ព្រឹកថ្ងៃបន្ទាប់...
@សណ្ឋាគារ
តុប!តុប!
សំឡេងស្បែកជើងកែងលាន់សូរតុបៗកកិតនឹងផ្ទៃការ៉ូសណ្ឋាគារតាមដំណើររបស់ម្ចាស់ខ្លួន ខណៈបុគ្គលិកក្នុងសណ្ឋាគារ គ្រាន់តែបានឃើញអ្នកដែលកំពុងដើរចូលមកនោះ ម្នាក់ៗក៏នាំគ្នាអោនគំនាបជាការគោរពដោយមិនភ្លេចពោលពាក្យ អរុណសួស្ដី រាក់ទាក់ផងដែរ ។ វីននីញញិម រាក់ទាក់ដាក់ពួកគេតាមទម្លាប់ ។
«ថ្ងៃនេះអ្នកប្រុសមិនជូនមកទេឬអ្នកនាង?» គ្រាន់តែមកដល់តុទទួលព័ត៌មាន វីននីក៏ទទួលពាក្យញ៉ោះ ចម្អន់លេងពីបុគ្គលិកស្រី២នាក់ដែលប្រចាំការនៅទីនេះ ព្រោះរាល់ថ្ងៃ ឃើញបណ្ដើរគ្នាយ៉ាងត្រសង ស្អិតរមួត ស្ទើរតែធ្វើឲ្យបុគ្គលិកម្នាក់ៗលើសជាតិស្ករទៅហើយ ។ វីននីឮភ្លាមក៏សើចញឹមៗបែបអៀន ។
«ស្អីទេយើង២នាក់ហ្នឹង! ប៉ិនញ៉ោះមេ ប្រយ័ត្នកាត់ប្រាក់ខែទៅ» នាងមិនបានខឹង ប៉ុន្តែទៅជាអៀនឡើងក្រហមមុខជំនួស ដែលគម្រាមកាត់ប្រាក់ខែ គ្រាន់តែលលេងនឹងពួកនាងវិញប៉ុណ្ណោះ ។
«ហិៗ!»ពួកនាងៗមិនបានខ្លាចរអានឹងពាក្យគម្រាមរបស់ចៅហ្វាយនាយ តែបែរជាខ្ទប់មាត់សើច ព្រោះដឹងថាវីននីនិយាយលេង ។ វីននីឯណោះ ប្រញាប់ដើរគេចទៅយ៉ាងលឿន ទាំងញញិមខ្ចឹប បិទមាត់មិនជិត ខណៈថ្ពាល់វិញ ឡើងក្រហមដូចម្ទេសទុំ ។
នាងដើរចេញផុតមិនបានប៉ុន្មានម៉ែត្រ ក៏ស្រាប់តែប្រទះភ្នែកជាមួយវត្តមានប្ដីប្រពន្ធមួយគូរកំពុងចេញពីជណ្ដើរយន្តប្រអប់ ដើរសម្ដៅមកចំណុចដែលនាងនៅ ។ វីននីជ្រឹមចិញ្ចើមដោយការងឿងឆ្ងល់ ត្បិតនាងមើលស្គាល់ថាពួកគាត់ជានរណា ប៉ុន្តែពួកគាត់មកស្នាក់នៅទីនេះតាំងពីពេលណា? ហេតុអីនាងមិនបានដឹង?
