នាងស្ងាត់មាត់មិនព្រមឆ្លើយតបអ្វីទាំងអស់ ព្រោះអ្វីដែលគេចង់បាន គឺនាងនៅផ្ដល់ឲ្យគេមិនទាន់បាន ចុងក្រោយជាថេយ៉ុងខ្លួនឯង ដែលយល់ព្រមព្រលែងការអោបមួយនោះ ។ នាងស្ងាត់បែបនេះ គេអាចស្មានដឹងចម្លើយរួចហើយ ទោះចង់បង្ខំនាងក៏បង្ខំមិនបានដែរ ។
“ប្រហែលជាបង...គិតខុសខ្លួនឯងហើយ” ដែលគិតថានាងនៅស្រឡាញ់ នៅត្រូវការគេ វាគ្រាន់តែជាការគិតរបស់គេម្នាក់ឯងតែប៉ុណ្ណោះ តាមមើលទៅនាងមិនបានគិតដូច្នោះទេ ។
ក្រោយលែងដៃពីការអោបនាង កាយក្រាស់ក៏បង្វែរខ្លួនទៅម្ខាង គេងើយមុខ ព្រិចភ្នែកខ្លួនឯងចុះឡើងជាច្រើនសារ ព្រោះកំពុងព្យាយាមទប់ទឹកភ្នែកកុំឲ្យហូរ ។ បើសួរថាអារម្មណ៍ពេលនេះយ៉ាងម៉េច? គឺពិបាកបរិយាយណាស់ ក្នុងទ្រូងគេឡើងអួលណែន ថប់ៗស្ទើរតែដកដង្ហើមមិនរួចទៅហើយ ។
“ខាងក្រៅត្រជាក់ណាស់! អូនចូលក្នុងវិញទៅ នៅក្រៅយូរមិនល្អទេ”ទោះកំពុងតែឈឺដើមទ្រូង តែក៏នៅឆ្លៀតបារម្ភនាង ។ គេប្រាប់ឲ្យនាងចូលទៅខាងក្នុងទាំងមិនព្រមបែរមករកនាងសោះ ព្រោះគេខ្លាចថា បើឃើញមុខនាង គេអាចនឹងទប់ខ្លួនមិនឲ្យយំមុខនាងមិនបាន ។
អេរ៉ានងាកមើលមកគេបន្ដិច ទឹកមុខដែលមានលើផ្ទៃមុខគេ បង្ហាញឲ្យនាងឃើញយ៉ាងច្បាស់ ការស្ងប់ស្ងាត់របស់នាងមុននេះបានធ្វើឲ្យប៉ះពាល់អារម្មណ៍គេមិនស្ទើរទេ ប៉ុន្តែតើឲ្យធ្វើយ៉ាងម៉េច? បើវាក៏ពិបាកសម្រាប់នាងដែរនោះ ។
ជំហានជើងបោះយឺតៗចេញពីកន្លែងដែលគេឈរ នាងកាន់តែដើរទៅមុខ ចម្ងាយរវាងនាងនិងគេក៏កាន់តែខិតឆ្ងាយបន្ដិចម្ដងៗ ដើរមិនប៉ុន្មានជំហាន នាងក៏បែរមើលទៅគេម្ដងទៀត ។ នាងមានពាក្យខ្លះចង់ប្រាប់គេ តែពេលឃើញសភាពគេ ក៏ប្ដូរចិត្តវិញ ព្រោះហាមាត់ប្រាប់មិនរួច ។
ក្រឡេកមកអ្នកម្ខាងទៀត គ្រាន់តែដឹងថានាងចូលទៅក្នុងបាត់ គេក៏ទម្លាក់ខ្លួនអង្គុយប៉ុកលើបង់ ងើយក្បាលសម្លឹងទៅផ្ទៃមេឃ រួចក៏រំសាយអារម្មណ៍អួលណែនទាំងប៉ុន្មានចេញមកខាងក្រៅតាមរយៈដំណក់ទឹកភ្នែកដែលខំទប់ ។
ខណៈដែលគេកំពុងកើតទុក្ខ ហ្វូងផ្កាយជាច្រើនដួងដែលស្ថិតលើលំហអាកាស បែរជាកំពុងដណ្ដើមគ្នាបញ្ចេញពន្លឺយ៉ាងសកម្ម ហាក់មិនខ្វល់អ្វីទាល់តែសោះ ពួកវាធ្វើដូចមិនដឹងថា នៅខាងក្រោមនេះកំពុងមានរឿងអីខ្លះកើតឡើង? មាននរណាខ្លះកំពុងសប្បាយចិត្ត? ហើយនរណាខ្លះកំពុងខូចចិត្ត?
