ថេយ៉ុងដែលកំពុងពិនិត្យរបាយការណ៍ គ្រាន់តែឃើញអ្នកខាងនោះរុញទ្វារចូលមកទាំងកម្រោល គេក៏ងើបមុខឡើង ចោលក្រសែភ្នែករឹងកំព្រឹសដាក់អ៊ែលលីនជាមួយទឹកមុខមាំមិនប្ដូរ ។ មិននឹកស្មានថានាងរឹងចចេស ឥតខ្មាសអៀនអីថ្នាក់នេះ មនុស្សកំពុងម៉ួម៉ៅជាមួយការងារស្រាប់ ឥឡូវត្រូវមកជួបមុខមនុស្សស្រីប្រភេទអ៊ីចឹងទៀត កាន់តែស្មុគខួរលើសដើមទៀត ។
“ក្រែងខ្ញុំនិយាយហើយតើថា ខ្ញុំមិនចង់ជួបនរណា” ថេយ៉ុងបោះសម្ដីគ្រោតគ្រាត ទាំងធុញថប់ តប់ប្រមល់ ល្វីងមុខជាខ្លាំង ។
“ខ្ញុំគ្រាន់តែចង់មកបបួលលោកទៅញ៉ាំបាយទេតើ”
“នាងមើលមកខ្ញុំទំនេរឥតប្រយោជន៍ដូចជានាងណាស់មែន?” ការងារគេឡើងគរដូចភ្នំ គិតថាគេមានពេលទំនេរទៅញ៉ាំបាយជាមួយនាងណាស់មែន?
“...”ស្ដាប់ពាក្យគេហើយ យល់ថាស្ពឹកមុខណាស់ ខឹងណាស់ តែមិនអីទេ ទុកឱ្យគេនៅសម្ដីបានសិនចុះ រង់ចាំមើលបន្ដិចទៀត នាងនឹងលេងវិញឱ្យចាស់ដៃ ។
ទឺត!ទឺត...
សម្លេងទូរស័ព្ទលើតុរបស់ថេយ៉ុងស្រាប់តែរោទ៍ឡើងកាត់ភាពអ៊ួរអាប់ក្នុងបន្ទប់ ទើបនាយសង្ហាលូកចុចទទួលមិនបង្អង់យូរ ៖
«មានការអីហ្ហេស អ៊ែលលី?»
(អ្នកនាងអេរ៉ានអញ្ជើញមកលោកប្រធាន)ឮសម្ដីរបស់អ៊ែលលីនិយាយតាមទូរស័ព្ទភ្លាម ធ្វើឱ្យថេយ៉ុងជ្រួញចិញ្ចើមដោយការធុញថប់ ។ គេល្វីងមុខជាមួយនឹងអ៊ែលលីនម្នាក់ហើយ ឥឡូវបែរជាមានអេរ៉ានលេចមុខមកដល់ក្រុមហ៊ុនម្នាក់ទៀត ។ ហើយចុះនាងមករកស្អី? សង្ស័យតែអ្នកម៉ាក់របស់គេប្រាប់ឱ្យមកហើយមើលទៅនោះ ។
នាយសង្ហាអង្គុយសញ្ជឹងគិតបានបន្ដិច ពេលនឹកឃើញអ្វីសប្បាយៗធ្វើ គេងើយទៅមើលមុខអ៊ែលលីនដែលកំពុងឈរក្បែរនោះ មុននឹងញោចចុងមាត់ញញឹមបន្ដិច ទាំងមានអ្វីលាក់បង្កប់ក្នុងស្នាមញញឹមនោះ ។
«ល្អ! ឱ្យគេចូលមក»និយាយរួចថេយ៉ុងក៏ដាក់ទូរស័ព្ទលើតុចុះ មុននឹងងាកទៅនិយាយជាមួយអ៊ែលលីន ៖
“ខ្ញុំនឹងទៅញ៉ាំបាយជាមួយនាង បើសិននាងព្រមធ្វើរឿងមួយឱ្យខ្ញុំ”
“សម្រាប់លោក ខ្ញុំយល់ព្រមគ្រប់រឿងស្រាប់ហើយ”គ្រាន់តែឮដូច្នោះ អ៊ែលលីននិយាយទាំងញញឹមក្បួចមាត់ ។
“មកត្រង់នេះ”នាយសង្ហាប្រាប់ឱ្យអ៊ែលលីនដើរមកក្បែរកៅអីអង្គុយរបស់ខ្លួន នាងក៏ព្រមដើរមកតាមការបញ្ជារបស់គេ ទាំងមិនប្រកែកសូម្បីតែមួយម៉ាត់ ទោះមុននេះ ទើបតែត្រូវគេដៀលត្មិះហើយក្ដី ក៏នាងមិនខ្វល់ សំខាន់មុននេះ នាងបានឮថាប្រពន្ធរបស់គេកំពុងតែមក បើនាងស្មានមិនខុស គេប្រហែលចង់យកនាង មកបញ្ឈឺចិត្តប្រពន្ធប្រាកដណាស់ ។ បើអ៊ីចឹងមែនក៏ល្អ នាងចូលចិត្តស្រាប់ទៅហើយ ។
VOCÊ ESTÁ LENDO
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
