ភាគទី៥១

168 5 0
                                    

ហ្អឹក!
សំឡេងខ្សឹកខ្សួលដែលឮចេញពីអេរ៉ាន នាំឱ្យស្រ្ដីចំណាស់ដែលលួចមើលពីចម្ងាយប្រញាប់ដើរមកក្បែរ រួចអោបអង្អែលខ្នងអ្នកនាងរបស់គាត់ស្រាលៗ ។

“ខ្ញុំហត់ណាស់ម៉ែដោះ”ស្រីតូចអោបម៉ែដោះយ៉ាងណែន យំសសឹកដូចជាក្មេងត្រូវការភាពកក់ក្ដៅ ។ ម៉ែដោះឯណោះ ទាំងគោះខ្នង ទាំងអង្អែលដោយការយល់ចិត្ត ។

“កុំយំអីណាអ្នកនាងរបស់ខ្ញុំ”
“ខ្ញុំមិនចង់យំ មិនចង់គិតច្រើន ខ្ញុំខ្លាចប៉ះពាល់ដល់កូន ប៉ុន្តែ...វាណែនណាន់ពេញដើមទ្រូង ស្ទើរស្ទុះស្លាប់ម្ដងៗទៅហើយ”
“ពុទ្ធោអ្នកនាង...”គាត់ខ្លោចចិត្តអាណិតនាងលើសពីអាចនិយាយបាន ។ មិនដឹងថាជាតិមុននាងសាងកម្មអ្វី ទើបបានជាជាតិនេះ ជីវិតជួបតែរឿងមិនសមបំណង ។
......

@ភូមិគ្រឹះគីម

នៅបន្ទប់ទទួលភ្ញៀវ មានស្រ្ដីចំណាស់ពីរនាក់កំពុងតែអង្គុយទល់មុខគ្នា ដែលម្នាក់ជាលោកស្រីយ៉ុងហ៊ី និងម្នាក់ទៀតគឺម៉ែដោះ ។ បើសង្កេតមើលឱ្យមែនទែន នឹងបានឃើញថាទឹកមុខរបស់លោកស្រីយ៉ុងហ៊ីមិនសូវល្អឡើយ ក្រោយពីបានស្ដាប់នូវរឿងរ៉ាវដែលម៉ែដោះប្រាប់មុននេះ ។

“នេះខ្ញុំគិតខុសហើយមែនដែលឱ្យពួកគេទៅរស់នៅឆ្ងាយពីភ្នែកពីច្រមុះអ៊ីចឹង? ខ្ញុំគួរណាស់តែឱ្យពួកគេនៅទីនេះ ព្រោះយ៉ាងហោច ខ្ញុំក៏អាចមើលៗពួកគេបាន” ការសម្រេចចិត្តលើកនេះគឺខកខ្លួនពិតមែន ។ គាត់ដឹងហើយ ឮហើយ ថាកូនប្រុសមិនដែលពេញចិត្តរៀបការតាំងពីដំបូង ប៉ុន្តែគាត់នៅតែបណ្ដោយឱ្យពួកគេទៅនៅបែកផ្ទះពីគាត់ទៀត នាំឱ្យកូនប្រសារងទុក្ខ គ្រាំចិត្តស្ទើរតែរាល់ថ្ងៃ ។

“បើអ៊ីចឹងលោកស្រីនឹងគិតយ៉ាងម៉េចបន្ត?”ដំបូងឡើយ គាត់មិនទាន់ចង់យករឿងទាំងនេះប្រាប់ដល់លោកស្រីយ៉ុងហ៊ីទេ តែគិតសព្វៗទៅ បើគាត់មិននិយាយ នឹងគ្មានដំណោះស្រាយជួយអ្នកនាងក្រៅពីវិធីនេះទេ ។

“ខ្ញុំនឹងឱ្យពួកគេមករស់នៅទីនេះវិញ”
“លោកស្រីគិតថាអ្នកប្រុសតូចនឹងយល់ព្រមដែរទេ?”
“ខ្ញុំមានវីធីសាស្រ្ដរបស់ខ្ញុំហើយ ម៉ែដោះត្រឡប់ទៅផ្ទះនោះវិញចុះ”
“អ៊ីចឹងខ្ញុំត្រឡប់ទៅវិញសិនហើយលោកស្រី” ម៉ែដោះអោនលាលោកស្រីរួច ទើបចាកចេញទៅ ។ នៅសល់តែលោកស្រី ដែលអង្គុយក្ដាប់ដៃ សង្កៀតធ្មេញនឹងកូនប្រុស ។

ចាញ់ស្នេហ៍ភរិយាសម្អប់Where stories live. Discover now