កាន់តែមើលពួកវា គេកាន់តែសង្វេគខ្លួនឯង...
“សូម្បីតែពួកឯងក៏យល់ថាខ្ញុំគួរឲ្យសង្វេគដែរមែនទេ? ហ៊ឹសៗ!...” ទឹកភ្នែកនៅតែបន្តស្រក់ចុះតក់ៗមិនឈប់ ព្រមនឹងការសើចចំអកឲ្យខ្លួនឯង ។ មើលចុះ! សូម្បីតែហ្វូងផ្កាយ ក៏មានគ្នីគ្នារបស់វារះបំភ្លឺមកផ្ទៃផែនដីដែរ តែចំណែកគេ ព្រហ្មលិខិតប្រហែលជាកំណត់មកឲ្យនៅឯកោម្នាក់ឯងរហូតហើយ ទើបមិនដែលសមបំណងក្នុងរឿងស្នេហាសូម្បីម្ដងសោះ លើកណាក៏បរាជ័យ មនុស្សស្រីដែលគេស្រឡាញ់ សុទ្ធតែគេខ្លួនឯងជាអ្នកធ្វើឲ្យបាត់បង់ម្ដងម្នាក់ៗ ។
“មនុស្សអាត្មានិយមដូចខ្ញុំ...នាងលែងត្រូវការ គឺគ្មានអ្វីចម្លែកស្រាប់ទៅហើយ” មនុស្សអាត្មានិយមដូចគេ គឺសមនឹងនៅម្នាក់ឯងចឹងហើយ ។
“ពួកឯងថា...តើខ្ញុំគួរតែ...បោះបង់ហើយព្រមឲ្យនាងរស់នៅជាមួយជីវិតដែលនាងចង់បាន...ជីវិតដែលគ្មានខ្ញុំ...ហើយមែនទេ?”សំឡេងគេប្រែញ័រទទ្រើក ពោលសួរទៅកាន់ហ្វូងផ្កាយដែលផ្ដល់ចម្លើយឲ្យខ្លួនមិនបានទាំងនោះ ទាំងទ្រូងឈឺពើតៗ ។ បើសិនគេ....លះបង់ក្ដីសុខខ្លួនឯង ប៉ុន្តែអាចប្ដូរមកវិញនូវក្ដីសុខនាងនិងកូន វានឹងសមតម្លៃណាស់...តើត្រូវទេ?
មែនហើយ! វាច្បាស់ជាសមតម្លៃ ព្រោះទាំងនេះជាតម្រូវការរបស់នាង...
......
ទ្រនិចនាទីចេះតែលោត ម៉ោងក៏ចេះរំកិលទៅមុខជារឿយៗ រាងសង្ហាសម្ងំអង្គុយនៅត្រង់នោះឡើងយូរ ទម្រាំដាច់ចិត្តក្រោក ។ ដំបូងស្មានថាគេចេញពីត្រង់នោះហើយនឹងចូលមកក្នុងផ្ទះ ប៉ុន្តែវាមិនមែនបែបនោះ គេកំពុងតែដើរសម្ដៅទៅរកឡានដែលចតចោលនៅឯខាងក្រៅឯណោះទៅវិញ ។ គេនាំខ្លូនចូលទៅខាងក្នុងឡាន បន្ដិចក្រោយឡានក៏បើកចេញទៅ ។
សំឡេងឡានដែលបើកចេញធ្វើឲ្យឮដល់ត្រចៀករបស់នាងតូចអេរ៉ានដែលសម្ងំគេងនៅក្នុងបន្ទប់តែគេងមិនលក់នោះ ។ ស្រីតូចជ្រឹមចិញ្ចើមឆ្ងល់ នាងងើបច្រត់ដៃនឹងពូក ព្យាយាមទាញខ្លួនឲ្យក្រោកយឺតៗ រួចក៏លូកដៃយកទូរស័ព្ទមកមើលម៉ោងភ្លាម ។
(ម៉ោង១០យប់ទៅហើយ តើគេទៅណា?)នាងឧទានឡើងទាំងចិត្តមិនស្ងប់ ព្រោះមិនដឹងថាគេបើកឡានទៅណាទាំងយប់ ខណៈខ្លួនគេផ្ទាល់ក៏ស្រវឹងទៀត ។ គិតទៅ មនុស្សម្នាក់នេះចំជារំខានសរសៃប្រសាទនាងមិនឈប់ពិតមែនណា ។
_____
ВЫ ЧИТАЕТЕ
ចាញ់ស្នេហ៍ភរិយាសម្អប់
Любовные романыព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