វីននីបញ្ឈប់ការគិត ប្រញាប់ចូលទៅរាក់ទាក់ពួកគាត់ជាការគួរសម៖
«អរុណសួស្ដីលោកពូអ្នកមីង!» វត្តមានរបស់វីននីដែលមករាក់ទាក់ពួកគាត់ភ្លាមៗ នាំភាពចម្លែកចិត្តដល់ពួកគាត់មិនស្ទើរ ។ ពួកគាត់ធ្វើមុខម៉ិងម៉ាំងដាក់គ្នា រួចសម្លឹងមុខនាងដោយការរិះគិត ។ តើអ្នកនាងម្នាក់នេះស្គាល់ពួកគាត់ដែរឬ? ប៉ុន្តែពួកគាត់ដូចជាមិនប្រហាក់ប្រហែលមុខនាងថាធ្លាប់ជួបនាងនៅឯណាពីមុនមកសោះ ។
«គឺថា...ខ្ញុំឈ្មោះ វីននី ជាមិត្តរបស់ថេយ៉ុង» វីននីប្រញាប់ណែនាំខ្លួនឯងប្រាប់ពួកគាត់ព្រមនឹងស្នាមញញិមយ៉ាងស្រទន់ កាលបើឃើញមនុស្សចំណាស់ទាំងពីរមានទឹកមុខងឿងឆ្ងល់ ។ ការពិតទៅ កាលដែលពួកគាត់មិនស្គាល់នាង វាក៏គ្មានអីប្លែកចិត្ត ត្បិតកាលនៅទាក់ទងគ្នាជាមួយថេយ៉ុង គេមិនដែលធ្លាប់នាំនាងទៅណែនាំឲ្យពួកគាត់បានស្គាល់ជាលក្ខណៈផ្លូវការនោះទេ នាងស្គាល់ពួកគាត់តែម្ខាង ។
«ហ្អ៎!!! ការពិតក្មួយជាមិត្តប្រុសថេយ៍ទេ» បន្ទាប់ពីបានឮនាងប្រាប់ថាជាមិត្តកូនប្រុសខ្លួន លោកគីមក៏ងក់ក្បាលតិចៗ ទទួលដឹង ។ លោកស្រីវិញហាក់នៅមិនអស់ចម្ងល់ ព្រោះគាត់មិននឹកស្មាន ថាកូនប្រុសគាត់មានមិត្តភក្ដិជាមនុស្សស្រី ថែមទាំងស្រស់ស្អាត សម្ដីសម្ដៅទន់ភ្លន់ មានសុជីវធម៌ល្អ តាមរូបសម្បត្តិ ទោះមិនប្រាប់ ក៏អាចស្មានបានថាជាកូនស្រីមកពីក្នុងគ្រួសារអ្នកថ្លៃថ្នូរដែរ ។
«មីងមិនធ្លាប់ដឹងសោះថាប្រុសថេយ៍មានមិត្តជាមនុស្សស្រី»
«គឺ...ពួកយើងរៀនសាលាជាមួយគ្នាអ្នកមីង» វីននីជ្រើសរើសមិនប្រាប់ការពិត ថានាងធ្លាប់ជាអ្វីនឹងថេយ៉ុង ទាំងបេះដូងលោតដុកដាក់ បុកពោះភឹបៗ ស្ទើរតែពិបាកប្រឈមមុខជាមួយពួកគាត់តទៅទៀត ។ ដំបូងឡើយ គ្រាន់តែចង់ចូលទៅរាក់ទាក់ជាមួយពួកគាត់ធម្មតា តែមិនស្មានថា លោកស្រីជាមនុស្សពូកែចាប់សង្កេត និងសង្ស័យច្រើនបែបនេះ ដល់ថ្នាក់នាងធ្វើខ្លួនមិនចង់ត្រូវ ។
«និយាយអ៊ីចឹង! លោកពូអ្នកមីងពិសារអាហារពេលព្រឹកហើយឬនៅ? បើមិនទាន់ទេ ចាំខ្ញុំប្រាប់បុគ្គលិកឲ្យរៀបចំជូនណា » វីននីប្រញាប់និយាយប្ដូរសាច់រឿង មិនដូច្នោះទេ ត្រូវលោកស្រីសួរនាំច្រើនទៀតប្រាកដណាស់ ។
«មិនអីទេក្មួយ! ពួកយើងមានការប្រញាប់... បើក្មួយគ្មានអ្វីទៀតទេ ពួកយើងសុំទៅសិនហើយណា»លោកគីមនិយាយតែប៉ុណ្ណឹង ក៏បណ្ដើរគ្នាចេញទៅ ។ វីននីឈរស្ងៀមតាមមើលការចាកចេញពួកគាត់ទាំងពីររហូតដល់ខាងក្រៅ ។ តាមមើលទៅ គោលបំណងដែលពួកគាត់មកទីនេះ ក៏ប្រហែមិនខុសពីថេយ៉ុងដែរ គឺតាមមករកអេរ៉ាន និងនាំនាងត្រឡប់ទៅវិញប្រាកដណាស់ ។ តែបើនិយាយៗទៅ ក៏មិនដឹងថាពេលនេះពួកគេយ៉ាងម៉េចទៅហើយដែរ បានសម្រុះសម្រួលវិញឬនៅ? ឬក៏មិនទាន់ទេ? តាំងពីនិយាយគ្នាថ្ងៃនោះហើយ នាងមិនដែលបានទាក់ទងទៅសួរនាំថេយ៉ុងទៀតសោះ ។
ក្នុងបន្ទប់ធ្វើការ...
វីននីទម្លាក់ខ្លួនបង្គុយចុះនៅតុធ្វើការ នាងទាញកាបូបយួរដៃ បើកយកទូរស័ព្ទដៃចេញមក ទាន់ទំនេរ ទាក់ទងទៅសួរនាំគេបន្ដិចចុះ ។
ទូត!ទូត!
(អាឡូវីននី!)
«អាឡូថេយ៍!...»
