ម៉ោង១០ព្រឹក...
បន្ទាប់ពីចំណាយពេលសម្រាកប្រហែក៣-៤ម៉ោង អេរ៉ានហាក់បានប្រសើរឡើង ស្រឡះមុខស្រឡះមាត់ជាងមុន ។ គ្រាន់តែបានស្រួលខ្លួនបន្ដិច ក៏ម្នីម្នាចូលផ្ទះបាយ សុំឱ្យម៉ែដោះបង្រៀននាងធ្វើម្ហូប ដោយលើកហេតុផលថាចង់ធ្វើយកវាទៅឱ្យថេយ៉ុងនៅក្រុមហ៊ុននៅពេលថ្ងៃត្រង់នេះ ព្រោះកាលពីព្រឹក ថេយ៉ុងមិនបានញ៉ាំអ្វីចូលពោះទាល់តែសោះ ។ ម៉ែដោះមិនបានយល់ស្របព្រោះខ្លាចថានឹងមានបញ្ហាតាមផ្លូវ ប៉ុន្តែទោះគាត់ព្យាយាមឃាត់យ៉ាងណា ក៏មិនអាចឃាត់ចិត្តមានៈរបស់នាងបានដែរ ។ នាងគិត នាងបារម្ភ នាងខ្វាយខ្វល់ពីស្វាមី ខ្លាចតែស្វាមីអត់អាហារចូលក្រពះ ប៉ះពាល់ដល់សុខភាព រហូតភ្លេចគិតថា ជានាងទៅវិញទេដែលមានសុខភាពមិនសូវមាំទាំជាងស្វាមីទៅទៀត ។
ចំណាយពេលប្រហែលកន្លះម៉ោង ម្ហូបដែលនាងរៀនធ្វើយ៉ាងយកចិត្តទុកដាក់ក៏បានរួចជាស្ថាពរ ។ អេរ៉ានញោចស្នាមញញឹមលើបបូតមាត់ ខណៈកំពុងសម្លឹងមើលទៅខ្ទះម្ហូបដែលនៅលើចង្កា្រន ។ វាគ្រាន់តែជាមុខម្ហូបធម្មតា ឆាបន្លែគ្រប់មុខជាមួយនឹងសាច់ជ្រូក ប៉ុន្តែក្លិនឈ្ងុយមិនធម្មតា រីឯរសជាតិក៏អាចទទួលយកបាន ។
“បងថេយ៍ប្រាកដជាចូលចិត្តមិនខានទេម៉ែដោះ”នាងញញឹមឡើងទាំងរំភើបទៅកាន់ម៉ែដោះដែលឈរក្បែរ នឹកស្រម៉ៃឃើញដល់ពេលវេលាដែលថេយ៉ុងនឹងចូលចិត្តម្ហូបមួយមុខនេះ ព្រោះវាជាម្ហូបដែលគេចូលចិត្តញ៉ាំ ទោះគេមិនដឹងថានាងជាអ្នកធ្វើក៏ដោយចុះ ឱ្យតែគេបានញ៉ាំវា នាងសប្បាយចិត្តក្រៃលែងណាស់ហើយ ។
“អ្នកនាងខំធ្វើយ៉ាងម៉ត់ចត់ថ្នាក់ហ្នឹងហើយ បើអ្នកប្រុសតូចមិនចូលចិត្តទើបចម្លែក”ម៉ែដោះជួយនិយាយលើកទឹកចិត្ត ផ្ដល់ភាពជឿជាក់ដល់នាងបន្ថែម ទាំងដែលខ្លួនគាត់ផ្ទាល់ មិនហ៊ានជឿទាំងស្រុងទេ ថាអ្នកប្រុសតូចរបស់គាត់នឹងចូលចិត្តវា បើដឹងថាម្ហូបមួយមុខនេះ មិនមែនគាត់ជាអ្នកធ្វើ តែជាស្នាដៃរបស់អ្នកនាង ។
“និយាយអ៊ីចឹងអ្នកនាងនឹងទៅក្រុមហ៊ុនដោយរបៀបណា? បើនៅផ្ទះគ្មានឡានផង?”
“ខ្ញុំនឹងជិះតាក់ស៊ីទៅ”
“បែបនោះមិនបានទេអ្នកនាង”ម៉ែដោះភ្ញាក់ក្រញាង បើកភ្នែកធំៗតែម្ដង ពេលដឹងថាអ្នកនាងនឹងជ្រើសយកការជិះតាក់ស៊ីជាមធ្យោបាយធ្វើដំណើរទៅកាន់ក្រុមហ៊ុន ។ បើសិនលោកស្រីដឹង ច្បាស់ជាត្រូវមាត់ស្លាប់ហើយ ។
VOCÊ ESTÁ LENDO
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
