព្រោះឡានរបស់គាត់នៅទីនេះនៅឡើយ”
“ឡាននៅទីនេះ? ចុះគេទៅណា?”
“តើខ្ញុំ...គួរចេញទៅតាមរកមើលដែរទេអ្នកនាង?” ឡានីសួរទាំងខ្លាចៗចិត្តអ្នកនាង ដែលខ្លួនថ្លើមធំហ៊ានស្នើសុំដូច្នេះ ។ ក្នុងគ្រាហ៍នោះ អេរ៉ានក៏មិនទាន់បញ្ចេញយោបល់អ្វីទាំងអស់ នាងឈរស្ងៀមសញ្ជឹងគិតម្នាក់ឯង ប្រហែល២នាទី ទើបឆ្លើយតបទៅឡានីវិញ ៖
“ហ្ហឹម! ទៅចុះ...”
“ចាសអ្នកនាង”អ្នកដែលមុខក្រៀមៗ ប្រែមកជាញញឹមពព្រាយ ក្រោយទទួលបានការអនុញ្ញាតពីអ្នកនាង ។
“ឈប់សិន” ឡានីដែលហៀបនឹងដើរចេញនោះ បញ្ឈប់សកម្មភាពភ្លាម កាលបើឮអ្នកនាងឃាត់ ។
“បើបានឃើញគេ កុំប្រាប់គេឱ្យសោះថាខ្ញុំជាអ្នកឱ្យឯងទៅរកគេ យល់ដែរទេ?”
“ចាស!ខ្ញុំយល់ហើយអ្នកនាង”
(ការពិតក្នុងចិត្តនៅបារម្ភពីគេសោះ តែនៅខំធ្វើសោះអង្គើយដាក់គេ) ឡានីគិតក្នុងចិត្តម្នាក់ឯង ឈរសម្លឹងមុខអេរ៉ានទាំងបបូរមាត់ញញិមក្បួច ជាហេតុធ្វើឱ្យអេរ៉ានជ្រួញចិញ្ចើម ។
“ឯងញញិមអី?”
“ចាស៎! គឺគ្មានទេអ្នកនាង...អ៊ីចឹងខ្ញុំសុំទៅរកអ្នកប្រុសថេយ៍សិនហើយ” មិនបង្អង់យូរ ឡានីប្រញាប់ដាក់មេប្រុចចេញទៅយ៉ាងលឿន ត្បិតខ្លាចនៅយូរជាងនេះ អ្នកនាងប្ដូរចិត្តវិញ ។
......
ឡានីចេញពីផ្ទះមករៀងឆ្ងាយគួរសម ជិតនឹងដល់កូនmartដែលមាននៅម្ដុំនោះ ខួរក្បាលស្រាប់តែភ្ញោច នឹកសង្ស័យថា តើថេយ៉ុងអាចនឹងនៅទីនោះដែរទេ? ព្រោះបើធៀបនឹងពេលវេលាដែលគេបានឈរនៅមុខផ្ទះ សមល្មមនឹងធ្វើឱ្យគេឃ្លានដែរ ។
ឡានីបន្តដើរទៅម៉ាតនោះ មកដល់កាន់តែជិត ក្រមុំតូចបានគ្រលៀសភ្នែកឃើញនាយកំលោះកំពុងអង្គុយអោនងើបៗ ដៃកាន់ចង្កឹះចាប់សរសៃមីស្រុះកំប៉ុងដាក់ចូលក្នុងមាត់ ញ៉ាំយកៗឥតខ្លាចក្ដៅ រលាកអណ្តាតអីបន្ដិច ។ ឡានីឈរមើលទាំងគ្រវីក្បាលអស់សំណើច ។
“ឈ្នះអីនឹងក្រពះ? តែឃ្លានហើយ អីក៏លែងខ្វល់...” ក្រមុំញញិមក្បួចមាត់ បែរខ្នងត្រឡប់ទៅផ្ទះវិញ ដោយមិនបានដឹងខ្លួនឡើយ ថាថេយ៉ុងបានក្រឡេកឃើញនាងពីខាងក្នុងមក ដូចគ្នា ។ នាយម្នីម្នាបង្ហើយមីដែលនៅសល់ រួចចាកចេញពីម៉ាត តាមឱ្យទាន់នាង ។
“ឡានី!” ឡានីបង្អាក់ដំណើរក្រោយឮគេហៅពីចម្ងាយ ។
“អ៎ូ! អ្នកប្រុសថេយ៍...”ឡានីញោចញញិមមិនសូវសម នាងខំប្រញាប់មកវិញ ព្រោះមិនចង់ឱ្យគេបានឃើញ តែឥឡូវឃើញបាត់ ។
“ហេតុអីមកនៅទីនេះ?”
“អ៎!! គឺ...គឺខ្ញុំមករកទិញអីដាក់ផ្ទះតិចតួចហ្នឹងណា...”ស្រីតូចឆ្លើយទាំងរដាក់រដុប ព្យាយាមគេចមិនសម្លឹងចំក្រសែភ្នែកគេ ។ ឫកពាមានពិរុទ្ធរបស់នាង ធ្វើឱ្យថេយ៉ុងជ្រឹមចិញ្ចើម គេអោនមើលដៃនាង តែគ្មានឃើញកាន់អ្វីសោះ ។
“ចុះឯណារបស់?”
“គឺ...អឺ...”
“ប្រាប់តាមត្រង់មក អេរ៉ានឱ្យនាងមកតាមមើលខ្ញុំមែន?” ពេលថេយ៉ុងសួរចំចំណុចពេក ឡានីប្រែជាគាំងឆ្កឹង ធ្វើអីមិនចេញក្រៅពីគ្រវីក្បាលតតាត់ ចង់ប្រកែកថា មិនមែនដូចអ្វីដែលគេបានសួរ ។ តែថេយ៉ុងមិនជឿ...។
“ណ្ហើយចុះ! ទោះនាងមិនប្រាប់ការពិត ក៏ខ្ញុំដឹងចម្លើយក្នុងចិត្តស្រាប់ហើយ” គេស្រដីយ៉ាងជឿជាក់ លូកដៃជ្រែកហោប៉ាវខោសងខាង ដើរហួសឡានីត្រឡប់ទៅវិញ ។ ឡានីដែលឈរមួយកន្លែងនោះ ដកដង្ហើមធូរទ្រូង ល្អហើយដែលគេមិនជំរិតសួរជាងនេះ មិនអ៊ីចឹង នាងប្រាកដជាធ្លោយមាត់ប្រាប់នូវអ្វីដែលអ្នកនាងហាមប្រាមបាត់ហើយ ។
_____
ប្រុងអត់ទៅវិញមែនក៏អី?
ВЫ ЧИТАЕТЕ
ចាញ់ស្នេហ៍ភរិយាសម្អប់
Любовные романыព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