(នីមានរឿងអីមែនទើបខលមកខ្ញុំទាំងព្រឹក?) សំឡេងគេឮសូរល្វើយៗ ហាក់ដូចមនុស្សទើបតែភ្ញាក់ពីដេក ។
«ខ្ញុំរំខានថេយ៍ដែរទេ?»
(បាទគឺអត់ទេ! នីមានអីដែរទេ?)
«គឺមុននេះ...ខ្ញុំបានជួបប៉ាម៉ាក់ថេយ៍ ពួកគាត់បានមកសម្រាកនៅក្នុងសណ្ឋាគាររបស់ខ្ញុំ...»
(ពិតមែនឬ?) គេលាន់មាត់ហាក់ដូចជាភ្ញាក់ផ្អើល ។
«ឬមួយក៏ថេយ៍មិនដឹងថាពួកគាត់មកទីនេះ?»
(បាទ! ដឹង...គ្រាន់តែស្មានមិនដល់ថាសណ្ឋាគារដែលពួកគាត់សម្រាកនោះ ជាសណ្ឋាគាររបស់នី)
«ពិតជាចៃដន្យមែនណ៎!...តែថា ចុះថេយ៍វិញ? ពេលនេះគ្រប់យ៉ាងរលូនល្អដែរទេ? ថេយ៍និងអ្នកនាងអេរ៉ានស្រុះស្រួលគ្នាវិញហើយមែនទេ? មួយរយៈនេះខ្ញុំរវល់ពេក មិនបានខលសួរនាំសោះ»
(មិនទាន់ទេ...ហើយក៏ប្រហែលជាគ្មានឱកាសទៀតដែរ) វីននីចងចិញ្ចើមជាប់ នេះតាមស្ដាប់សំឡេងគេ វាប្រៀបដូចមនុស្សកំពុងតែអស់សង្ឃឹមក្នុងជីវិតយ៉ាងអ៊ីចឹង ។ អេរ៉ានពិតជាចិត្តដល់ថ្នាក់ហ្នឹងឬ?
«ថេយ៍កុំនិយាយបំបាក់ទឹកចិត្តខ្លួនឯងបែបនេះអី! ខ្ញុំជឿថាអ្នកនាងអេរ៉ានគ្រាន់តែត្រូវការពេលវេលាសម្រាប់សម្រេចចិត្តប៉ុណ្ណោះ ខ្ញុំជាមនុស្សស្រី ខ្ញុំអាចដឹងពីចិត្តមនុស្សស្រីដូចគ្នា ថេយ៍កុំតក់ក្រហល់អី...ទុកពេលឲ្យនាងបន្ដិចទៀតសិនទៅ» នាងព្យាយាមនិយាយលួងចិត្តអ្នកម្ខាងនោះ ដើម្បីកុំឲ្យគេឆាប់បោះបង់ងាយៗ ។ ទោះមិនប្រាកដថាការគិតរបស់នាងត្រូវ១០០ភាគរយ ប៉ុន្តែក្នុងនាមជាមនុស្សស្រី ដែលធ្លាប់ឆ្លងកាត់រឿងរ៉ាវអស់នេះ នាងយល់ច្បាស់ពីចិត្តអេរ៉ាន ។ នាងខ្លួនឯងក៏ធ្លាប់បានប្រើប្រាស់ពេលវេលាអស់ពេលយ៉ាងយូរដើម្បីធ្វើការសម្រេចចិត្តមួយដែរ នោះគឺការសម្រេចិត្តទទួលយកហូស៊ុកធ្វើជាគូរជីវិត ។ នាងធ្លាប់ស្ទាក់ស្ទើរក្នុងការបើកចិត្តស្រឡាញ់អ្នកផ្សេងទៀត តែហូស៊ុកក៏បង្ហាញឲ្យនាងឃើញថា គេប្រាកដនឹងក្លាយជាមនុស្សតែម្នាក់ដែលអាចឲ្យនាងជាទីពំនាក់បាន ។ នាងជឿថា អេរ៉ានក៏គិតបែបនេះ ។
(មនុស្សដើរមិនកើតដូចខ្ញុំ មាននរណានៅត្រូវការទៀតនោះ?) ដើរមិនកើត? គេចង់បានន័យថាម៉េច?
«នេះតើថេយ៍កើតអី? ពេលនេះថេយ៍នៅឯណា? » វីននីបើកភ្នែកក្រឡោតៗ ទឹកមុខបង្ហាញថាកំពុងតក់ស្លុត ព្រោះនាងស្ទើរតែមិនជឿនឹងអ្វីដែលបានឮ ។
(ពេលនេះខ្ញុំកំពុងនៅមន្ទីរពេទ្យ)
_____
វីននីដឹងហើយ ចុះកាលបានអេរ៉ានដឹង?
VOUS LISEZ
ចាញ់ស្នេហ៍ភរិយាសម្អប់
Roman d'amourព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
